បាត់ដំបងៈ ក្រុមយុវជនពីរក្រុម ដែលគេសង្ស័យថា ផឹកស៊ីស្រវឹងជោកជាំរៀងខ្លួន បានបើករថយន្តលឿនដូចព្យុះ បុកគ្នាពេញទំហឹងអបអរថ្ងៃចូលឆ្នាំសាកល បណ្តាលឲ្យរងរបួសទាំងសងខាង កាលពីវេលាម៉ោង១ និង៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ នៅចំណុចផ្លូវបំបែកលេខ៣ ក្នុងភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលចរាចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ ក្រុមយុវជនពីរក្រុម ដែលសុទ្ធសឹងជាកូន អ្នកសម្បូរលុយ និងល្បីឈ្មោះប្រចាំ ដោយមួយក្រុមជិះរថយន្តកាមរីឆ្លាម ស៊េរីឆ្នាំ៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2F-4086 បើកបរដោយឈ្មោះ ភា សុភី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ-សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង រួមជាមួយមិត្តភ័ក្តិ ៤នាក់ផ្សេងទៀត។ ភាគីម្ខាងទៀត ជិះរថ យន្តម៉ាកកាមរីគូទហើយ បើកបរដោយឈ្មោះ អៀវ សុមាឡា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិកាប់គោ សង្កាត់ អូរចា ក្រុងបាត់ដំបង រួមជាមួយនិងមិត្តភ័ក្តិ៣នាក់ផ្សេងទៀត។
មន្រ្តីនគរបាលបន្តថា គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យរងរបួសទាំងសងខាង ដោយខ្លះបែកក្បាល បាក់ភ្លៅ និង ក្អួតឈាម ក៏មាន តែក៏ត្រូវបានគេបញ្ជូន ទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងផងដែរ។ ដោយ ឡែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំទាំងពីរគ្រឿង។
ក្រោយធ្វើកោសល្យវិច័យរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍អូសយកទៅរក្សាទុកនៅ ការិយាល័យជំនាញបណ្តោះ អាសន្នរង់ចាំភាគីទាំងពីរចូលខ្លួនមកដោះស្រាយតាមច្បាប់៕