ភ្នំពេញ : ដើម្បីសម្រួល ការងាររដ្ឋបាល កុំព្យូទ័រមួយកំប្លេ ត្រូវបាន លោកហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យ ប្រគល់ជូនដល់សមា គមមនុស្សចាស់សង្កាត់ ក្បាលកោះ ទៅតាមសេចក្តី ត្រូវការរបស់សមាគម ។
លោកអភិបាលរងខណ្ឌ ហៀក ចាន់លាង បានផ្តាំផ្ញើ ដល់លោក ទុយ សារឿន ប្រធានសមាគម នៅពេលទទួល និងយកទៅ ប្រើប្រាស់ ទៅតាមសេចក្តីត្រូវការ និងបានផ្តាំផ្ញើសួរសុខទុក្ខដល់ អំ ពូ មីង ចាស់ៗជាសមាជិក សមាគម ត្រូវចេះជួយយក អាសារគ្នាទៅវិញទៅមក នៅពេលមានធុរ:ឈឺថ្កាត់យប់ព្រលប់ ពីព្រោះថា មានតែមនុស្សចាស់ នៅភូមិផងរបងជាមួយគ្នាទេ ទើបយល់ចិត្តគ្នា និងជួយគ្នាទាន់ពេល ចំណែករូបលោកនៅឆ្ងាយ ទម្រាំទទួលបានដំណឹង ហាក់ដូចយឺតយូរបន្តិច ដើម្បីជួយដល់អំពូមីងចាស់ៗនៅក្នុងភូមិ។
នារសៀលថ្ងៃទី១១ ខែមករា នេះ លោក ទុយ សារឿន ប្រធានសមាគមមនុស្សចាស់ សង្កាត់ក្បាលកោះ រួមជាមួយសហការី បានថ្លែង អំណរគុណដល់លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ និងជាប្រធានក្រុមការងារចុះ ជួយសង្កាត់ក្បាលកោះ ដែលបានផ្តល់កុំព្យូទ័រមួយកំប្លេ ដល់សមាគម សម្រាប់បំពេញការងារ។
សូមបញ្ជាក់ថា សមាគមមនុស្សចាស់សង្កាត់ក្បាលកោះ ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៣ ដែលមានលោក ទុយ សារឿន ជាប្រធាន និងមាន សមាជិកជាង៥០០នាក់៕