ភ្នំពេញ៖ ក្រោយពីបញ្ចេញ ប្រតិបត្តិការ ដោយគ្មានការ យោគយល់ ចំពោះម្ចាស់អាជីវកម្ម និងម្ចាស់ រថយន្ត ដឹកទឹកកក អនាម័យ ដែលពុំបានបំពាក់ លក្ខណៈបច្ចេទេស ត្រឹមត្រូវ ស្របទៅតាម ច្បាប់ចរាចរណ៍ ជើងគោក ហើយបានធ្វើការឃាត់ រថយន្ត យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ អស់រយៈពេល ជាច្រើនថ្ងៃនោះ គេបានសង្កេតឃើញ ម្ចាស់រថយន្តដឹកទឹកកក ទាំងនោះ បានចូលខ្លួនទៅ បង់ការផាកពិន័យ និងបំពាក់ លក្ខណៈបច្ចេកទេស ត្រឹមត្រូវ ឡើងវិញ មុននឹងអនុញ្ញាតិ ឲ្យយករថយន្តរបស់ខ្លួន ត្រឡប់ទៅ រកស៊ីឡើងវិញ។
សូមបញ្ជាក់ថា ដើម្បីចូលរួមកាត់ បន្ថយឃាត ក លាក់មុខ ដែលត្រូវបានគេដឹងថា គ្រោះ ថ្នាក់ចរាចរនោះ ដែលកំពុងតែមានការកើន ឡើងនៅក្នុង ប្រទេសកម្ពុជា និងបានសម្លាប់ ប្រជាពលរដ្ឋខ្មែរ អស់ជាច្រើននាក់ អមដោយអ្នករងរបួស និងខ្លះធ្លាក់ខ្លួនពិការអស់ មួយជីវិតនោះ និយាយ ដោយឡែក នៅក្នុងរាជធានី ភ្នំពេញ ដែលសំបូរទៅ ដោយគ្រោះថ្នាក់ ចរាចរកើតឡើង កម្លាំងនគរបាល ចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ បានចាប់ផ្ដើម បញ្ចេញប្រតិបត្ដិការ ដ៏ក្ដៅគគុក ចំពោះ រថយន្ដដឹកទឹកកក ដែលភាគច្រើន បំផុតមិន បានគោរពច្បាប់ ចរាចរត្រឹមត្រូវ តាមរយៈចាប់ ឃាត់រថយន្ត ទឹកកកទាំងនោះ យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីឲ្យ ម្ចាស់រថយន្ត ចូលខ្លួនទៅបង់ការ ផាកពិន័យ និងបំពាក់ឲ្យ គ្រប់លក្ខណៈត្រឹមត្រូវ តាមច្បាប់ ចរាចរណ៍។
នាយរងការិយាល័យ ជើងគោក រាជធានីភ្នំពេញ លោក ប៉ែន ឃុន បានថ្លែងឲ្យដឹងថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ម្ចាស់រថយន្ត ដឹកទឹកកក បានចូលខ្លួនមក បង់ពិន័យ និងបំពាក់ ឧបករណ៍ ឲ្យគ្រប់ទៅតាម លក្ខណៈបច្ចេកទេស ត្រឹមត្រូវទៅលើរថយន្ត របស់ពួកគេ ទាំង៥គ្រឿង តាមច្បាប់ ចរាចរណ៍ជើងគោក ។
លោក ប៉ែន ឃុន បានបញ្ជាក់ថា ម្ចាស់អាជីវកម្មទឹកកកនិងម្ចាស់ រថយន្ត ដឹកទឹកកក ទាំង៥គ្រឿងបានជួល ជាងមក បំពាក់លក្ខណៈ បច្ចេកទេស ត្រឹមត្រូវឡើងវិញ នៅការិយាល័យ ចរាចរណ៍ជើងគោក កន្លែងដែលសមត្ថកិច្ច របស់លោកនៅ តាមគោលដៅនីមួយៗ បានចាប់ ឃាត់រថយន្ត ទាំងនេះយក មករក្សាទុក កាលពីប៉ុន្មានថ្ងៃមុន នៅក្រោយពេល ដែលរថយន្ត ទាំងនេះ គ្មានលក្ខណៈបច្ចេកទេស ត្រឹមត្រូវ ដែលជាហេតុ បង្កគ្រោះថ្នាក់ចរាចរណ៍។
នាយរងការិយាល័យ ចរាចរណ៍រូបនេះ បានគូសបញ្ជាក់ទៀតថា ក្រោយពីបញ្ជូនជាង មកធ្វើការ ជួសជុល និងបំពាក់ឧបករណ៍ តាមលក្ខណៈបច្ចេកទេស នៅតាមរថយន្តរបស់ខ្លួន និងចូលទៅបង់ ពិន័យតាមច្បាប់នោះ ពួកគេ ត្រូវបានអនុញ្ញាតិ ឲ្យរថយន្តត្រឡប់ទៅរកស៊ី ជាធម្មតាឡើងវិញ។
យ៉ាងណាក៏ដោយ មន្រ្តីនគរបាល ចរាចរណ៍រូបនេះ បានបញ្ជាក់យ៉ាង ម៉ឺងម៉ាត់ថា ប្រតិបត្តិការនេះ មិនត្រូវបានផ្អាក នោះឡើយ ពោលត្រូវតែធ្វើរហូត ក្នុងរាជធានី ភ្នំពេញ ទាល់តែរថយន្តដឹកទឹកកក ទាំងអស់ មានលក្ខណៈគ្រប់គ្រាន់ និងត្រឹមត្រូវ តាមច្បាប់ចរាចរណ៍ ជើងគោក ហើយសមត្ថកិច្ច របស់លោក នៅតាមគោលដៅ និងធ្វើការចាប់ឃាត់ រថយន្តទាំងនេះភ្លាមៗ នៅពេល ពិនិត្យឃើញថា មិនមានលក្ខណៈ ត្រឹមត្រូវ ដូចជា គ្មានភ្លើងសញ្ញាឲ្យផ្លូវ និងគ្មានស្តុបជាដើម។
