បាត់ដំបងៈ ក្រុមកីឡាករបាល់ទាត់សហភាព សហព័ន្ធ យុវជនកម្ពុជា បានបំបាក់ក្រុម ប្រៃសណីយ៍យ៉ាងចាស់ដៃ ដោយលទ្ធផល ៦ ទល់និង០ នៅថ្ងៃបើកឆាកការ ប្រកួតបាល់ទាត់ពានរង្វាន់ អភិបាលខេត្តខួបឆ្នាំទី៩ នារសៀល ថ្ងៃអង្គារ ទី១ ខែមករា ឆ្នាំ២០១៣ នៅលើទីលានបាល់ទាត់ផ្សារទំនើបបៃតងកម្ពុជា ខេត្តបាត់ដំបង។
លោក ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បាន មានប្រសាសន៍ក្នុងឱកាសបើកការប្រកួតកីឡាពាន រង្វាន់ថ្នាក់អភិបាលខេត្តខួបឆ្នាំទី៩ ថា ការប្រកួតនេះធ្វើឡើង ដើម្បីអបអរសាទរខួបលើកទី៣៤ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ២០១៣ ដោយមានរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ទី៦ ខែមករា ឆ្នាំ២០១៣។ ការប្រកួតដណ្តើមពានរង្វាន់ថ្នាក់អភិបាលខេត្តនេះ មានវិញ្ញាសារចំនួន៦ រួមមាន ៖ កីឡាបាល់ទាត់ បាលើទះ កីឡាប៊ូល វាយកូនឃ្លីលើតុ វាយសី និងប្រកួតកីឡាប្រដាល់ក្បាច់គុណខ្មែរផងដែរ។
លោក ជាម ច័ន្ធសោភ័ណ ដែលជាកីឡាករក្នុងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក) ផងដែរនោះ បានបន្តថា វិញ្ញាសារ ដែលបើកប្រកួតមុនគេ គឺការប្រកួតបាល់ទាត់ រវាងកីឡាករក្រុមសហភាពសហ ព័ន្ធយុវជនកម្ពុជាខេត្ត ជាមួយក្រុមបាល់ទាត់ប្រៃសណីយ៍ខេត្ត។ ជាលទ្ធផលក្រុម ស.ស.យ.ក របស់លោក បាន យកឈ្នះ ៦ ទល់និង០។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ការប្រកួតកីឡា ដែលរៀបចំឡើងដោយមន្រ្តីអាជ្ញាធរខេត្តនេះ ថ្វីត្បិតថ្ងៃនេះក្រុមលោកបានឈ្នះលើក្រុម ប្រៃសណីយ៍៦ ទល់និង០ ជាលក្ខណៈមិត្តភាពក៏ពិតមែន តែលោកនឹង ខិតខំប្រឹងប្រែងប្រកួតដណ្តើមយកឲ្យបានជ័យលាភីដល់ថ្ងៃបញ្ចប់សម្រាប់ក្រុមរបស់លោក និងជាការលើកទឹកចិត្ត ដល់ក្រុមយុវជនយើងផងដែរ។ មិនតែប៉ុណ្ណោះ គឺដើម្បីជំរុញវិស័យកីឡាដល់យុវជនគ្រប់ៗគ្នាបន្តលេងជាប្រចាំ ដើម្បីសុខភាពផង និងទាក់ទាញក្រុមយុវជនផ្សេងទៀតឲ្យចូលចិត្តវិស័យកីឡា និងបញ្ចៀសឲ្យផុតឆ្ងាយពីគ្រឿង ញៀន និងអំពើអបាយមុខផ្សេងទៀតផងដែរ៕
ក្រុមកីឡាករសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក)