ភ្នំពេញ ៖ បន្ទាប់ពីមានរឿងរ៉ាវកើតមានឡើង ក្នុងករណីប្លន់ធនាគារអេស៊ីលីដា ដែលកើតចេញពីបុគ្គលិករបស់ខ្លួននោះ ប្រធានធនាគាអេស៊ីលីដា បានប្រកាសថា នឹងបង្កើនរឹតបន្តឹងវិន័យបុគ្គលិកកិច្ចបន្ថែមទៀត ដើម្បីការពារករណីបែបនេះ កើតឡើងសាជាថ្មីម្តងទៀត។
លោក អ៊ីន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី២៤ ខែ មករា ឆ្នាំ២០១៣ថា ករណីប្លន់កាលពីថ្ងៃទី២៣ ខែមករានេះ មិនមែនកើតឡើងពីខាងក្រៅទេ ប៉ុន្តែវាកើតឡើងនៅខាងក្នុង ដូច្នោះលោក នឹងបង្កើន វិន័យនិងការធ្វើអធិការកិច្ច ការត្រួតពិនិត្យ រួមទាំងការធ្វើសវនកម្មបន្ថែមទៀត ដើម្បីការពារ និងទប់ស្កាត់កុំឲ្យមានករណីនេះ កើតមានឡើងទៀត។
លោកបន្តថា “នៅគ្រប់សាខានៃធនាគារអេស៊ីលីដា សុទ្ធតែមានមន្រ្តីប៉ូលិសពីអង្គភាព នៅចាំថែរក្សាសន្តិសុខសុវត្ថិភាព ជៀសវាងករណីនេះកើតឡើងទៀត”។
សូមជម្រាបថា ជនសង្ស័យចំនួន៦នាក់ ដែលជាក្រុមឃុបឃិត ប្លន់ប៉ុស្តិ៍សេវាកម្ម របស់សាខាធនាគារ អេស៊ីលីដាស្រុកស្ទឹងត្រង់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ ក្រោយពេលសមត្ថកិច្ច បានស្រាវជ្រាវដឹងថា ក្រុមជនល្មើសទាំងនោះ បានរៀបឆាកល្ខោន ប្រើរូបភាពចាប់ចំណាប់ខ្មាំង ជាបុគ្គលិកធនាគារចំនួន ៣នាក់ កាលពីល្ងាចថ្ងៃទី២២ ខែមករា ទៅឃុំទុកនៅក្នុងបន្ទប់ពិសេស របស់ប៉ុស្តិ៍សេវាកម្មធនាគារ អេស៊ីលីដា ស្ថិតក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ជនសង្ស័យទាំង៦នាក់នោះមាន ទី១ ឈ្មោះ ស៊ីម គឹមថាត ជាមេខ្លោង និងជាប្រធានបេឡា ប៉ុស្តិ៍សេវាកម្មធនាគារ ដែលជននេះបានឆ្លើយសារភាព ថា មកពីខ្លួនជំពាក់បំណុលគេច្រើនពេក ទី២ ឈ្មោះ ស៊ីម គឹមថុន បុគ្គលិក ទី៣ ឈ្មោះ ស៊ីម តុលា ហៅ ចេម មកពីភ្នំពេញ ទី៤ ឈ្មោះ អាន ម៉ាត់លី បុគ្គលិក ទី៥ ឈ្មោះ ស៊យ ឌីណា ជាប្រធានស្តីទី នៅប៉ុស្តិ៍សេវាកម្មនោះ ទី៦ ឈ្មោះ ទីម គុយហេង បុគ្គលិក។
ទាំង៦នាក់នោះ មាន៤នាក់ជាប់ពាក់ព័ន្ធដោយផ្ទាល់ និង២នាក់ជាប់ពាក់ព័ន្ធដោយប្រយោល ក្នុងករណីនេះ សមត្ថកិច្ចបានដកហូត បានអាវុធខ្លីម៉ាក កា៥៤ មួយដើម គ្រាប់៥គ្រាប់ និងលុយរៀលមួយចំនួន ដោយឡែកចំពោះការបាត់បង់ប្រាក់ របស់ធនាគារប៉ុន្មាននោះ សមត្ថកិច្ចនៅមិនទាន់បាន ដឹងទេ។ ចំណែកឯជនសង្ស័យទាំង៦នាក់ បច្ចុប្បន្នកំពុងឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ចាម ចាត់ការតាមផ្លូវច្បាប់៕