ភ្នំពេញ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ បានឃាត់ខ្លួន ជនសង្ស័យ ចំនួនពីរនាក់ ខណៈម្នាក់ទៀតបាន និងកំពង់រត់គេចខ្លួន ក្រោយពីពួកគេបាន ធ្វើសកម្មភាព ប្លន់រថយន្ត ឆ្លាមមួយគ្រឿង កាលពីអំឡុងឆ្នាំ២០១២ កន្លងទៅ។
មន្រ្តីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីមានករណី ប្លន់រថយន្ត មួយកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ សមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយ លោក អេង សោភា ដោយមានការ បញ្ជាផ្ទាល់ពី លោកស្នងការ នគរបាល រាជធានីភ្នំពេញ និងស្នងការរង ជួន ណារិន្ទ បានធ្វើការស្រាវជ្រាវ តាមជំនាញរបស់ខ្លួន ហើយឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ មានឈ្មោះ ទេព ណាក់ អាយុ៣១ឆ្នាំ មុខរបរជាមន្រ្តីយោធា ហើយរឹបអូស រថយន្តរបស់ជនរងគ្រោះ ម៉ាក់ឆ្លាម ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2G-4575។
សមត្ថកិច្ចបានបន្តថា ក្រោយពីការសាកសួរ ជនសង្ស័យរូបនេះ ទើបសមត្ថកិច្ចបាន ឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត មានឈ្មោះ រស់ ទូច អាយុ៣៥ឆ្នាំ មុខរបរជាអ្នក បើរថយន្ត ខណៈជនសង្ស័យម្នាក់ទៀត បាននិងកំពុងរត់គេចខ្លួន។
បើតាមសមត្ថកិច្ចបាន ឲ្យដឹងថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២កន្លងទៅ ជនរងគ្រោះមានឈ្មោះ ជឹង កុសល អាយុ៤៥ឆ្នាំ មានមុខរបរជា អ្នកបើករថយន្តតាក់ស៊ី រស់នៅផ្ទះលេខ៥៨ ក្រុមទី៥ ភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានជនសង្ស័យ ទាំង៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី មួយដើម ជួលរថយន្ត របស់លោក ទៅខេត្តកំពង់ចាម ។
លុះធ្វើដំណើរទៅដល់ ខេត្តកំពង់ចាម ទំនងគ្មានឱកាស ប្លន់យករថយន្ត ជនសង្ស័យក៏ប្រាប់ឲ្យជនរងគ្រោះ បើកជូនពួកគេ ត្រឡប់មក ភ្នំពេញវិញ ហើយពេលបើកមក ដល់ភ្នំពេញ ក៏បានប្រាប់ ជនររងគ្រោះបើកបន្តលុះទៅដល់ ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែក្រុមចោរ បានវាយ និងភ្ជង់ ជនរងគ្រោះ ហើយបានចងដៃ ចងជើង អោបនឹងដើម ក្រសាំង រួចពួកវា បានប្លន់ និងបើករថយន្ត គេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុ ជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងទៅកាន់ សមត្ថកិច្ច ជាបន្ទាន់ ហើយសមត្ថកិច្ច ព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការស្រាវជ្រាវ ឈានទៅដល់ការ ឃាត់ខ្លួន ជនសង្ស័យទាំងនេះតែម្តង។
ក្រោយចាប់ខ្លួន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការ រីឯរថយន្ត ត្រូវបានសមត្ថកិច្ច ប្រគល់ជូនជនរងគ្រោះវិញ៕