ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ក្រុមទី១០០ និងក្រុមការងារបច្ចេកទេសទី៣ រួមទាំង ក្រុមគ្រូពេទ្យប្រចាំក្រុម កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ បានពាំនាំយកនូវអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពល រដ្ឋចំនួន៤គ្រួសារ នៅខេត្តព្រះសីហនុ។
ប្រជាពលរដ្ឋដែលទទួលបានអំណោយ ក្នុងនោះមានអ្នកផ្ទុកមេរោគអេដស៍ ចំនួន២គ្រួសារ ជនពិការ១ គ្រួសារ និងជនចាស់ជរាមួយគ្រួសារ ដែលពួកគាត់ទាំងនោះ រស់នៅភូមិសូយ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គ្រួសារទី១៖កុមារា ង៉ែត ដូច អាយុ១៤ឆ្នាំ ដែលឪពុកម្ដាយក្មេងនោះ បានស្លាប់ចោលដោយសារ មេរោគ អេដស៍ ហើយបច្ចុប្បន្នរស់នៅជាមួយឪពុកម្ដាយធម៌ បានទទួលអំណោយ ដូចជាមីមួយកេស ត្រីខ១យួរ និងថវិការចំនួន៥ម៉ឺនរៀល។
គ្រួសារទី២៖ កុមារា នូវ វីរៈ អាយុ១៣ឆ្នាំ ដែលឪពុកម្ដាយបានស្លាប់ចោល ដោយសារមេរោគអេដស៍ ហើយ បច្ចុប្បន្នរស់នៅជាមួយជីដូនចាស់ជរាជាអ្នកចិញ្ចឹម បានទទួលអំណោយ ដូចជា អង្ករមួយការ៉ុង មីមួយកេស សម្ភារៈសិក្សាមួយចំនួន(ប៊ិច សៀវភៅ ខ្មៅដៃ កាបូប) ត្រីខប្រាំកំប៉ុង និងថវិការចំនួន៥ម៉ឺនរៀលផងដែរ។
គ្រួសារទី៣៖ លោក តា ជា អាយុ៩៥ឆ្នាំ ជាជនពិការភ្នែកទាំងសងខាង ដែលជួបការលំបាក ទទួលបាន អំណោយ ដូចជា អង្ករមួយការ៉ុង និងថវិការចំនួនម៉ឺនរៀល។
គ្រួសារទី៤៖ លោកតា នួន អាយុ៧៥ឆ្នាំ និងលោកយាយ មុយ អាយុ៨៣ឆ្នាំ ដែលគាត់ទាំងពីរ លោកមានវ័យ ចាស់ជរាហើយ បានទទួលអំណោយដូចជា មីមួយកេស ត្រីខ៥កំប៉ុង និងថវិការចំនួន ២ម៉ឺនផងដែរ។
ជាមួយគ្នានោះដែរ ក្រុមគ្រូពេទ្យ ដែលប្រចាំការនៅក្នុងក្រុមទី១០០ បានចែកជូនថ្នាំ សម្រាប់ព្យាបាលជំងឺ មួយចំនួនជូនដល់គ្រួសារទាំងបួនគ្រួសារនោះផងដែរ៕