ពោធិ៍សាត់ ៖ មួកសុវត្ថិភាពចំនួន ៥០មួក ដែលជាអំណោយរបស់នាយឧត្ដមសេនីយ៍ ផ្កាយមាស៤ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រាប់មន្ដ្រីនគរបាលចរាចរផ្លូវគោក ខេត្ដពោធិ៍សាត់ ត្រូវបានលោកឧត្ដមសេនីយ៍ត្រី សារុន ចាន់ធី ស្នងការនគរបាលខេត្ដពោធិ៍សាត់ ធ្វើការបែង ចែក និងប្រគល់ជូនដល់មន្ដ្រីនគរបាលចរាចរផ្លូវគោក តាមបណ្ដាស្រុក ក្រុង និងការិយាល័យជំនាញ កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ នេះ ។
មួកសុវត្ថិភាពចំនួន ៥០មួក ដែលត្រូវចែកជូននៅពេលនេះរួមមាន ៖ អធិការដ្ឋានស្រុកក្រគរ ៧មួក, អធិការដ្ឋាន នគរបាលស្រុកបាកាន ៧មួក, អធិការដ្ឋាននគរបាលស្រុកកណ្ដៀង ៥មួក, អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ៥មួក, អធិការដ្ឋាននគរបាលស្រុកវាលវែង ៥មួក, អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៦មួក និង ១៥មួកទៀត ត្រូវបានប្រគល់ជូនមន្ដ្រីនគរបាលចរាចរខេត្ដពោធិ៍សាត់។
មានប្រសាសន៍ទៅកាន់មន្ដ្រីនគរបាលចរាចរផ្លូវគោក ដែលទើបតែទទួលបានមួកសុវត្ថិភាពនាពេលនេះ លោកឧត្ដមសេនីយីត្រី សារុន ចាន់ធី បានមានប្រសាសន៍ថា ដើម្បីសុវត្ថិភាព ចំនួនមួក ៥០មួក សម្រាប់បំពាន់ជូន មន្ដ្រីនគរបាលជំនាញទូទាំងខេត្ដពោធិ៍សាត់ ដូច្នេះអស់លោក ដែលបានមកទទួលមួកសុវត្ថិភាពនៅថ្ងៃនេះ ត្រូវយកទៅបំពេញការងារ ឱ្យបានចំគោលដៅការងារជំនាញរបស់ខ្លួន ដើម្បីបម្រើជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ លោកស្នងការបន្ដថា លោកសូមឱ្យមន្ដ្រីនគរបាលចរាចរទាំងអស់ ធ្វើជាគំរូគេ ក្នុងការអនុវត្ដច្បាប់ចរាចរ៕