កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ ស្ថិតក្នុងបរិវេណ សាលាបឋមសិក្សា វល្លិ៍ស ស្ថិតនៅស្រុក សំរោងទង ខេត្តកំពង់ស្ពឺ អង្គការមូលនិធិបង្ការរបួស អាស៊ី សហការជាមួយគណៈ កម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បាន ប្រារព្ធពិធីប្រកាសផ្តើមអនុវត្តកម្មវិធីមួកសុវត្ថិភាពសម្រាប់កុមារ ដែលឧបត្ថម្ភគាំទ្រដោយមូលនិធិក្រុមហ៊ុន យូភីអេស (UPS)។តាមរយៈកម្មវិធីនេះ ផ្តល់មួកសុវត្ថិភាពចំនួន ៦២២មួក ត្រូវបានផ្តល់ជូនដល់ សិស្សា នុសិស្ស និងលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាវល្លិ៍ស។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ គីម យីដេត អនុប្រធាននាយកដ្ឋាន កណ្តាល សណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការ រងគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក តំណាងសាលាខេត្តកំពង់ស្ពឺ តំណាងមន្ទីរអប់រំ យុវជន និងកីឡា លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស អាស៊ី ប្រចាំនៅកម្ពុជា កញ្ញា អ៊ីវ៉ា តារាចម្រៀងយុវវ័យ ដ៏ពេញនិយម មួយរូប នៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីអាជ្ញាធរដែនដី ដៃគូពាក់ព័ន្ធ មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជិត ៨០០នាក់។
តារាចម្រៀង អ៊ីវ៉ា បានមានប្រសាសន៍ថា "ខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះការផ្តួចផ្តើម និងការយកចិត្ត ទុកដាក់ ខ្ពស់ក្នុងការជំរុញការពាក់មួកសុវត្ថិភាព ក្នុងចំណោមអ្នករួមដំណើរតាមទោចក្រយានយន្ត ជាពិសេសកុមារ ដែលស្របតាមគោលនយោបាយជាតិ ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយ អត្រា រងរបួស និងស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ"។
កញ្ញាក៏បានសម្តែងនូវការគាំទ្រចំពោះសារអប់រំ "ព្រួយបារម្ភពីគ្នា ធ្វើដំណើរគ្រប់វេលាពាក់មួកសុវត្ថិភាព" អ្នករួមដំណើរតាម ទោចក្រយានយន្ត គិតទាំងកុមារត្រូវតែពាក់មួកសុវត្ថិភាព ដោយកញ្ញាជឿជាក់ថា សារអប់រំ នេះនឹងជួយដាស់តឿនស្មារតីប្រជាពលរដ្ឋសហគមន៍មាតាបិតាលោកគ្រូអ្នកគ្រូនិងប្អូនៗសិស្សានុសិស្សឲ្យពាក់មួកសុវត្ថិភាពគ្រប់វេលា ធ្វើដំណើរ។ កញ្ញា ក៏បានសំណូមពរដល់មាតាបិតាឲ្យលើកទឹកចិត្ត និងជំរុញកូនៗឲ្យពាក់មួកសុវត្ថិភាព រាល់ ពេលធ្វើដំណើរតាមទោចក្រយានយន្ត។
យោងតាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា បាន បង្ហាញ ឲ្យឃើញថា នៅឆ្នាំ២០១១កន្លងទៅ ចំនួនអ្នកស្លាប់មានដល់ ១,៩០៥នាក់ ចំនួនអ្នករងរបួសធ្ងន់ធ្ងរ មានដល់ ៥,៨០៧នាក់ និងធ្វើឲ្យកម្ពុជាខាតបង់ គិតជាទឹកប្រាក់ប្រមាណ ៣១០លានដុល្លារ សហរដ្ឋអាមេរិក ។ របាយការណ៍ដដែល បានបង្ហាញថា កំរិតនៃការពាក់មួកសុវត្ថិភាព នៅក្នុងខេត្តកំពង់ស្ពឺ នៅពេលថ្ងៃមានតែ ៤១%ប៉ុណ្ណោះ ក្នុងចំណោមអ្នកបើកបរ និងត្រឹម៤% ប៉ុណ្ណោះ ។ក្នុងចំណោមអ្នករួមដំណើរជាមួយ តាម ទោចក្រយានយន្ត គិតទាំងកុមារ។
តាមការសិក្សាស្រាវជ្រាវជាអន្តរជាតិ បានបង្ហាញថា ការពាក់មួកសុវត្ថិភាព ដែលមានគុណភាព និងបាន ត្រឹមត្រូវ អាចកាត់បន្ថយអត្រាស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដល់ទៅ៤២%និងការរងរបួស ក្បាលធ្ងន់ធ្ងរ ដល់ទៅ៦៩%។
