សៀមរាប ៖ នៅក្នុងកិច្ចប្រជុំ ពិភាក្សាការងារ ទេសចរណ៍ជាមួយផ្នែក ឯកជន កាលពីព្រឹកថៃ្ងទី១១ ខែមករា ឆ្នាំ២០១៣ ដែលមានប្រតិបត្តិករទេសរចណ៍ និងមន្ត្រី ស្ថាប័ន អង្គភាព ពាក់ព័ន្ធវិស័យទេសចរណ៍ ប្រមាណជាង ១០០នាក់ នៅសណ្ឋាគារ អង្គរមិរ៉ាខ័ល ក្រុង/ខេត្តសៀមរាប បានពិភាក្សា ពិគ្រោះយោបល់ និងទទួលនូវអនុសាសន៍មួយចំនួន ក្នុងការលើកកម្ពស់ វិស័យទេសចរណ៍របស់កម្ពុជា ប្រកបដោយគុណភាព និងនិរន្តភាព។
កិច្ចប្រជុំនេះ ស្ថិតក្នុងអធិបតីភាព របស់លោក រដ្ឋមន្ក្រីក្រសួងទេសចរណ៍ ថោង ខុន និង លោក ស៊ូ ភិរិន្ទ ជាអភិបាល នៃគណ:អភិបាលខេត្ត ជាមួយនិង លោក ច័ន្ទ សុផល ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប។
បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ បានលើកឡើងថា មានបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដែលប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាប បានលើកឡើង ក្នុងនោះមានដូចជា ភាពអសកម្មនៃសណ្ដាប់ធ្នាប់សាធារណ: ការងារបរិស្ថាន និងអនាម័យ ការងារសាធារណ:ការ និងដឹកជញ្ជូន ការងារអគ្គីសនី ព្រមទាំងក្រមសីលធម៌ ឥរិយាបទ និងការប្រកបរបរ លក់ដូរ បម្រើ ផ្គត់ផ្គង់សេវាទេសចរណ៍ នៅមានកម្រិតខ្វះខាត ខ្លះៗផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ ក្នុងបទសម្ភាសបន្ទាប់ពីកិច្ចប្រជុំនោះ ថា កិច្ចប្រជុំក្នុងគោលបំណង ចូលរួមពង្រឹង និងការអភិវឌ្ឍគោលដៅ ទេសចរណ៍ចម្បងរបស់យើងឲ្យកាន់តែមានស្ថេរភាពប្រសើរឡើង។ សំខាន់គោលដៅ របស់យើង ខិតខំធ្វើយ៉ាងណា ឲ្យក្រុងសៀមរាប របស់យើង ជាក្រុងបៃតង សណ្ដាប់ធ្នាប់កាន់តែល្អ ហើយសេវាទាំងអស់ រៀបចំគុណភាពសេវា ឲ្យកាន់តែល្អ ទាំងនៅតំបន់អង្គរ ទាំងនៅក្រុងសៀមរាប។
ដូចជាតំបន់ចុងឃ្នាស់ ធ្វើយ៉ាងណាកុំឲ្យមាន ក្មេងសុំទាន (ហើយលោកស្នងការនគរបាលសៀមរាប បានលើកឡើង ថា នឹងចាត់ចែងរៀបចំ ឲ្យបានល្អផងដែង)។ ចំពោះនៅក្រុងសៀមរាបនេះ លោកអភិបាលខេត្តនឹងខិតខំ រៀបចំកែលម្អតាមមាត់ ស្ទឹងឲ្យបានល្អ ហើយរៀបចំកុំឲ្យមានសំរាម និងរៀបចំអនាម័យសាធារណ:ឲ្យបានល្អ ហើយរៀបចំចរាចរចេញចូលក្រុងឲ្យកាន់តែល្អ។
