ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុន ខណៈដែលក្រុមហ៊ុនស៊ិនទ្រី បានទទួលសិទ្ធិ ប្រមូលសំរាម នៅក្នុងរាជធានីភ្នំពេញ ហើយពិបាកទារលុយ ថ្លៃសំរាម ដោយសារតែ ក្រុមហ៊ុន កាលណោះគ្មានរថយន្តថ្មី មានកម្មករតិច ធ្វើឲ្យ ប្រជាពលរដ្ឋ និងមន្ត្រីថ្នាក់ដឹកនាំចោទថា ក្រុមហ៊ុននេះគិតតែរឿង ប្រមូលលុយ សំរាមមិនព្រមកើប ដីពេញថ្នល់ មិនព្រមបោស មិនព្រមកើបសំអាត ។
ដើម្បីផ្គាប់ចិត្តថ្នាក់ដឹកនាំ កាលណោះក្រុមហ៊ុនមិនព្រមបន្ថែមរថយន្តថ្មី និងកម្មករឲ្យបាន ច្រើននោះទេ គឺក្រុមហ៊ុនប្រើ យុទ្ធសាស្ត្រ ឲ្យបុគ្គលិក បោសថ្នល់ និងប្រមូលសំរាម នៅចន្លោះម៉ោង៦និង៣០នាទី ទៅម៉ោង ៧និង៣០នាទីព្រឹក ជាពិសេសនៅតាមដងផ្លូវធំៗ ប្រយោជន៍ឲ្យអ្នកធំៗ ដែលធ្វើដំណើរ តាមដងផ្លូវនោះ មើលឃើញហើយ វាយតម្លៃថា ក្រុមហ៊ុនគេធ្វើការងាររបស់គេមែន មិនដូចរាស្ត្រចេះតែចោទក្រុមហ៊ុន ប្រមូលសំរាមមិនព្រមកើបមិនព្រមបោសនោះទេ ។ តែជាលទ្ធផលនៃចំណាត់ការ ខាងលើនេះ គឺការកកស្ទះ ចរាចរស្ទើតែគ្រប់ផ្លូវ ដោយសារតែទើសនិងអ្នកបោសថ្នល់ ទើសនិងរថយន្តដឹកសំរាម រហូតដល់ពេលខ្លះ បង្កទៅជាគ្រោះថ្នាក់ចរាចរទៀតផង ។
រឿងក្រុមហ៊ុនស៊ិនទ្រីប្រើកម្មករ បោសនិងកើបសំរាម ពេលម៉ោងមន្ត្រីរាជការចេញនិងចូលធ្វើការ ដើម្បីផ្គាប់ចិត្តអ្នក ធំៗបានកន្លងផុតទៅ ជាច្រើនឆ្នាំហើយ ។ ប៉ុន្តែឥឡូវគេបែរជាឃើញ រឿងថ្មីពីរទៀត បានកើតឡើងស្រដៀងនេះ ហើយក៏កើតជាយូរមកហើយដែល នៅមិនទាន់ឃើញ កែនោះទេ ។
រឿងដែលជាទំលាប់ទំនងចង់ផ្គាប់ចិត្តអ្នកធំៗ ដូចក្រុមហ៊ុនស៊ិនទ្រី ពីមុនមកនោះ គឺការជួសជុលថ្នល់ ការស្តាលូ ការបាញ់ទឹកស្រោចស្មៅ នៅតាមសួនសាធារណៈ ក្នុងរាជធានីតែម្តង ។ ថ្ងៃខ្លះម៉ោង៧ព្រឹកដែលមនុស្សកំពុង ធ្វើចរាចរស្អែកស្កៈ នៅលើស្ពានជ្រោយចង្វារ ស្រាប់តែគេ ឃើញកម្មករធ្វើផ្លូវ មានរថយន្តកូរ៉េ កញ្ចាស់មួយអូសរ៉ឺម៉ក ផ្ទុកទៅដោយកំទេចថ្ម ជ័រកៅស៊ូ បើកទៅឈប់នៅលើស្ពាន រួចហើយទាញបារ៉ាស់ មានសរសេរអក្សរ “ការដ្ឋាន” ដាក់ទទឹងង៉ាងហើយកម្មករ បីបួននាក់ ចាប់ផ្តើមទាញទុយោខ្យល់បាញ់ បោសធូលី ហុយងងិតមេឃ អ្នកខ្លះបាចជ័រ បាចកំទេចថ្ម ចង់ខ្ទាតត្រូវ ប្រឡាក់អ្នកណាក៏ប៉ះទៅព្រោះជាសិទ្ធិអំណាចអញ ជួលជុលថ្នល់ ។ ឯការកកស្ទះចរាចរវិញ ក៏ចាប់ផ្តើមពេលខ្លះ ស្ទះរហូតដល់រាប់ម៉ោង ព្រោះតែកម្មករ លប់សំបុកមាន់នៅលើស្ពាន ។
ករណីបែបនេះមិនមែននៅតែលើស្ពានជ្រោយចង្វារនោះទេ នៅតាមដងផ្លូវ ដ៏មមាញឹកផ្សេងៗទៀត ក៏ឧស្សាហ៍ កើតមានដែរ រហូតដល់ក្រុមហ៊ុន គូសគំនូសថ្នល់ផងដែរ ។
ម្សិលមិញម៉ោង៧ព្រឹកពេលនាយខ្វែក ជិះម៉ូតូចុះពីលើស្ពានជ្រោយចង្វារ អែបតាមរង្វង់មូល ត្រូវកម្មករស្រោច ស្មៅសួន លើកទុយោទឹកជ្រុល ធ្វើឲ្យនាយខ្វែក ទទឹកជោគ។ នាយខ្វែក គិតថាបើគេងើបស្រោច ពីម៉ោង៥ព្រឹក ម្ល៉េះម៉ោង៦ជាងហើយស្រាច់ មិនបាច់មកទទឹកខោនាយខ្វែកនោះទេ ។ តែនាយខ្វែកចេះតែគិតថា បើគេងើប ស្រោចពីព្រលឹម ម្ត៉េចអ្នកធំៗ នឹងមើលឃើញថា មន្ត្រីគ្រប់គ្រងសួនច្បារ និងរុក្ខជាតិឧស្សាហ៍ នឹងការងារនោះ ។ សង្ស័យលោកប្រធានគ្រប់គ្រងសួនច្បារនិងរុក្ខជាតិ ប្រើស្ទីលក្រុមហ៊ុនស៊ិនទ្រី ហើយមើលទៅ។ ព្រោះស្ទីល បែបនេះ កាលដង្ហែព្រះបរមសពអង្គ សម្តេចឪ មកដល់ដំបូងៗ ពលរដ្ឋនាំគ្នាទៅអុជធូប គោរពវិញ្ញាណក្ខ័ន្ធកាន់ទុក្ខ ព្រះអង្គនៅមុខវាំង រាល់ព្រឹកធ្លាប់កើតមានម្តងហើយ ។ កាលណោះ ពេលពលរដ្ឋប្រុសស្រី កំពុងអង្គុយបួងសួង ផ្ទាល់ដីថ្វាយ វិញ្ញាណក្ខ័ន្ធព្រះអង្គស្រាប់តែរថយន្តបាញ់ទឹក លាងផ្លូវបាញ់មកដល់ល្មម ធ្វើឲ្យមនុស្ស ប្រុសស្រី រាប់រយនាក់ នាំគ្នាងើបដើរចេញអស់ព្រោះតែខ្លាចទទឹក ។
តាមពិតការងារជួសជុលផ្លូវ ការងារស្រោចសួនវាជាភារកិច្ច របស់មន្ត្រីដែលត្រូវតែធ្វើហើយ តែការងារបែបនេះ គេគួរតែធ្វើពេលយប់ពេលទៀបភ្លឺឬ ពេលម៉ោងមិនសូវមានមនុស្សធ្វើដំណើរ អ៊ូអរដើម្បីបញ្ជាសការកកស្ទះ និងប៉ះពាល់ដល់អ្នកធ្វើដំណើរ។ តែទំនងដោយសារមន្ត្រីខ្មែរ ចូលចិត្តធ្វើការ ផ្គាប់ចិត្តមេ ជាជាងបំពេញការងារ ដើម្បីជោគជ័យ ហើយមើលទៅទើបគេចូលចិត្តធ្វើបែបនេះ ៕