កំពង់ឆ្នាំង៖ រយះពេល៦ថ្ងៃ កម្លាំងសមត្ថកិច្ច រដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង មានសង្កាត់រដ្ឋបាល ជលផល ស្រុកកំពង់លែង ផ្នែករដ្ឋបាល ផ្សារឆ្នាំង និងអធិការកិច្ច រដ្ឋបាលជលផល ខាងត្បូងបឹងទន្លេសាប សហការជាមួយ កម្លាំងនគរបាលស្រុកកំពង់លែង កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរស្រុក និងឃុំ រួមសហគមន៍ នេសាទ បានចុះបង្រ្កាប បទល្មើសជលផល នៅក្នុងដែនទឹក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បានប្រាប់ឲ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះ ខាងលើ បានចុះបង្រ្កាប បទល្មើសនេសាទ ដោយគិតចាប់តាំង ពីថ្ងៃទី ១៥-១៨ ខែមករា ឆ្នាំ ២០១៣ ដោយបង្រ្កាបបាន ឧបករណ៍នេសាទ ប្រភេទរបាំងសាច់អួន នៅតំបន់វាលភក់ ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះ បង្រ្កាបបានរបាំងសាច់ អួនចំនួន ៣៦កន្លែង ប្រវែង ៤៧០០ម៉ែត្រ លបលូចំនួន ៣៥មាត់ បង្គោលចំនួន ២៦៥០ដើម និងចាក់លែងត្រីគ្រប់ប្រភេទ ចូលទៅក្នុងបឹង ធម្មជាតិវិញបានចំនួន ២៣០គីឡូក្រាម ។
ដោយឡែក នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ កម្លាំងចម្រុះរដ្ឋបាលជលផល បង្រ្កាបឧបករណ៍ នេសាទ របាំងសាច់អួន ២២កន្លែង ប្រវែង ៦០០ម៉ែត្រ បង្គោល ៦០០ដើម លបលូ ៣ មាត់ នៅត្រង់ចំណុចព្រែកពាមញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
ជាមួយគ្នានេះ នៅវេលាម៉ោងប្រមាណ ៩ ព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ កម្លាំងរដ្ឋបាល ជលផល បានចាប់ឃាត់ជនសង្ស័យ ឆក់ត្រីចំនួន ២នាក់ ដែលពួកគេ ធ្វើសកម្មភាពឆក់ត្រី នៅចំណុចព្រែកក្រពើពុល ស្ថិតនៅក្នុង ភូមិក្រពើពុល ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ជនសង្ស័យទាំងពីរនាក់ ខាងលើ ទី១/ឈ្មោះ យីម កាន់មុនី អាយុ ២៣ឆ្នាំ ទី២/ឈ្មោះ គីម លីសាក់ អាយុ ៣០ឆ្នាំ អ្នកទាំងពីររស់ នៅភូមិក្រពើពុល ឃុំស្វាយជ្រុំ ហើយ ជនសង្ស័យនិងវត្ថុតាង រួមមាន ទូកចំនួន១ អាគុយ ៧០អំពែ ចំនួន១ អាំងម៉ូទ័រ ឆក់ត្រីចំនួន ១គ្រឿង និងដែកម៉ាស់ចំនួន១គូរ ត្រូវបានកម្លាំង ជលផល កសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការខេត្តកំពង់ឆ្នាំង ភ្លាមៗផងដែរ ។
ដោឡែក នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៣ កម្លាំងរដ្ឋបាលជលផល សង្កាត់កំពង់លែង បានចុះបង្រ្កាបចាប់ឃាត់ខ្លួន ជនសង្ស័យក្នុងសកម្មភាព ឆក់ត្រីបានចំនួន ២ នាក់ នៅត្រង់ចំណុច អន្លុងយាយភាច ស្ថិតនៅក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ។ លោក ពុំ សុផល នាយសង្កាត់កំពង់លែង បានឲ្យដឹងថា កម្លាំងរបស់លោកខណ:កំពុង តែចុះប្រតិបត្តិការ ក៏បានជួបជនសង្ស័យ កំពុងធ្វើ សកម្មភាពឆក់ ។ លោក ពុំ សុផល បន្តថា ជនសង្ស័យទី១/ឈ្មោះ ប៊ី សាក់ អាយុ ១៩ឆ្នាំ ទី២/ឈ្មោះ មាស កួន អាយុ ២៣ឆ្នាំ អ្នកទាំងពីររស់ នៅភូមិកណ្តាល ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យក្រោយពីឃាត់ខ្លួន បានឆ្លើយសារភាព ចំពោះមុខសមត្ថកិច្ចថា ពួកគេបានធ្វើសកម្មភាព ឆក់នៅវេលាម៉ោង ៨ និង ៣០នាទី ថ្ងៃខែខាងលើ បានមួយសន្ទុះ ទើបសមត្ថកិច្ច ឃាត់ខ្លួនបាន។ ជនសង្ស័យបានបន្តឲ្យដឹងថា សកម្មភាពឆក់នៅក្នុងឃុំច្រណូកមានច្រើន ហើយពួកគេ តែងតែធ្វើ សកម្មភាពឆក់ត្រីបាន យកទៅលក់ឲ្យឈ្មោះ ជា ប្រពន្ធឈ្មោះ រ៉ា រស់ ភូមិឃុំជាមួយពួកគេ ឈ្មោះ ជា បានលក់ត្រីបន្តឲ្យ ឈ្មួញត្រីឈ្មោះ ចេង ដឹកតាមកាណូតយក ទៅលក់នៅកំពង់ឆ្នាំង ។
