សេអ៊ូល៖ ប្រេសិតអាមេរិក បាននិយាយនៅ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ជាថ្ងៃតែមួយដែល កូរ៉េខាងជើង សន្យាថា ដំណើរការសាកល្បង នុយក្លេអ៊ែររបស់ខ្លួន គឺសំដៅទៅរដ្ឋាភិបាល ទីក្រុង វ៉ាស៊ីនតោនថា ការ សាកល្បងនុយក្លេអ៊ែរ ពីសំណាក់ប្រទេស កូរ៉េខាងជើង នឹងក្លាយទៅជាក្តីអស់ សង្ឃឹមយ៉ាងខ្លំាង និងការ បោះជំហាន ដ៏ខាតបង់មួយ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៣ថា លោក គ្លីនដេវីស ប្រេសិតអាមេរិក ទទួលបន្ទុកនយោបាយប្រទេស កូរ៉េខាងជើង បានមកដល់ ទីក្រុងសេអ៊ូល កាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃនៅអាស៊ី ក្នុងគោលបំណង ដើម្បីពិភាក្សា តាម ដានសកម្មភាព ក្នុងការពង្រីកការដាក់ ទណ្ឌកម្មបន្ថែម របស់ក្រុមប្រឹក្សា អង្គការសហប្រជាជាតិ ចំពោះ កូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះបានបាញ់ បង្ហោះផ្កាយរណប កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅនេះ។
នៅមុននេះដែរ កូរ៉េខាងជើង បានការពារសិទ្ធិរបស់ខ្លួនដោយអះអាងថា ការបាញ់បង្ហោះ ផ្កាយរណប គឺក្នុង គោលបំណងដើម្បី សន្តិភាពប៉ុណ្ណោះ ខណៈទង្វើនេះមានការ រិះគន់ពី សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយបានចាត់ទុកថា ការបាញ់បង្ហោះនោះដើម្បី សាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយ និងនុយក្លេអ៊ែរ សុទ្ធសាធ។
លោក ដេវីស និយាយថា «វានឹងក្លាយទៅជាកំហុសមួយ និងការបាត់បង់ឱកាស ប្រសិនបើពួកគេ ធ្វើរបៀប នេះ»។ លោកនិយាយបែបនេះ ដោយចង់សំដៅទៅលើភាព ដែលអាចទៅរួចណាមួយ នៃការសាកល្បង នុយក្លេអ៊ែរ ជាលើកទីបីរបស់រដ្ឋាភិបាល ទីក្រុងព្យុងយ៉ាង ដែលជារដ្ឋកុម្មុយនីស ដ៏ឯកោនេះ។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការឆ្លើយឆ្លងខាងនយោបាយរវាងប្រទេស កូរ៉េខាងជើង និងសហរដ្ឋអាមេរិក នេះដែរ គឺបន្ទាប់កូរ៉េខាងជើង បាននិយាយថា ការបាញ់បង្ហោះគ្រាប់ មីស៊ីលថែមទៀត រួមទំាងការចាប់ផ្តើម សាកល្បងនុយក្លេអ៊ែរ កម្រិតខ្ពស់ នៅតំណាក់កាលបន្ទាប់ គឺចង់សំដៅលើ សត្រូវដ៏មុតស្រួចរបស់ខ្លួន គឺសហរដ្ឋអាមេរិក ផ្ទាល់តែម្តង ៕