ស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅលើកំណាត់ ផ្លូវជាតិលេខ៧៨A ស្ថិតក្នុងចំណុចព្រំប្រទល់ ខេត្តរតនៈគិរី /មណ្ឌលគិរី និងស្ទឹងត្រែង ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តកង់បីកែច្នៃនេះបានបណ្តាលឲ្យ មនុស្សម្នាក់ ស្លាប់ភា្លមៗ នៅកន្លែងកើតហេតុ និងមានម្នាក់ទៀតរងរបួសធ្ងន់។
ប្រភពពីមន្ត្រីនគរបាល ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៣ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៤៨៨ និងគីឡូម៉ែត្រលេខ៤៨៩ តាមបណ្តោយផ្លូវ ជាតិលេខ៧៨A ។
រីឯប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើង ដោយសាររថយន្តកែច្នៃកង់បីនោះ ត្រឡប់មកពីដឹកទ្វារ និងបង្អួចឲ្យគេ នៅបីស្រុក ខេត្តរតនៈគីរី លុះមកដល់ចំណុចកើតហេតុខាងលើ ត្រង់ផ្លូវ បានរេចង្កូត ធ្លាក់ស្នាមភ្លោះ បត់ក្បាលតែម្តង ។ ឯអ្នកស្លាប់ ដែលជាអ្នកបើកបររថយន្តកែច្នៃនោះមានឈ្មោះអឿ ប៊ុនអ៊ី ភេទប្រុសអាយុ៣៧ ឆ្នាំមានទីលំនៅ ភូមិស្លែង ឃុំវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ និងម្នាក់ទៀតមានឈ្មោះ ឡៃ ពន្លក ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវចំត្រគៀក ខាងស្តាំ រស់នៅខេត្តកំពង់ចាម ជាមួយគ្នា រងរបួសធ្ងន់ ។
បច្ចុប្បន្នជនរងគ្រោះ ក្រឡាប់រថយន្តកែច្នៃកង់បីខាងលើនេះត្រូវ បាន សាច់ញាត្តិយកទៅព្យាបាលនៅឯស្រុក កំណើត។ ចំណែកសពអ្នកបើកបរ ត្រូវបានក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តកែច្នៃកង់បីវិញ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យម្ចាស់យកទៅរក្សាទុកផងដែរ ៕