ភ្នំពេញ៖ ដោយសារតែ បើកម៉ូតូលឿន ដូចហោះ មិនដឹងជា ប្រញាប់ទៅណា ស្រាប់តែជ្រុលទៅ បុករនាំងដែក ចែកទ្រូងផ្លូវ បណ្តាលឲ្យ ដួលម៉ូតូ បោកក្បាល ស្លាប់ម្នាក់ នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង ១៖៣០នាទី រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កកាប ខណ្ឌពោធិ៍សែនជ័យ ពោលនៅទល់មុខ ព្រលានយន្តហោះ អន្តរជាតិភ្នំពេញតែម្តង ។
សេចក្តីរាយការណ៍ ពីកន្លែង កើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-7761 ក្នុងទិសដៅ ពីកើតទៅលិច តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី លុះមកដល់ ចំណុចកើតហេតុ ក៏រេចង្កួតកៀរ រនាំងដែកចែក ទ្រូងផ្លូវ បណ្តាលឲ្យដួល បោលក្បាល ស្លាប់ភ្លាមៗ នៅកន្លែង កើតហេតុម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់ ។
បើតាមសមត្ថកិច្ច មូលដ្ឋាន និងមន្រ្តីនគរបាល ជើងគោក រាជធានីភ្នំពេញ ដែលចុះទៅវាស់វែង នៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ប៊ុនលុច ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅ ឃុំសំបូរ ស្រុកប្រាសាទសបូរ ខេត្តកំពង់ធំ និងជនរងគ្រោះ ដែលរងរបួសធ្ងន់ មានឈ្មោះ ធានហុង ភេទប្រុស អាយុ១៩ ឆ្នាំ នៅរស់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
សមត្ថកិច្ច បានបន្តថា ពេលបុកកៀរ រនាំងដែកចែកទ្រូងផ្លូវហើយ ម៉ូតូរបស់ជនរងគ្រោះ ទាំងពីរនាក់ បានអូសជាង២០ម៉ែត្រ ពិតជាគួរឲ្យញាស់សាច់ ដែលនេះមកពី បើកបរ ដោយគ្មានការប្រុងប្រយ័ត្ន និងបើកលឿន។
ក្រោយកើតហេតុ ជនរងគ្រោះដែលស្លាប់ ត្រូវបានសមត្ថកិច្ច ទាក់ទងទៅ ក្រុមគ្រួសារ មកទទួលយក ទៅធ្វើបុណ្យតាម ប្រពៃណី រីឯជនរងគ្រោះ ដែលរងរបួស ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ ខណៈម៉ូតូ របស់ជនរងគ្រោះ ត្រូវបានយកទៅ រក្សាទុក នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ៕