មណ្ឌលគិរី ៖នៅក្នុងស្រុកកែវសីមា ហាងឆេងដំឡូងមី មានតម្លៃខ្ពស់ជាងឆ្នាំទៅមិញ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលមួយឆ្នាំ ប៉ុន្តែផ្ទៃដីសម្រាប់ដាំដំឡូងវិញ បែរជាថយចុះ ដោយសារតែកសិករបង្វែរទៅដំណាំផ្សេងៗ។
លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកែវសីមា បានឲ្យដឹងថា បញ្ហាខាងតម្លៃដំឡូងមី នៅទីផ្សារមានការប្រែប្រូល ចុះឡើងៗ ជាហេតុធ្វើឲ្យពួកគាត់ពិបាក ក្នុងការ សម្រេចចិត្តដាំ ដំណាំអ្វីឲ្យប្រាកដ ឆ្នាំមុនដាំដំឡូងមី បានផលច្រើនតែមានតម្លៃថោក ចំណែកឆ្នាំនេះ ដាំមិនបានច្រើន បែរជាមានតម្លៃខ្ពស់ទៅវិញ។
លោក ស៊ិន វណ្ណវុឌ្ឍ បានបញ្ជាក់ទៀតថា ការថយចុះនៃការដាំដំឡូងមីនេះ ដោយសារតែប្រជាកសិករខ្លះ គាត់មានលទ្ធភាពអាចដាំដំណាំផ្សេងៗ តាមលក្ខណៈ គ្រួសារ ដូចជាដំណាំកៅស៊ូ ដំណាំម្រេចជាដើម ព្រោះដំណាំ ទាំងវាមានហាងឆេងល្អប្រសើរ។ លោក ស៊ិន វណ្ណវុឌ្ឍ បានបន្តទៀតថា នៅស្រុកកែវសីមាឆ្នាំនេះ មានឃ្លាំងស្តុក ប្រមូលទទួលទិញ ដំឡូងមីមួយកន្លែង ដែលមានទីតាំង ស្ថិតនៅភូមិឆ្នែង ក្នុងឃុំស្រែខ្ទុម អាចបង្កលណ្ខៈងាយស្រួល ដល់ប្រជាកសិករ ក្នុងការលក់ដូរ។
ចំណែកថៅកែ ដែលទទួលទិញដំឡូងមី នៅក្នុងស្រុកកែវសីមា គាត់បានប្រាប់ថា ចំពោះតារាងតម្លៃ ដែលគាត់បានបិទនេះ គឺមិនកំណត់នោះទេ វាអាស្រ័យទៅលើ ឈ្មួញ ដែលទទួលទិញបន្តពីរូបគាត់។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្ត បានឲ្យដឹងថា ឆ្នាំនេះបរិមាណ នឹងចំនួនផ្ទៃដី សម្រាប់ដាំដំឡូងមី របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តមណ្ឌលគិរី ពិតជាមាន ការថយចុះជាងឆ្នាំ មុនបន្តិចបន្តួចពិតមែន តែមិនបង្កឲ្យប៉ះពាល់ ដល់ជីភាពពួកគាត់នោះទេ ផ្ទុយទៅវិញ ប្រជាកសិករមួយចំនួនគាត់ មានលទ្ធភាពបាននាំគ្នាបង្វែរ មកដាំ ដំណាំកៅស៊ូ នឹង ដំណាំម្រេច ជាដើម ក្នុងលក្ខណៈគ្រួសារ ព្រោះវាអាចផ្ដល់ផលល្អ មានតម្លៃខ្ពស់ ផ្គត់ផ្គង់ជីវភាពគ្រួសារបានប្រសើរ៕