ភ្នំពេញៈ ពិធីសម្ពោធ ការចាក់បញ្ចាំង ខ្សែភាពយន្ត ចាស់ៗ ឡើងវិញ បានចាប់ផ្តើម កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ នៅរោងភាពយន្ត ផ្លាទីនៀម ស៊ីណេផ្លិច ដោយមានការចូលរួមពីមន្រ្តីធំៗ និង ផលិតករ សិល្បករ-សិល្បការិនី ជាច្រើន ដែលបង្ហាញពីការគាំត្រ ក្នុងវិស័យភាពយន្តខ្មែរ ។
ពិធីនេះ មានការអញ្ជើញចូលរួម ដោយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ស៊ិន ចាន់សាយ៉ា ប្រធាននាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាដើម ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការប្រមូលខ្សែភាពយន្តខ្មែរ ជំនាន់មុន មកចាក់បញ្ចាំង ឡើងវិញនេះ ជាការបង្ហាញ ពីការវិវឌ្ឍបច្ចេកវិទ្យាផង និងបង្ហាញពីការ ប្រឹងប្រែង របស់សិល្បក-សិល្បការិនី ផលិតករភាពយន្ត របស់ខ្មែរទាំងអស់ផងដែរ ។ មិនតែប៉ុណ្ណោះ ក៏ជាការបង្ហាញ ដល់អ្នកជំនាន់ក្រោយ បានដឹងពី ស្នាដៃអ្នកជំនាន់មុន ដែលបានប្រឹងប្រែងអស់កម្លាំង កាយចិត្ត បណ្តុះវិស័យ សិល្បៈខ្មែរ យើងឱ្យមានការរីកចម្រើន ។
លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគាំទ្រទាំងស្រុង ចំពោះ យុទ្ធនាការ ចាក់បញ្ចាំងខ្សែភាពយន្តចាស់ៗទាំងនេះ ។
គួរបញ្ចាក់ថា ខ្សែភាពយន្ត ចាស់ៗ ប្រកបដោយគុណភាព ចំនួន៨រឿង នឹងត្រូវចាប់ផ្តើម ចាក់បញ្ចាំង ដោយបើកទូលាយ ឱ្យទស្សនិកជន ទស្សនា ឥតគិតថ្លៃ ២ដងក្នុងមួយថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៨ ខែមករា ឆ្នាំ២០១៣ គឺនៅ រោងភាពយន្ត ផ្លាទីនៀមស៊ីណេផ្លិច ផ្សារសូរិយា (ជាន់ទី៥) រៀងរាល់ម៉ោង៩:១៥នាទីព្រឹក និងនៅក្នុង មជ្ឈមណ្ឌលបុប្ជាណា រៀងរាល់ម៉ោង២:៣០នាទីរសៀល ក្នុងនោះមានចំនួន៨រឿង ដូចជារឿង “គួរឱ្យចុកឈាម” បញ្ចាំងនៅថ្ងៃទី២១, រឿង“នាងសុវណ្ណបញ្ចា” បញ្ចាំងនៅថ្ងៃទី២២, រឿង“ឆ្អឹងអណ្តែត” បញ្ចាំងនៅថ្ងៃទី២៣, រឿង“អណ្តាតដុះឆ្អឹង” បញ្ចាំងនៅថ្ងៃទី២៤, រឿង“រាត្រីមួយក្រោយសង្រ្គាម” បញ្ចាំងនៅថ្ងៃទី២៥, រឿង“កតញ្ញូ” បញ្ចាំងនៅថ្ងៃទី២៦, រឿង “ផ្ទះខ្មោចទិញ” បញ្ចាំងនៅថ្ងៃទី២៧, និងរឿង “ឃ្លាតទៅសែនឆ្ងាយ” បញ្ចាំងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ៕