លោកបានមានប្រសាសន៍បន្ដថា ហើយឆ្នាំ២០១២ កន្លងទៅនេះ ខេត្តសៀមរាបទទូលបានភ្ញៀវទេសចរ អន្តរជាតិជាង ២លាននាក់ ហើយតាមគ្រោង និងការព្យាករណ៍ នៅឆ្នាំ២០១៦ សៀមរាបអាចទទួលបានភ្ញៀវអន្តរជាតិ ៤លាននាក់។ ហើយអ្វីដែលយើងធ្វើនេះ គឺសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ធ្វើម៉េចដើម្បីឲ្យវិស័យទេសចរណ៍របស់យើង អភិវឌ្ឍប្រកបដោយនិរន្តរភាព។
នៅទីនេះយើងមិនមានបញ្ហាអ្វីធំដុំនោះទេ គឺយើងបានខិតខំច្រើន គឺសព្វថ្ងៃបានស្អាតហើយ ហើយយើងរៀបចំ និងគ្រប់គ្រងទីក្រុងយើងឲ្យកាន់តែស្អាតថែមទៀត កាន់តែ បៃតង ឲ្យមានសណ្ដាប់ធ្នាប់ល្អ និងរៀបចំឲ្យមានផ្លូវជិះកង់ឲ្យល្អផងដែរ។ នៅពេលខាងមុខ នៅម្ដុំ ផាប់ស្រ្ទីត (Pub Street) ផ្សារចាស់ គឺ មិនឲ្យឡានចេញចូលទៀតទេ គឺត្រូវឲ្យភ្ញៀវចុះដើរ ដោយយើងបង្កើនការគ្រប់គ្រងរបស់យើង ឲ្យមានប្រព័ន្ធដូចនៅស្រុកគេ។ ហើយនៅក្នុងកិច្ចប្រជុំនេះ ប្រតិបត្ថិករទេសចរណ៍ បានសំណូមពរ មួយចំនួនផងដែរ ទាក់ទងនឹងអាជីវកម្មខ្លះ ដែលមិនមានអាជ្ញាប័ណត្រឹមត្រូវ គឺសុំឲ្យអស់លោកទាំងអស់សុំច្បាប់ ប្រកបអាជីវកម្ម ក្នុងការពង្រឹងការគ្រប់គ្រងរបស់យើង។
ហើយលោកក៏បានបន្ថែមថា យើងចង់ឲ្យមានភ្ញៀវ មកច្រើន តែនៅកន្លែងខ្លះ មានជាបុគ្គលទេ ដែលបង្កការលំបាក តែយើងបានខិតខំហើយ ច្បាប់របស់យើងមាន អស់ហើយ ដូច្នេះ យើងត្រូវពង្រឹងនូវវិន័យ និងអ្វីដែលយើងបានចេញការណែនាំហើយ ត្រូវបន្តអនុវត្តឲ្យបានល្អ នៅគ្រប់ច្រកទ្វារទាំងអស់។
ព្រោះនៅគ្រប់ច្រកទ្វារ គឺថាច្បាស់ហើយ រាល់តម្លៃវីសា (ទិដ្ឋាការ) ត្រូវដាក់ប្រកាស ដោយចំហរ ហើយភ្ញៀវតាមតួរ៍ (តាមក្រុមហ៊ុនទេសចរណ៍) ត្រូវធ្វើយ៉ាងម៉េចទទួល រៀបចំឲ្យល្អ។ កន្លងមកយើងមានការរីកចម្រើនច្រើនណាស់ ខាងវិស័យទេសចរណ៍ ដូចជា តាក់ស៊ី គឺថាមិនដូចមុនទៀតទេ គឺតាក់ស៊ី មានចែកវេនគ្នា សមាគម ដឹកជញ្ជូនក៏មានចែកវេនគ្នាត្រឹមត្រូវ ហើយនៅទីនេះ គេបានសុំណូមពរឲ្យមានបេន (ស្ថានីយចំណត់រថយន្ដ) ដូចជាពី ប៉ោយប៉ែត រៀបឲ្យមានបេនមួយ ពីភ្នំពេញឲ្យមានបេនមួយ ហើយនៅសៀមរាប លោកអភិបាលខេត្ត នឹងរៀបឲ្យមានបេនមួយផងដែរ។
