ខេត្តកណ្តាលៈ យុវជនម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារជិះម៉ូតូលឿន បុករថយន្តយ៉ាងពេញទំហឹង បណ្តាលម៉ូតូនិងរថយន្តរង ខូចខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២២និង១៥នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលចរាចរស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សយ តុន ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរ ជាកម្មករ រស់នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល គ្មានពាក់មួកសុវត្ថិភាព ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ។
ចំណែកឯរថយន្ត ដែលម៉ូតូបុកនោះ ម៉ាក កាមរីពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2M-4669 អ្នកបើកពុំត្រូវបាន គេស្គាល់ឈ្មោះទេ បន្ទាប់ពីកើតហេតុ បានចាកចេញពីរថយន្ត គេចខ្លួនបាត់ បន្សល់ទុកតែរថយន្ត នៅនឹងកន្លែងកើតហេតុ បើកបរក្នុងទិសដៅពីលិចទៅកើតច្រាសទិសគ្នា។
ប្រភពបានបន្តទៀតថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ កើតឡើងដោយសារតែម៉ូតូជិះលឿន រេចូលចំណែកផ្លូវរបស់រថយន្ត និងគ្មានពាក់មួក សុវត្ថិភាព ទៀត បន្ទាប់ពីកើតសពត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាង ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាន ស្រុក អង្គស្នួល ដើម្បីរង់ចាំភាគីទាំងសងខាង ចូលខ្លួនទៅដោះស្រាយ តាមផ្លូវច្បាប់៕