លោក ប៉ែន ឃុន បានថ្លែងឲ្យដឹងថា សមត្ថកិច្ចរបស់លោកមិនចង់រំខានការរកស៊ី របស់បងប្អូននោះទេ ប៉ុន្តែបើមិនធ្វើបែបនេះ ហើយទុកចោលបណ្តែត បណ្តោយបែបនេះ ច្បាស់ជាថ្ងៃណាមួយ នឹងបង្កគ្រោះថ្នាក់ ចរាចរណ៍ ជាក់ជាមិនខាន ដូច្នេះហើយ សមត្ថកិច្ចត្រូវតែធ្វើ ដើម្បីឲ្យមានការ គោរពច្បាប់ចរាចរណ៍ ត្រឹមត្រូវ និងកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១២ កម្លាំងនគរបាលចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ បានឃាត់រថយន្ដដឹក ទឹកកកអនាម័យចំនួន២គ្រឿង ស្ថិតនៅក្បែររង្វង់មូលស្ពាន ជ្រោយចង្វារ និង៣គ្រឿងទៀត បន្ទាប់ពីរថយន្ដ ទាំងនេះ មិនបានបំពាក់ លក្ខណៈត្រឹមត្រូវ ដើម្បីគោរពច្បាប់ ចរាចរណ៍ជើងគោក ដូចជា គ្មានស្ដុប គ្មានភ្លើងសញ្ញា និងបែកកញ្ចក់ជាដើម ។
ទាក់ទិន ប្រតិបត្ដិការខាងលើនេះ នាយការិយាល័យ នគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ហេង ចាន់ធារី បានថ្លែងឱ្យដឹងថា បន្ទាប់ពីពិនិត្យ ឃើញថា រថយន្ដដឹកទឹកកក ដែលកំពុងធ្វើ ចរាចរចែកចាយ ទឹកកកនៅក្នុង រាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ មិនមានបំពាក់ឧបករណ៍ ចរាចរណ៍ត្រឹមត្រូវ ដែលនាំឱ្យមាន គ្រោះថ្នាក់ចរាចរកើតឡើង លោកបានបញ្ជាឱ្យកម្លាំង នគរបាលចរាចរណ៍ របស់លោក នៅតាមគោលដៅនីមួយៗ ត្រូវ បើកយុទ្ធនាការឃាត់ រថយន្តដឹកទឹកកកទាំងនេះ ដើម្បីធ្វើការ ពិន័យ និងឱ្យម្ចាស់សិប្បកម្មទឹក កកទាំងអស់ ត្រូវបំពាក់លក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវឡើងវិញ ទៅតាមច្បាប់ ចរាចរណ៍ជើងគោក ។
លោក ហេង ចាន់ធារី ដោយមានការណែនាំពីលោកស្នងការ ឧត្តមសេនីយ៍ ជួន សុវណ្ណ បានអំពាវនាវដល់ ម្ចាស់សិប្បកម្ម ទឹកកកទាំងអស់ នៅក្នុងរាជ ធានីភ្នំពេញ ត្រូវចូលរួម ជាមួយសមត្ថកិច្ច របស់លោក ដើម្បីរិតបន្ដឹង ចំពោះបញ្ហានេះ ក្នុងគោលបំណង ចូលរួមកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរ នៅក្នុងរាជធានីភ្នំពេញ ។
ជាមួយគ្នានេះ ក្រៅពីគ្មានលក្ខណៈបច្ចេក ទេសត្រឹមត្រូវ រថយន្ដដឹក ទឹកកកទាំងនោះ គ្មានអនាម័យ ដូចជា មានច្រេះពេញ រថយន្ដ ហើយធ្វើការចែកចាយ ទឹកកកដល់ប្រជាពលរដ្ឋ ដែលអាចប៉ះពាល់សុខភាពផងដែរ ។
ប្រតិបត្តិការរបស់កម្លាំង នគរបាលចរាចរណ៍ជើងគោក នៅពេលនេះ ដើម្បីចូលរួម កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ដែលបាន និងកំពុងកើតមានឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា និយាយរួម និងនិយាយដោយឡែក នៅក្នុងរាជធានីភ្នំពេញ ដែលមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជា រៀងរាល់ថ្ងៃ រាល់យប់ និងបណ្តាល ឲ្យមានអ្នក ស្លាប់ និងរងរបួស ជាច្រើននាក់៕
(ម្ចាស់រថយន្តដឹកទឹកកក បានជួលជាងមកបំពាក់ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ)
(រថយន្តដឹកទឹកកក ពេលសមត្ថកិច្ចចាប់បានភ្លាមៗដែលមិនទាន់មានលក្ខណៈត្រឹមត្រូវ)