ភ្នំពេញ៖ បុរសម្នាក់ស្លៀកពាក់ ជាអង្គរក្ស និងបក្ខពួកម្នាក់ទៀត ខណៈកំពុងបើកម៉ូតូ ទៅដល់ភ្លើង ស្តុបទួលទំពូង ក្នុងទឹកដី ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល នៅកន្លែងកើតហេតុ កាលពី ៥ល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣។
ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ផ្កាយ៣ ជួនសុវណ្ណ បានមានប្រសាសន៍ថា ការឃាត់ខ្លួនបុរសខាងលើនេះ បានធ្វើឡីង បន្ទាប់ពីទទួល ព័ត៌មានថា បុរសនេះបានយកកាំភ្លើង ភ្ជង់គេភ្ជង់ឯង តាំងពីគល់ ស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលនាំឲ្យ មានការឃាត់ខ្លួន បុរសទាំងពីរនាក់នេះ បានធ្វើឡើង បន្ទាប់ពី ពួកគេ ដែលមានស្ថាន ភាពស្រវឹង ខ្លាំងបានដកកាំភ្លើងចេញ ពីចង្កេះហើយគ្រវីចុះឡើងៗ ពេលកំពុងជិះម៉ូតូ និងភ្ជង់គេ ភ្ជង់ឯង នៅតាមផ្លូវ តាំងពីស្ពានស្ទឹងមានជ័យមកម៉្លេះ ។
សមត្ថកិច្ចបានបន្តថា ជនដែលម្ចាស់កាំភ្លើង មានឈ្មោះ ទិត្យ លីហ៊ាង មុខរបរជាអង្គរក្ស ឲ្យបុគ្គលម្នាក់ និងដៃគូរបស់ខ្លួន ដែលជិះម៉ូតូជាមួយនោះ មានឈ្មោះ លុន វិបុល អាយុជាង២០ឆ្នាំ។
នៅកន្លែង អធិការដ្ឋាននគរបាល ខណ្ឌចំការមន ជនបង្កដែលយកកាំភ្លើងភ្ជង់គេ ភ្ជង់ឯង នៅតាមផ្លូវ បានយកដៃ ទៅគាស់ ជញ្ជាំងខ្លាំងៗ ហើយស្រែក និងនិយាយ អួតអាងពីនេះពីនោះ ពីព្រោះពួកគេ ត្រូវបានសមត្ថកិច្ច ប្រាប់ថា ស្រវឹងទឹកត្នោតជូ និងស្រា។ យ៉ាងណាក៏ដោយ ជនទាំងពីរនាក់នេះ ត្រូវសមត្ថកិច្ច ឃុំខ្លួនជា បណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយបន្តទៀត៕