កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក ហ៊ុន ណេង និងភរិយា នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែមករា បានអញ្ជើញ កាត់ខ្សែបូរសម្ពោធសមិទ្ធផលជាច្រើន ដែលចំណាយថវិកាសាងសង់អស់ជាង ៣៣ម៉ឺនដុល្លារ នៅក្នុងវត្តគុហា គង្គា ស្ថិតនៅលើកំពូលភ្នំ កណ្តាលដងព្រៃ លើទឹកដីខេត្តកំពង់ចាម ទីកំណើតដ៏ឧត្តមរបស់សម្តេចតេជោ ហ៊ុន សែន។
សមិទ្ធផលដែលកាត់ខ្សែបូរសម្ពោធនាឱកាសនោះ រួមមានព្រះវិហារ សាលាឆាន់ ដងទង់ ខ្លោងទ្វារ កុដិព្រះ សង្ឃ អាស្រមយាយជី តាជី សួនច្បារ ចាក់ផ្លូវបេតុង និង ដាក់ប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងផ្លូវមួយខ្សែប្រវែងជិត ៤ពាន់ ម៉ែត្រ ចាប់ពីជើង ភ្នំភូមិព្រែកសង្កែ រហូតដល់ព្រះអង្គគុហ៍ និងទម្លុះជញ្ជាំងភ្នំភ្ជាប់ទៅក្រុម ហ៊ុនចំការកៅស៊ូបឹង កេត។
សមិទ្ធផលទាំងអស់នេះ គឺជាសទ្ធាដ៏ជ្រះថ្លារបស់ពុទ្ធសាសនិក ទឹកចិត្តប្រកបដោយបុណ្យ រួមមាន៖ លោកឧកញ៉ា ជា សំណាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកស្រី សេង គាង, លោកឧកញ៉ា សេង គុក ហ៊ាង និង លោកស្រី ទ្រី ណូកា, លោក ឧកញ៉ា ឌី បញ្ញា និង លោកឧកញ៉ា ហេង ឡុង និងលោកស្រី បុត្រា បុត្រី ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់។
លោកអភិបាលខេត្ត ហ៊ុន ណេង បានមានប្រសាសន៍នៅក្នុងឱកាសនោះថា អ្វីៗ ដែលមាននៅពេលនេះ ដោយ សារតែមានថ្ងៃរំដោះ ៧មករា ក្រោមការពលីជីវិតយុទ្ធជនកម្ពុជាជាច្រើនរយនាក់ ដែលដឹកនាំតស៊ូប្រកបទឹកចិត្ត ស្នេហាជាតិមាតុភូមិ អង់អាចក្លាហាន របស់សម្តេចប្រមុខបក្សប្រជាជនកម្ពុជា និងជាប្រមុខ នៃរាជរដ្ឋាភិបាល កម្ពុជាបច្ចុប្បន្ន។ «ប្រជាពលរដ្ឋទាំងអស់ ត្រូវចង់ចាំនូវថ្ងៃកំណើតទី២របស់ខ្លួន មានថ្ងៃ៧មករា ទើបមានអ្វីៗ ដូច ពេលបច្ចុប្បន្ននេះ»។
រមណីយដ្ឋាន វត្តគុហាគង្គា ឬវត្តព្រះអង្គគុហ៍ ស្ថិតនៅភូមិព្រែក សង្កែលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្ត កំពង់ចាម មានព្រំប្រទល់ខាងជើងជាប់និងផ្លូវលំចុះពីលើភ្នំសង្កែ ខាងកើត និងខាងត្បូងជាប់ដងទន្លេមេគង្គ និង ខាងលិចជាប់ចំការកៅស៊ូបឹងកេត។ រមណីយដ្ឋានធម្មជាតិ ដ៏សែនមនោរម្យមួយនេះ មានចម្ងាយ៥០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម ស្ថិតនៅខាងលិចដងទន្លេមេគង្គក្នុងទឹកដីពាមកោះស្នា។
តាមពាក្យតំណាលតៗគ្នាថា ទីនេះមិនទាន់មានឈ្មោះនោះទេ។ លុះដល់ដល់ឆ្នាំ ១៩៣៩ មានអ្នកនេសាទបាន រើសព្រះពុទ្ធផ្ទំមួយព្រះអង្គធ្វើពីឈើ អណ្តែតទឹកទៅប្រគេនព្រះតេជគុណ ដោ ញូង ព្រះចៅអធិការវត្តវេឡុរតនា ឬស្សីកែវ ហើយព្រះចៅអធិ ការអង្គនេះ ក៏យករូបព្រះបដិមាព្រះពុទ្ធរូបទៅកម្តល់ទុកក្នុងគុហាធម្មជាតិនេះតែម្តង។
លុះក្រោយមកព្រះបដិមាព្រះពុទ្ធរូបធ្វើពីឈើក៏ពុកផុយ ទើបព្រះតេជគុណ ដោ ញូង រួមនិងពុទ្ធបរិស័ទ បាននាំគ្នា កសាងព្រះពុទ្ធដិមាទៅជាស៊ីម៉ងត៍បេតុងអាមេរ ស្ថិតរហូតដល់សព្វថ្ងៃតែម្តង។
អ្វីដែលកាន់តែល្បីល្បាញ់ទៀតនោះ នៅរមណីយដ្ឋានមួយនេះ ជាទីកន្លែងមានបារមីស័ក្តិសិទ្ធ តែងតែជួយឲ្យ សម្រេចរាល់បំណងប្រាថ្នា របស់សាធារណជនទូទៅ ដែលទៅបួងសួរនៅទីនោះ៕