-ក្រសួងធនធានទឹក ប្តេជ្ញាលុបបំបាត់ ភាពអាណាធិបតេយ្យ ទាំងនេះ
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់បទបញ្ជា ដោយចំហរ ទៅកាន់កាន់ក្រសួង ធនធានទឹក ត្រូវចាត់វិធានការ ឲ្យមាន ប្រសិទ្ធភាព ចំពោះសកម្មភាព បូមខ្សាច់ខុសច្បាប់ និងអាណាធិបតេយ្យ នៅពេលយប់ ដែលកត្តាទាំងនេះ បានបណ្តាលឲ្យបាក់ច្រាំងទន្លេ និងស្រុត ផ្ទះរបស់ប្រជាពលរដ្ឋ។
ជាការឆ្លើយតប ក្រសួងធនធានទឹក បានប្តេជ្ញា លុបបំបាត់ រាល់សកម្មភាព អាណាធិបតេយ្យទាំងនេះ តាមបទបញ្ជារបស់ នាយករដ្ឋមន្រ្តី។ នៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ កំពង់ផែចំណត កុងតឺន័ររបស់ កំពង់ផែស្វយ័ត រាជធានីភ្នំពេញនៅ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ក្រសួងធនធានទឹក ត្រូវដោះស្រាយ បញ្ហានេះ ដែលបង្កឡើងដោយ ការបូមខ្សាច់ ចល័តពេលយប់ ដែលនាំឲ្យមានការបាក់ច្រាំងទន្លេ ហើយសម្តេច បានផ្តល់អនុសាសន៍ ឲ្យយកទន្លេចិញ្ចឹមទន្លេ មានន័យថា យកអាលុយ ពីការបូមខ្សាច់នេះ យកមកបូម នៅកន្លែងណា ដែលវាគោករាក់ ហើយបំពេញ នៅកន្លែងណា ដែលវាបាក់ ហើយយកលុយដែលបានមកពីការលក់ខ្សាច់នោះ ត្រូវយកទៅធ្វើច្រាំងទន្លេ នៅកន្លែងបាក់។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាដោយផ្ទាល់មាត់ ទៅកាន់លោករដ្ឋមន្រ្តី ក្រសួងធនធានទឹក លឹម គានហោ បានតាមចាប់ ទុកចល័តដែលរកស៊ីបូមខ្សាច់ នៅពេលយប់ យកឡើងគោក ទាំងអស់ ។
នាយករដ្ឋមន្រ្តី បានបញ្ជា ឲ្យក្រសួងធនធានទឹក គណៈកម្មាធិការទន្លេមេគង្គ និងក្រសួងសាធារណៈការ ត្រូវរួមគ្នាធ្វើជាកញ្ចប់ ក្នុងការបូមស្តារ នៅកន្លែងណាដែល ត្រូវរាំងស្ទះ ។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកឡើង នៃការបាក់ច្រាំងទន្លេ នៅស្រុកកំណើត របស់សម្តេច គឺនៅខេត្តកំពង់ចាម ប៉ុន្តែមូលហេតុ នៃការបាក់នេះ មិនបណ្តាលមកពី ការបូមខ្សាច់នោះទេ គឺបណ្តាលមកពី ទឹកហូរបុក។ នាយករដ្ឋមន្រ្តី ក៏បានព្រមានផងដែរថា បើសិននៅមាន សកម្មភាព អាណាធិបតេយ្យ នេះនៅតែ បន្តកើតឡើង នោះទន្លេរបស់ប្រទេសកម្ពុជា បាក់ដោយកន្លែងមានន័យថា បាក់កន្លែងនេះ ដុះកន្លែនោះ បាក់កន្លែងនោះ ដុះកន្លែងនេះ ។
ទាក់ទិននិងបទបញ្ជាថ្មី របស់នាយករដ្ឋមន្រ្តី ខាងលើនេះ នាយកខុទ្ទាល័យ ក្រសួងធនធានទឹក លោក ចាន់ យុត្ថា បានថ្លែងថា ក្រសួងនឹងប្តេជ្ញា លុបបំបាត់ បញ្ហានេះឲ្យអស់ តាមបទបញ្ជា របស់សម្តេចនាយករដ្ឋមន្រ្តី ។
លោក ចាន់ យុត្ថា បានបន្តថា ទូកដែលលួចបូមខ្សាច់ដោយ គ្មានការអនុញ្ញាតនោះ គឺមិនធ្វើសកម្មភាព នៅកណ្តាលទន្លេទេ ដោយសារតែទុយោ នៃការបូមខ្សាច់ មានប្រវែងខ្លី ពោលមានតែប្រវែង ៣ ទៅ៤ម៉ែត្រ ដូច្នោះ តម្រូវឲ្យពួកគេមកលួចបូម នៅតាមច្រាំងទន្លេវិញ ដែលកត្តាទាំងនេះបង្កឲ្យមានការ បាក់ច្រាំងទន្លេ និងស្រុតផ្ទះរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ នៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ មានករណី ផ្ទះប្រជាពលរដ្ឋ ស្រុតចូល ទៅក្នុងទន្លេ ចំនួន២ខ្នង បណ្តាលឲ្យ រងការខូចខាត ទ្រព្យសម្បត្តិ មួយចំនួនតែសំណាងល្អ មិនបណ្តាលឲ្យនណារម្នាក់ រងគ្រោះថ្នាក់នោះទេ។ បញ្ហានេះ ត្រូវបានប្រជាពលរដ្ឋ និងជនរងគ្រោះ ស្តីបន្ទោសចំពោះសកម្មភាពបូមខ្សាច់ នៅតាមច្រាំងទន្លេ៕