កំពង់ឆ្នាំងៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ កន្លងទៅ លោក ស្លូត សំបូរ អនុប្រធាន ពង្រឹងមូលដ្ឋាន ស្រុកទឹកផុស និងសហការីជាច្រើនរូប បានរៀបចំ ពិធីអបអរសាទរ រំលឹកខួប អនុស្សាវរីយ៍ លើកទី៣៤ ទិវាជ័យជំនះ ៧ មករា (១៩៧៩-២០១៣) នៅសាលាបឋមសិក្សា ក្រាំងស្គារខាងត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
គង់ សំអ៊ីម ប្រធានក្រុមប្រឹក្សាឃុំ បានមានប្រសាសន៍ ថ្ងៃ៧មករា គឺជាថ្ងៃដ៏មាន សារៈសំខាន់ ជាប្រវត្តិសាស្ត្រ ដែលប្រជាជន នៅតែចងចាំជាប់ ជានិច្ចក្នុងក្រអៅបេះដូង គ្រប់ៗរូប អំពីគុណូបការៈដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជា ពិសេស សម្តេចទាំងបី ដែលបានបូជាកម្លាំងកាយ ចិត្ត អាយុ ជីវិត ដើម្បីបុព្វហេតុបម្រើជាតិ និងប្រជាជន ។
ជាមួយគ្នានេះដែរ លោក ស្លូត សំបូរ បានលើកឡើងថា ផ្តើមចេញពីជ័យជំនះ ៧មករានេះ ហើយ ដែលធ្វើឱ្យប្រជាជនកម្ពុជា មានអ្វីៗ នៅថ្ងៃនេះ ក្នុងនោះរួមទាំងអាយុជីវិត របស់យើង ទាំងអស់គ្នាផងដែរ និងមានអនាគត ប្រកបដោយក្តីសង្ឃឹម ។ យើងជួបជុំគ្នា ថ្ងៃនេះ ក្នុងស្មារតី ចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លា បំផុតរបស់បុព្វបុរស វីរយុទ្ធជន យុទ្ធនារី ស្នេហាជាតិ នៅគ្រប់ជំនាន់ ដែលបានពុះពារប្រយុទ្ធ ហ៊ានធ្វើ ពលិកម្មយ៉ាងអង់អាច ក្លាហានបំផុត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជនឲ្យ ស្ថិតស្ថេរ គង់វង្សជារៀងរហូត ។
ស្លូត សំបូរ ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សូមឱ្យយកចិត្តទុកដាក់ គោរពច្បាប់ ចរាចរណ៍ផ្លូវគោក និងសារៈសំខាន់ នៃមួកសុវត្ថិភាព រួម ទាំងឥរិយាបថ សុវត្ថិភាព នៅលើដងផ្លូវ មិនប្រកាន់វ័យ ទោះបីពួកគេ ធ្វើដំណើរទៅកន្លែងជិត ឬឆ្ងាយ ក៏ដោយ ពិសេស ត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបើកបរ ព្រមទាំង ពាក់ខ្សែក្រវ៉ាត់សុវត្ថិ ភាពពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាព ទាំងអស់គ្នា ព្រមទាំងអ្នករួមដំណើរ និង កុមារតាមទោចក្រយានយន្តផងដែរ ។