ព្រះវិហារ៖ នៅសាលា ខេត្តព្រះវិហារ កាល ពីព្រឹកថ្ងៃទី ២៣-២៤ ខែមករា ឆ្នាំ២០១៣ បានរៀបចំពិធី បើក និងបិទសន្និបាទ បូកសរុប ការងារ ដែលបាន អនុវត្តការងារ កាលពីឆ្នាំ២០១២ និងលើកទិសដៅ សម្រាប់អនុវត្ត ការងារ សម្រាប់ឆ្នាំ២០១៣ ដែលពិធី បើកសន្និបាទ បានធ្វើឡើងក្រោម អធិបតីភាព ពីសំណាក់ អភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា លោក ឡុង សុវណ្ណ ប្រធានក្រុម ប្រឹក្សាខេត្ត និងមានការចូលរួម ពីសំណាក់ថ្នាក់ ដឹកនាំ និងមន្រ្តី សាលាខេត្តព្រះវិហារ ជាច្រើនរូប ផ្សេងទៀត។
ដោយឡែក នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ ពិធី បិទសន្និបាទ និងលើកទិសដៅ ការងារ ប្រចាំឆ្នាំ២០១៣ បានប្រព្រឹតិ្ត ធ្វើឡើង ក្រោមអធិបតីភាព ពីសំណាក់ លោក ប៉ុល លឹម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការ ចូលរួមពី លោក ខៀវ សាម៉េត ព្រមទាំងថ្នាក់ដឹកនាំ សំខាន់ៗ ជាច្រើនរូបផ្សេងទៀត។
នៅក្នុងពិធីបើក សន្និបាទ កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ បន្ទាប់ពីឡើងអាន របាយការណ៍របស់ នាយករដ្ឋបាល សាលាខេត្តព្រះវិហារ រួចមក លោកអភិបាលខេត្តព្រះវិហារ អ៊ុំ ម៉ារ៉ា បានឡើង សំណេះសំណាល និងដាក់ចេញនូវ វិធានការណ៍ មួយចំនួន សម្រាប់ជាការលើកទិសដៅ ការងារ សម្រាប់ការ អនុវត្តការងារ នៅឆ្នាំ២០១៣ នេះ។
ជាមួយគ្នានេះ លោក អ៊ុំ ម៉ារ៉ា បានលើកឡើងពីការ អនុវត្តការងារ នាពេលកន្លងមក របស់មន្រ្តីរដ្ឋបាល ថ្នាក់ក្រោមជាតិ ព្រមទាំងលើកឡើង នូវបញ្ហាប្រឈម មួយចំនួនដែលមន្រ្តី បានជួបប្រទះ នាឆ្នាំកន្លងទៅ និងយកមកអនុវត្ត និងដកស្រង់ជា បទពិសោធ សម្រាប់ការងារ នាឆ្នាំ២០១៣។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ទាក់ទង និងការទំនាក់ទំនង របស់មន្រ្តីនៅ តាមមូលដ្ឋាន និងប្រជាពលរដ្ឋ ជាពិសេសការងារ ទាំងឡាយណាដែល ក្រុមមន្រ្តី មូលដ្ឋាន បានធ្វើ និងជួយដោះស្រាយ រាល់បញ្ហាជាមួយ ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
លោក អ៊ុំ ម៉ារ៉ា ក៏បានវាយតម្លៃខ្ពស់ ចំពោះការងារ របស់មន្រ្តីសាលា ខេត្តព្រះវិហារ នៅតាមអង្គភាព នីមួយៗ និងត្រូវបង្កើន ប្រសិទ្ធភាព ការងារ ឲ្យមានការរីក ចម្រើនកាន់តែខ្លាំងឡើង។ ដោយឡែក ក្រោយពីបាន បញ្ចប់ការងារបើក សន្និបាទការងារ រួចហើយ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ ពិធីបិទ សន្និបាទ ការងារប្រចាំឆ្នាំ២០១២និងលើកទិសដៅ ប្រចាំឆ្នាំ២០១៣ បានដំណើរការ ក្រោមវត្តមាន លោក ប៉ុល លឹម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង ។
ក្រោយពីលោកអភិបាល ខេត្តព្រះវិហារ អ៊ុំ ម៉ារ៉ា បានឡើងអាន របាយការណ៍រួចមក លោក ប៉ុល លឹម បានឡើងសំណេះសំណាល នៅក្នុងអង្គពិធី ។ លោក ប៉ុល លឹម បានឡើងនូវ ការអនុវត្តការងារ នាពេលកន្លងទៅ និងបានស្នើឲ្យ អាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធ ទាំងអស់ ត្រូវបន្តអនុវត្តការងារ ឲ្យកាន់តែមាន ប្រសិទ្ធភាព សម្រាប់ឆ្នាំ២០១៣នេះ។
ជាមួយគ្នានេះ លោក ប៉ុល លឹម បានលើកឡើង ពីស្ថានភាពនៅតាម ព្រំដែន ដោយជម្រុញឲ្យ អាជ្ញាធរខេត្ត ត្រូវបង្កើន ទំនាក់ទំនង ការងារកាន់តែមាន ប្រសិទ្ធភាពការងារ ជាមួយប្រទេស ជិតខាង ដើម្បីឲ្យព្រំដែន ក្លាយជាកន្លែង អភិវឌ្ឍន៍ ជឿនលឿន និងរីកចម្រើន សម្រាប់ប្រជាជន ទាំងសងខាង។
ជាមួយគ្នានេះ លោករដ្ឋលេខធិការ ក្រសួងមហាផ្ទៃ បានលើកឡើង ពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ចំពោះបញ្ហាដីធ្លី ដែលក្រុមនិស្សិត បាននិងកំពុងចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ហើយសម្រាប់ ខេត្តព្រះវិហារ អាជ្ញាធរទាំងមូល ត្រូវយកចិត្តទុកដាក់ និងបង្កើនការងារនេះ ឲ្យទទួលបានជោគជ័យ។
នៅចុងបញ្ចប់នៃ កម្មវិធី និងដើម្បីលើកចិត្ត នូវការអនុវត្តការងារ នាពេលកន្លងមក គណៈអធិបតី បានបំពាក់ គ្រឿងឥស្សរយស ជូនមន្រ្តីមួយ ចំនួនផងដែរ៕