ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ហៅម៉ូតូឌុបជិះ ដល់កន្លែងស្ងាត់យកកាំបិតចាក់ប្លន់ មិនបានសម្រេចត្រូវ នគរបាលចាប់ខ្លួន បន្ទាប់ពីរត់ គេចខ្លួនអស់រយៈពេលជាង២ម៉ោង កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ ២០១៣ នៅចំណុចផ្លូវលំ ស្តង់តាងួន ម្តុំឡធ្យូង ក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យ ដែលជាមុខសញ្ញាចោរប្លន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ញ៉េន គឿន ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលផ្ទះ ៤០បន្ទប់ នៅចំណុចកណ្តុរផើម ក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត។ រីឯជនរង គ្រោះមានឈ្មោះ វ៉ាត កុម្ភៈ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត មានមុខរបរ រត់ម៉ូតូឌុប និងជាម្ចាស់ម៉ូតូ សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១K : ២៨៥២ បច្ចុប្បន្នបិទតែម២០១០។
លោកបានបន្តថា មុនឃាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៩ ខែមករា នេះ ជនសង្ស័យបានហៅជនរងគ្រោះ ឲ្យដឹកចេញពីមុខផ្ទះ សំណាក់បក្សីចាំក្រុង ឆ្ពោះទៅដីថ្មី ពេលធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឈ្មោះ ញ៉េប គឿន បានយកកាំបិតចុងស្រួច មកភ្ជង់ ចង្កេះឲ្យជនរងគ្រោះម្ចាស់ម៉ូតូ ចុះចេញប្រគល់ម៉ូតូឲ្យទៅគេ បើមិនដូច្នោះទេ គេហ្នឹងសម្លាប់ចោល ភ្លាមនោះម្ចាស់ម៉ូតូបានឈប់ ហើយបាន ប្រតាយប្រតប់គ្នា និងដកសោម៉ូតូរត់ តែត្រូវជនសង្ស័យចាក់មួយកាំបិត បណ្តាលឲ្យរបួសដៃយ៉ាងធ្ងន់ធ្ងរ ភ្លាមនោះក៏មានការផ្អើលឆោឡោ ដល់ ប្រជាពលរដ្ឋក្បែរនោះ ចេញមកជួយ ទើបជនសង្ស័យរត់គេចខ្លួនតែម្តង។
លោក អ៊ុំ សុផល ក្រោយពីគេចខ្លួនអស់រយៈពេលជាង ២ម៉ោង ទើបសមត្ថកិច្ចចាប់ខ្លួនបានបច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល សួរនាំនៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា ករណីប្លន់ម៉ូតូនេះ បានកើតឡើង ខណៈនគរបាលក្រុងប៉ោយប៉ែត កំពុងចុះផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងសិស្សនៅវិទ្យាល័យ អូរជ្រៅ ហើយចំណុចកើតហេតុ មានចម្ងាយត្រឹមតែ ៥០០ម៉ែត្រ ប៉ុណ្ណោះ៕
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទប្លន់ម៉ូតូ
ជនសង្ស័យបង្ហាញវត្ថុតាង(កាំបិតចុងស្រួច) ដែលខ្លួនយកធ្វើសកម្មភាពប្លន់
កាំបិតចុងស្រួចរបស់ជនសង្ស័យ
ជនរងគ្រោះជាម្ចាស់ម៉ូតូដែលចោរប្លន់ចាក់ត្រូវរបួសធ្ងន់