ជនសង្ស័យ និងវត្ថុតាងមាន អាំងម៉ូទ័រឆក់ត្រីចំនួន ១គ្រឿង ដែកម៉ាស់១គូរ និងអាគុយ ៤០អំពែ ១ ត្រូវបានសមត្ថកិច្ចជលផល កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៣ ចាត់ការទៅតាមនីតិវិធីច្បាប់ ។
នាយខណ្ឌរដ្ឋបាល ជលផល លោក សេង ប៊ុនឈឿន បានបញ្ជាក់បន្ថែមថា របាំងសាច់អួនដែល ត្រូវរុះរើ និងរឹបអូសយកមករក្សាទុកនៅសង្កាត់រដ្ឋបាល ជលផល កំពង់លែង និងមួយចំនួនទៀត ត្រូវបានបំផ្លាញ ចោលទាំងស្រុងនៅ នឹងកន្លែង ។ បទល្មើស នេសាទ បើតាមសង្កេតជាក់ស្តែង សកម្មភាពលួចលាក់ ដាក់របាំងលបលូ ស្ទាក់ចាប់ត្រីនៅក្នុងព្រៃ និងពន្លិចទៅក្នុងទឹកដើម្បីបន្លំ ភ្នែកសមត្ថកិច្ច ប៉ុន្តែនៅតែមិនអាច គេចផុតពីការបង្រ្កាបពី សំណាក់ សមត្ថកិច្ចបានឡើយ ។
នាយខណ្ឌរដ្ឋបាលជលផល លោក សេង ប៊ុនឈឿន បានអះអាងថា ដោយស្របតាមបទ បញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងដើម្បីការពារ ធនធានមច្ឆាជាតិឲ្យ បានគង់វង្សផងនោះ លោកតែងតែបានធ្វើការចុះបង្រ្កាប បទល្មើសជលផល នៅក្នុងដែនគ្រប់ គ្រងរបស់ខ្លួន បានជាបន្តបន្ទាប់ ហើយបទល្មើសនេសាទមានការ ថយចុះគួរឲ្យកត់សំគាល់ ប៉ុន្តែយ៉ាងនេះក្តីលោក បានប្តេជ្ញាថា និងតាមដានជាប្រចាំ ក្នុងសកម្មភាពបទល្មើស ដើម្បីងាយស្រួល ក្នុងការបង្រ្កាប ឲ្យទាន់ពេលវេលា និងបង្រ្កាបឲ្យដូចជាភ្លៀងរលឹម ។
លោក សេង ប៊ុនឈឿន បានអះអាងបន្ថែមថា ឆ្នាំនេះថ្វីត្បិតទឹកជំនន់ឡើង ទាបជាងឆ្នាំមុន ប៉ុន្តែផលនេសាទ នៅក្នុងខេត្តកំពង់ឆ្នាំង មានការកើនឡើងគួរឲ្យ កត់សំគាល់ផងដែរ ជាក់ស្តែង រយះពេលប៉ុន្មានថ្ងៃ បន្តបន្ទាប់ នៅក្នុងរដូវខ្នើត ក្នុង ខែមករា ឆ្នាំ២០១៣ នេះ គេបានសង្កេតឃើញ ប្រជាពលរដ្ឋមកពីតាមបណ្តា តំបន់ឆ្ងាយៗ ចូលមកបោះតង់ស្នាក់នៅ ទិញត្រីពីប្រជានេសាទជាលក្ខណ:គ្រួសារ ដើម្បីកាត់ក្បាល ត្រីធ្វើប្រហុក និងផ្អក ទុក បរិភោគនៅរដូវ វស្សាខាងមុខ ។
ប្រជានេសាទដាក់មង ឬបង់សំណាញ់ នៅតំបន់ឆ្នុកទ្រូ ពួកគេអាចចាប់ត្រី បាន ២០០គីឡូក្រាម ទៅ ៥០០គីឡូក្រាម ក្នុងមួយគ្រួសារ សំរាប់រយះពេលមួយថ្ងៃ ហើយផលនេសាទ ពួកគេ លក់តំលៃ ១០០០រៀល ក្នុងមួយគីឡូក្រាម សំរាប់ត្រីរៀល ត្រីលិញ ដែលជាត្រីប្រភេទលេខ ៣ សំរាប់ប្រជាកសិករ ទិញយកទៅធ្វើផ្អក ប្រហុក ។
សូមបញ្ជាក់ថា ត្រីចាប់ផ្តើមត្រូវ ក្នុងរដូវខ្នើតទី២ រហូតដល់ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៣ នៅតំបន់ ឆ្នុកទ្រូ ស្រុកបរិបូណ៌ តំបន់ផែត្រីចុងកោះ ក្នុងក្រុងកំពង់ឆ្នាំង តំបន់កំពង់ប្រាសាទ ក្នុងស្រុកជលគិរី តំបន់តាជេស ក្នុងស្រុក កំពង់ត្រឡាច និងពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៣ នេះ ត្រីបានថយចុះបន្តិចវិញ ៕
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.
Image may be NSFW.
Clik here to view.