ភ្នំពេញៈ ក្រុមក្មេងស្ទាវ២ក្រុម មាន៧-៨នាក់ បានដេញកាប់គ្នាផ្អើលអស់ប្រជាពលរដ្ឋក្នុងភូមិ នាវេលាម៉ោង៩ និង ៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៣ នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនក្មេងស្ទាវ៤នាក់ យកទៅអប់រំ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុបានឲ្យដឹងថា ក្មេងស្ទាវទាំង២ក្រុម ជាកូនប្រជាពលរដ្ឋរស់នៅ ក្នុងភូមិខាងលើ នៅវេលាម៉ោងកើតហេតុ បានដេញកាប់ ចាក់គ្នាយ៉ាងប្រសាច។ ដោយអ្នកខ្លះ ប្រដាប់ដោយដំបង និងខ្លះទៀតកាន់កាំបិត ខ្សែក្រវ៉ាត់ និងដុំថ្ម ក៏មាន ដេញវាយគ្នាហាក់គ្មានខ្លាចរអាអ្វីទាំងអស់។
ក្រោយពីដេញកាប់ចាក់គ្នាបានមួយសន្ទុះ កម្លាំងសមត្ថកិច្ច បានចុះមកដល់ និងដេញចាប់បានបក្ខពួកក្មេងស្ទាវ បាន៤នាក់ យកទៅអប់រំ រីឯបក្ខពួកមួយចំនួនទៀត បានរត់គេចខ្លួនបាត់អស់។
យោងតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ទាមទារឲ្យមន្រ្តីអាជ្ញាធរ និងសមត្ថ កិច្ច ព្រមទាំងប្រជាពលរដ្ឋនៅតាមភូមិសង្កាត់ទាំងអស់ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលុបបំបាត់ឲ្យបាននូវ ក្រុមក្មេងស្ទាវ ក្មេងទំនើងកាប់ចាក់គ្នា ព្រមទាំងអំពើអបាយមុខនានា ដែលជាចំណុចអសកម្មនៅក្នុងមូលដ្ឋាន៕