ភ្នំពេញ ៖កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ លោក ចេង មុនីរ៉ា សមាជិកអចិន្ត្រៃយ៍ គណបក្សប្រជាជន ខណ្ឌដង្កោ និងលោក ថេង សុថុល អនុប្រធានគណបក្ស ប្រជាជនខណ្ឌ ដង្កោបានអញ្ជើញ ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលជាប្រធានក្រុមបក្ស និងអនុប្រធានក្រុមបក្សក្នុង សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។
លោក ម៉ៅ សុផុន ប្រធានក្រុមបក្សសង្កាត់ក្រាំងពង្រ បានឡើងអាននៅ របាយការណ៍ស្តីអំពី ចំនួនសមាជិក ដែលបានបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជានៅក្នុងសង្កាត់ក្រាំងពង្រ ពេលកន្លងមក ។ បន្ទាប់ពីស្តាប់ របាយការណ៍ របស់លោកប្រធានក្រុមបក្សសង្កាត់ក្រាំងពង្រ រួចមកនោះ លោក ចេង មុនីរ៉ា សមាជិកអចិន្ត្រៃយ៍ គណបក្ស ប្រជាជនកម្ពុជា ខណ្ឌដង្កោ បានមាន ប្រសាសន៍ យ៉ាងក្តីរីករាយចំពោះ ការចុះជួបសំណេះសំណាល ជាមួយ ប្រធានក្រុមបក្ស និងអនុប្រធានក្រុមបក្ស សង្កាត់ក្រាំងពង្រ ដោយលោក បានបង្ហាញ ពីភាពស្មោះស្ម័គ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលគណបក្ស ប្រជាជនកម្ពុជា តែងតែ ដឹងពីសុខទុក្ខ និងការលំបាក ពីការរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋគ្រប់ពេលវេលាមិនថា បងប្អូននៅដល់ ទីកន្លែងណាទេឲ្យតែមាន ការលំបាកទីនោះនឹងមាន គណបក្ស ប្រជាជនកម្ពុជា តាមជួយជានិច្ច។
លោក ចេង មុនីរ៉ា បានបន្តថា ក្នុងការជួបសំណេះសំណាលនេះ គឺដើម្បីពង្រឹង សមាសភាព ក្រុមការងារ សង្កាត់ និងភូមិ ឈានរកការសាមគ្គីភាព និង ការអភិវឌ្ឍន៍ភូមិសង្កាត់ឲ្យមានការរីកចំរើន និងពិនិត្យឡើងវិញ នៅលទ្ធផល បោះឆ្នោតកាលពីអាណត្តិកន្លងមក និងត្រៀមដាក់ផែនការណ៍ សម្រាប់ការបោះឆ្នោត ជ្រើសរើសសមាជិកសភាអាណត្តិទី៥ ខាងមុខនេះ ។
លោកក៏ជំរុញ ឱ្យ អនុសាខាបក្ស ប្រធានក្រុមបក្សសង្កាត់ក្រាំងពង្រ ទាំងអស់ចុះសួរសុខទុកបងប្អូន ប្រជាពលរដ្ឋនៅតាមផ្ទះនានាក្នុងភូមិ សាស្រ្តសង្កាត់ក្រាំងពង្រ ដើម្បីចង់ដឹងពីការរស់នៅសព្វថ្ងៃរបស់ពួកគាត់ ងាយស្រួលក្នុង ការជួយឧបត្ថម្ភនៅអំណោយ ខ្លះៗទៅឲ្យជនក្រីក្រ គ្មានទីពឹងតាមមូលដ្ឋាន ក្នុងសង្កាត់ព្រោះសព្វថ្ងៃនេះមានជនមិនល្អច្រើនណាស់ដែលកំពុងដើរបញ្ជុះបញ្ជូលដល់បងប្អូនប្រជាពលរដ្ឋឲ្យចាកចេញពីគណបក្សប្រជាជនកម្ពុជា ដូច្នេះក្នុងនាម ជាប្រធានក្រុមបក្ស និង អនុប្រធានក្រុមបក្ស ទាំងអស់មេត្តា ជួយចុះណែនាំ ប្រជាពលរដ្ឋកុំឲ្យស្តាប់តាម ការញុះញង់របស់ជនខិលខូច ៕