ចំពោះបញ្ហាមួយទៀត ដែលទាក់ទងទៅនឹងថា ការបន្លំគុណភាព គឺអត់មានទេ បញ្ហាដែលសំខាន់ គឺ អ្នកចុះក្នុងវិបសាយ៍ (Website) នោះទេ ដែលចេះតែចុះខ្លួនឯង ពេលដែលរដ្ឋមិនទាន់ទទួលស្គាល់ផង ចេះតែបង្កើនគុណភាពខ្លួនឯង ថា អានេះជាលំដាប់ផ្កាយ៤ ឬ អីចេះអីចុះ តែខ្លួនឯងហ្នឹងទៅ។ លោករដ្ឋមន្ត្រី បានសុំឲ្យដាក់ថា អ្វីដែលរដ្ឋាភិបាលមិនទាន់បានទទួលស្គាល់ ត្រូវផ្សព្វផ្សាយ ថា "ក្រៅផ្លូវការ" បើមិនអញ្ចឹងទេ នាំឲ្យគេភាន់ច្រឡំអស់ហើយ អញ្ចឹងសុំ កុំឲ្យមានបញ្ហាហ្នឹងតទៅទៀត។
ដូចជាថ្នាក់ផ្កាយ៥ អីហ្នឹង គេឲ្យតែ ២ឆ្នាំម្ដងទេ បើសិនជាគាត់ធ្វើអី ខុសគុណភាព ផ្កាយនោះអាចធ្លាក់មកវិញ ដូចកន្លែងខ្លះមិនទាន់មានផ្កាយអញ្ចឹង បើសិនជានៅតែធ្វើអញ្ចឹងទៀត យើងនឹងមិនឲ្យលីសង់ (អាជ្ញាប័ណ្ឌ) ទេ។ លោកបញ្ជាក់ថា ការធ្វើលីសងរៀងរាល់២ឆ្នាំម្ដង បើសិនគាត់មិនអនុវត្តតាម យើងនឹងមិនឲ្យលីសង់បន្តទៀតទេ។
រួចយើងបន្ដអប់រំកុំឲ្យធ្វើដូច្នេះទៀត (សូមបញ្ជាក់ថា បញ្ហានេះ គឺដោយសារ មានអ្នកប្រតិបត្តិករលើវិស័យទេសចរណ៍ បានលើកឡើងក្នុងកិច្ចប្រជុំនោះ ថា មានបណ្ដាសណ្ឋាគារមួយចំនួនបាន ប្រកាស់ថាគេលំដាប់ផ្កាយ៤ ឬ ផ្កាយ៥ តែការលក់តម្លៃទៅឲ្យអតិថិជន មានតម្លៃថោក ជាង សណ្ដាគារ ផ្កាយ៣ ផ្កាយ៤ ទៅទៀត បណ្ដាយឲ្យភ្ញៀវមានការងឿងឆ្ងល់ និងសង្ស័យ ចំពោះសេវាកម្មនៅស្រុកយើង) នៅពេលនេះយើងប្រកាស់ប្រាប់សិន បើគាត់នៅតែធ្វើ យើងនឹងមិនឲ្យលីសង់បន្តទៀតទេ។ លោករដ្ឋមន្ត្រី បន្ថែមថា ភ្ញៀវទេសចរ ចាប់ពីថ្ងៃហ្នឹងទៅ អត់ធ្លាក់ទៀតទេ ព្រោះ ទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក ជាគោលដៅទេសចរណ៍ធំរបស់យើង គឺឡើងដល់ ៧៦%ទៅហើយ។
ដូច្នេះ អត់មានធ្លាក់ចុះទៀតទេ (Low Season) ដូច្នេះ មិនចាំបាច់អី ទៅបន្លំគុណភាពនោះទេ លក់តម្លៃទាក់ទាញភ្ញៀវអីនោះទេ ព្រោះសណ្ឋាគារទាំងអស់មានភ្ញៀវពេញៗ គឺ នាំគ្នាពង្រឹងគុណភាពទៅ កាលណាយើងពង្រឹងគុណភាពបានល្អ គឺថាភ្ញៀវកាន់តែមកច្រើនទៀត។ ហើយយើងនឹងក្លាយទៅគោលដៅ ទេសចរណ៍មួយដ៏ល្អ គឺ កុំនាំគ្នារកស៊ី បន្លំគេ បន្លំគេទាល់តែថា នៅកន្លែងដែលអត់មានភ្ញៀវទេសចរ ទើបមានការដណ្ដើមភ្ញៀវគ្នា តែយើងមិនត្រូវធ្វើដូច្នេះទេ ព្រោះយើងមានភ្ញៀវច្រើនហើយ។ លោកមានប្រសាសន៍ផងដែរថា សម្រាប់ឆ្នាំ២០១២ ទូទាំងប្រទេស យើងទទួលបានចំណូលជាង ២ពាន់លានដុល្លារអាមេរិក៕