លោកឧត្តមសេនីយ៍ទោ គីម យីដេត បានមានប្រសាសន៍ថា ការពាក់មួកសុវតិ្ថភាព ដោយគិតទាំងក្នុង ចំណោម អ្នករួមដំណើរតាមទោចក្រយានយន្ដ គឺមានសារៈសំខាន់ណាស់ ដែលមិនគួរឲ្យខ្វះបានទេ ស្រប ពេលដែលបណា្ដប្រទេសនានា កំពុងខិតខំពុះពារមួយជំហ៊ានមុន ក្នុងគោលដៅការការពារ របួសក្បាល ដោយគ្រោះថា្នក់ចរាចរណ៍។ លោកបានមានប្រសាសន៍ថា ក្រៅពីបង្កឲ្យមានអ្នកស្លាប់ និងអ្នករងរបួស ធ្ងន់-ស្រាល នៅលើដងផ្លូវគួរឲ្យសង្វេគ គ្រោះថា្នក់ចរាចរណ៍បានបង្កើត សោកនាដកម្មក្នុងរង្វង់គ្រួសារ សាច់ ញាតិ សហគមន៍ និងសង្គមជាតិទាំងមូលដែលជាការព្រួយបារម្ភ និងធ្វើឲ្យប៉ះពាល់ដល់ គោលនយោបាយ កាត់បន្ថយភាពក្រីក្ររបស់រាជរដា្ឋភិបាលកម្ពុជា។ លោកឧត្តមសេនីយ៍ទោក៍បានសង្កត់ធ្ងន់ថា ការពង្រឹង ការអនុវត្តន៍ច្បាប់ គឺជាមធ្យោបាយមួយ ដែលកាន់តែមានប្រសិទ្ធិភាព សំដៅបង្កើនកំរិតនៃការ ពាក់មួក សុវត្ថិភាព និងកាត់បន្ថយការស្លាប់ និងការរងរបួសនៅទូទាំងប្រទេស។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួស អាស៊ី ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ការផ្តល់ មួក សុវត្ថិភាពដល់កុមារ តាមរយៈកម្មវិធីមួកសុវត្ថិភាព សម្រាប់កុមារនៅតាមសាលាបឋមសិក្សា នានានៅ ក្នុងប្រទេសកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ ព្រោះនឹងផ្តល់ការការពារដល់កុមារ ជាសិស្សានុសិស្ស ដែលជាអ្នកប្រើប្រាស់ផ្លូវងាយរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើដំណើរតាមទោចក្រយានយន្ត និងទោចក្រយាននៅលើដងផ្លូវ។
លោកបន្ថែមទៀតថា កម្មវិធីនេះនឹងរួមចំណែកកសាងទម្លាប់របស់កុមារ អំពីការពាក់មួកសុវត្ថិភាព និង សុវត្ថិភាពចរាចរណ៍ ព្រមទាំងពង្រឹងចំណេះដឹង និងសមត្ថភាពរបស់កុមារទាំងឡាយ ឲ្យក្លាយជាអ្នកបើកបរ ដោយសុវត្ថិភាព នាពេលអនាគត ជាប្រយោជន៍ជំរុញឲ្យកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់សុវត្ថិភាពចរាចរណ៍ ផ្លូវគោកមាននិរន្តរភាព។ ជាមួយគ្នានេះ សកម្មភាពនេះ ក៏នឹងជួយធ្វើការផ្លាស់ប្តូរការយល់ដឹងពុំត្រឹមត្រូវ របស់ អ្នកធ្វើដំណើរតាមទោចក្រយានយន្ត មាតាបិតា ឬអាណាព្យាបាលមួយចំនួន ដែលថាការពាក់ មួកសុវត្ថិភាព ពុំចាំបាច់នៅពេលធ្វើដំណើរជិត ឬនៅពេលជិះយឺតៗ ឬសំរាប់កុមារ។
ក្រៅពីបានចាត់ទុកការផ្តល់អំណោយមួកសុវត្ថិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ថាជាប្រវត្តិ សាស្រ្ត មួយសម្រាប់សាលាបឋមសិក្សានៅខេត្តកំពង់ស្ពឺ នាយិកាសាលាបឋមសិក្សា វល្លិ៍ស លោកស្រី ប៉ុល សុផន បានថ្លែងអំណរគុណចំពោះអង្គការមូលនិធិបង្ការរបួស អាស៊ី និងមូលនិធិក្រុមហ៊ុន យូភីអេស ដែល បានជ្រើសរើសយកសាលាបឋមសិក្សា វល្លិ៍ស ដើម្បីអនុវត្តគម្រោងមួកសុវត្ថិភាពសម្រាប់កុមារ ជាពិសេស ផ្តល់ការអប់រំទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការជំរុញការពាក់មួកសុវត្ថិភាព ក្នុងចំណោម សិស្សានុសិស្សនិងលោកគ្រូ អ្នកគ្រូ។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ អង្គការមូលនិធិបង្ការរបួស អាស៊ី បានប្រកាសផ្តើមអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ ឆ្នាំ២០១៣ ដើម្បីជំរុញការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាមទោចក្រយានយន្ត ដោយរួមមានការផ្សព្វផ្សាយតាមបណ្តាស្ថានីយទូរទស្សន៍ វិទ្យុ ផ្ទាំងប៉ាណូ បដាអប់រំ និងតាមសារព័ត៌មាន ជាដើម។ យុទ្ធនាការអប់រំផ្សព្វផ្សាយនេះនឹងរួមបញ្ចូលទាំងការអប់រំផ្សព្វផ្សាយ និងការផ្តល់មួកសុវត្ថិភាព ដល់សិស្សានុសិស្ស មាតាបិតា និងលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាចំនួន ៥ ដែលស្ថិតនៅក្នុងតំបន់ ដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ហើយការផ្តល់អំណោយនេះ បានទទួលការឧបត្ថម្ភ ពីមូលនិធិ ក្រុមហ៊ុន UPS ក្រុមហ៊ុន Manulife និងក្រុមហ៊ុន ARRB៕