ភ្នំពេញ៖អ្នករត់ម៉ូតូឌុប នៅកម្ពុជាជាង១០០នាក់ បានលើកគ្នាមក តវ៉ានៅមុខ CCHR ដើម្បីទាមទារឲ្យ លោក អ៊ូ វីរៈ កែតម្រូវសំដីរបស់ខ្លួន ដែលបាននិយាយ នៅលើសារព័ត៌មាន នានាចំពោះ ករណីរបស់ យ៉ោម បុប្ផា ថានេះ ជារឿងជម្លោះដីធ្លី។
លោក ឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងគ្រាដឹកនាំ សមាជិកមកតវ៉ានៅមុខ CCHR កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ថា គោលបំណងរបស់ពួកលោក ចង់ឲ្យ លោក អ៊ូ វីរៈ កែតម្រូវនូវពាក្យសំដីដែលបាននិយាយនៅលើសារព័ត៌មាននានា ជាពិសេសឆ្លើយតបមក ខាង សមាគម បន្ទាប់ពីខាងសមាគម បានដាក់លិខិត កាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ដើម្បីឲ្យលោកឆ្លើយ បំភ្លឺនៅ ក្នុងកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ថា ”វាហាក់បីដូចជាត្រូវបានរៀបចំប្រឌិតឡើង ហើយការម្រេចនេះមិនពឹងផ្អែកទៅលើការពិត និងច្បាប់នោះទេ”។
លោក ឯ សុភាស់ បន្តថា បន្ទាប់មកទៀត នៅយប់ថ្ងៃទី៣១ ដដែលនោះ លោក អ៊ូ វីរៈ បាននិយាយ នៅក្នុងវិទ្យុសំឡេងសហរដ្ឋអាមេរិច(VOA) នៅយប់ថ្ងៃទី៣១ ខែឆ្នាំដដែល ថា “រឿងនេះជារឿងប្រឌិត”។
លោកបញ្ជាក់ “បើអាចធ្វើទៅបានសូមឲ្យលោកអ៊ូ វីរៈ គួរតែនិយាយក្នុងវេទិការណាមួយឲ្យឯករាជ្យ ឲ្យពួកខ្ញុំមាន សិទ្ឋិសួរដេញដោលគាត់ ឲ្យបានច្បាស់”។
លោកមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល១១ថ្ងៃកន្លងមកដែលលោកអ៊ូ វីរៈ មិនបានឆ្លើយតបមក វិញនេះ ប្រហែលជាលោក មិនផ្តល់តំលៃមកឲ្យខាងសមាគមរត់ម៉ូតូឌុបទេ។
លោកថា បន្ទាប់ពីមានរឿងកើតឡើងខាងក្រុមអង្គការសង្គមស៊ីវិលនានាមិនដែលមកសាក សួរឬធ្វើការស៊ើប អង្កេតមកលើពួកគាត់ជាជនរងគ្រោះនោះទេ “មិនដែលមានអ្នកណាទៅជួយឧបត្ថម្ភទៅលើការព្យាបាល ឬការលំបាករបស់ពួកជនរងគ្រោះដែលត្រូវជាកូន និងជាក្មួយកំពុងជួបវិបត្តិទៅលើផ្នែកខួរក្បាលរហូតចង់ វិកលចរិកនោះ សួរថា មានអ្នកណាមកជួយគាត់អត់ មានតែពួកយើងទេ”។
លោក ឌុច ពិសិដ្ឋ មន្រ្តីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងជាអ្នកតំណាង លោក អូ វីរៈ បានបដិសេធមិនធ្វើការ អធិប្បាយអំពីរឿងនេះទេ ហើយអង្គការរបស់ លោក នឹងធ្វើការឆ្លើយតបនៅពេលក្រោយទៀត។
កាលពីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ប្រធានក្រុមប្រឹក្សា ជំនុំជម្រះ សាលាដំបូង រាជធានីភ្នំពេញ លោកសួស សំអាត បានសម្រេចផ្ដន្ទាទោស ឈ្មោះ យ៉ោម បុបា្ផ ភេទស្រី អាយុ២៩ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំនិង ទារសងជំងឺចិត្ដទៅជនរងគ្រោះ ចំនួន៦០លានរៀល ដោយឡែកឈ្មោះលួស សាខន អាយុ៥៦ ឆ្នាំ ត្រូវជាប្ដី ឱ្យជាប់ពន្ធនាគាររយៈពេល៣ ឆ្នាំ ប៉ុន្ដែទោសនោះ ត្រូវព្យួរ ខណៈ ឈ្មោះយ៉ោម កន្លង់ និងយ៉ោម សិទ្ធ ត្រូវជា ប្អូនប្រុស របស់ឈ្មោះយ៉ោម បុបា្ផ ត្រូវកាត់ ទោសកំបាំងមុខឱ្យជាប់ពន្ធនាគារ រយៈពេល ៣ឆ្នាំផងដែរ ។
ជនជាប់ចោទទាំង៣នាក់នេះ ត្រូវបាន ចៅក្រមប្រកាសសាលក្រម ដោយជាប់ពាក់ ព័ន្ធទៅនឹងការប្រើអំពើហិង្សា ដោយចេតនា កាលពីដើមខែសីហា ឆ្នាំ២០១២ នៅក្នុងប្លុក បឹងកក់ បណ្ដាលឱ្យបុរសពីរនាក់ជាអ្នករត់ម៉ូតូឌុប ជាសាច់ញាតិរងរបួសធ្ងន់ ។
សូមបញ្ជាក់ថា កាលពីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ ឈ្មោះយ៉ោម បុបា្ផ និងបក្ខពួកបានព្រួតវាយ ទៅលើឈ្មោះ វ៉ាត ថៃសេង និងង៉ែត ចិត្ដ ដោយយកតួណឺវីសចាក់និងវាយកាប់ក្បាលនិងពូថៅ ដោយចោទ ប្រកាន់ថា ជនទាំងពីរនាក់នេះ លួចកាច់កញ្ចក់រថយន្ដរបស់ខ្លួន ខណៈដែលជនរងគ្រោះបដិសេធ៕