ភ្នំពេញ៖ បន្ទប់ស្នាក់នៅ របស់បុគ្គលិក ក្រសួងមហាផ្ទៃ ត្រូវបានអគ្គិភ័យ ឆាបឆេះ កាលពីវេលាម៉ោងប្រហែល ១១៖២០នាទី យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ដែលបណ្តាលមកពី បុគ្គលិក ទាំងនោះដាំបាយ និងទុកឆ្នាំងអ៊ុតចោល ។
លោក នេត វត្ថា បានថ្លែងឲ្យដឹងថា អគ្គិភ័យបានបំផ្លាញ បន្ទប់តូចៗចំនួន ២ ដែលជាបន្ទប់ស្នាក់នៅ របស់បុគ្គលិកនៅ ក្នុងក្រសួងមហាផ្ទៃ ប៉ុន្តែត្រូវបាន សមត្ថកិច្ចរបស់លោក ក្រោមការបញ្ជា ពីលោកស្នងការ ជួយអន្តរាគមន៍ ទាន់ពេលវេលា។
លោក នេត វត្ថា បានបន្តថា លោកបានប្រើរថយន្ត ពន្លត់អគ្គិភ័យចំនួន៣គ្រឿង ទៅជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ ហើយភ្លើងបាន រលត់ទៅវិញមួយ សន្ទុះក្រោយមក។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិន ទាន់បាន បញ្ជាក់ ពីការខូចខាតនោះឡើយ ពីព្រោះនេះជាគ្រោះ អគ្គិភ័យមាន កម្រិតតូចនៅឡើយ។ នេះគឺជាអគ្គិភ័យ ចុងក្រោយនៃឆ្នាំ២០១២ នេះ ហើយសម្រាប់ គ្រោះអគ្គិភ័យ នៅឆ្នាំ២០១២ ដែលមានជិត ៨០ករណីបាន សម្លាប់មនុស្សម្នាក់ និងរងរបួសជាង២០នាក់៕