កំពង់ចាមៈ ផ្ទះមួយមានដំបូលពីរខ្នង ទំហំ ៧ម៉ែត្រគុណនិង៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ត្រូវអគ្គិភ័យឆាបឆេះ កាលពីម៉ោង ៣រសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៣ នៅភូមិជើងគោក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមមន្ត្រីនគរបាល ស្រុកកំពង់សៀម បានឲ្យដឹងថា ម្ចាស់ផ្ទះដែលអគ្គិភ័យឆាបឆេះនោះ មានឈ្មោះ យ៉េន ស្រេង ភេទប្រុស អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ៃ យាង អាយុ៤៦ឆ្នាំ អ្នកទាំងពីរមានមុខរបរកសិករ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងដែរថា ក្នុងខណៈដែលម្ចាស់ផ្ទះ មកពីចូលរួមបុណ្យអ្នកភូមិវិញ អង្គុយក្រោមផ្ទះ ស្រាប់តែមានក្មេងៗស្រែកថា ភ្លើងឆេះផ្ទះៗ! ហើយបានបន្តិចក្រោយមក អណ្តាតភ្លើងបានឆាបឆេះ យ៉ាងសន្ធោសន្ធៅ ហើយខណៈនោះអ្នកភូមិ បានជួយជញ្ជូនឥវ៉ាន់របស់ម្ចាស់ផ្ទះ ចេញក្រៅបាន ខ្លះ និងអ្នក ខ្លះទៀត បានជួយជះទឹកពន្លត់ ប៉ុន្តែអណ្តាតភ្លើងមិនបានថមថយឡើយ ។ ប៉ុន្តែភ្លើងឆេះប្រហែល២០នាទី ទើបមានរថយន្តពន្លត់អគ្គិភ័យ របស់នគរបាលខេត្តកំពង់ចាម ចូលមកជួយបាញ់ទឹកពន្លត់។
អធិការនគរបាលស្រុកកំពង់សៀម លោក ប៉ាក ជាតិ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅកន្លែងកើតហេតុថា ក្រោយហេតុការណ៍ភ្លាមៗ លោក ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានបញ្ជារថយន្តទឹកចំនួន ៣គ្រឿង របស់ស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ចេញអន្តរាគមន៍ ហើយ ក្នុងនោះ សមត្ថកិច្ចយើងបាញ់ទឹក ពន្លត់អណ្តាតភ្លើងបានទាំងស្រុង ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ធ្វើឲ្យអគ្គិភ័យនេះ មិនរាលដាលដល់ផ្ទះអ្នកជិត ខាងនោះទេ ។ ប៉ុន្តែ ផ្ទះមួយខ្នងនោះ ត្រូវបានឆាបឆេះទាំងស្រុង។ ហើយក្នុងនោះ ខូចខាតស្រូវចាស់លាយស្រូវថ្មីចំនួន ២០ដឹក លុយអស់ចំនួន ១ពាន់ដុល្លារអាមេរិក និងមាស ១តម្លឹង ប៉ុន្តែ នៅក្រោយពេលភ្លើងបានរលត់ទាំងស្រុងនេះ សមត្ថកិច្ចយើងបានជួយរកឃើញមកវិញនូវខ្សែ ក មាស១តម្លឹងនោះ ជូនម្ចាស់ផ្ទះវិញ ៕