ខេត្តកណ្តាលៈ យុវជនម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបុរសជាឪពុករងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅព្យាបាល ដោយសារតែ រថយន្តបុកជាមួយនឹងម៉ូតូ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៤និង៣៥នាទី ថ្ងៃទី១៨ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ២ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ៣០ និង៣១ ភូមិព្រៃតាតូច ឃុំបឹងខ្យ៉ាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុម៉ូតូ និងរថយន្តបើកបរស្របទិស ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ ចំណុចកើតហេតុ ដោយសារតែ រថយន្តបើកលឿនពេក ក៏ជ្រុលទៅបុកម៉ូតូពីក្រោយ បណ្តាលឲ្យអ្នកឌុបខ្ទាតផ្លោងចេញពីម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង អ្នករួមដំណើរជាមួយឪពុក ក៏ខ្ទាតចេញពីម៉ូតូផងដែរ ប៉ុន្តែគ្រាប់តែរងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះទាន់ពេលវេលា។
នគរបាលបន្តថា ជនរងគ្រោះមានឈ្មោះ ហេង ឃៀង ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរ ជាកសិក(ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ) និងម្នាក់ ទៀតត្រូវជាឪពុកឈ្មោះ សុខ ហេង ភេទប្រុស អាយុ ៤៦ឆ្នាំ មានមុខរបរជាកសិក រងរបួសធ្ងន់ ។ អ្នកទាំងពីររស់នៅក្នុងភូមិខ្លាកូន ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿង ម៉ាក សេគុប៥០ ពណ៌សែ្ល គ្មានស្លាកលេខ។ ចំណែកឯអ្នករថយន្តបង្ក ម៉ាក កាមរី ពណ៌ក្រហម ពាក់ស្លាកលេខ ច-7853 ភព២ អ្នកបើកបរឈ្មោះ សួន សុភាព ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិខ្នាទុង ឃុំកុមារាជា ស្រុកបាទី ខេត្ត តាកែវ ។
បច្ចុប្បន្នវត្ថុតាង ត្រូវកម្លាំងនគរបាល យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់៕