ភ្នំពេញ៖ ជនសង្ស័យ ចំនួន២នាក់ កាលពីល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ វេលាម៉ោង ៥ ត្រូវប្រជាពលរដ្ឋ ឃាត់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ច ខណ្ឌសែនសុខ ក្រោយពីជនសង្ស័យទាំងនេះ បានធ្វើសកម្មភាព ឆក់ខ្សែក ប្រជាពលរដ្ឋ នៅតាមដងផ្លូវ។
ប្រជាពលរដ្ឋ ដែលបានចូលរួម ចាប់ជនសង្ស័យ ទាំងពីរនាក់ បានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុនោះ មានជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់ខ្សែក ប្រជាពលរដ្ឋ នៅតាមផ្លូវ ដូច្នេះបានធ្វើ ឲ្យមានការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានដេញចាប់បាន យកទៅ ឲ្យសមត្ថកិច្ច។ ការដេញចាប់ក្រុមចោរ ឆក់ខាងលើនេះ បានកើតមានឡើង នៅមុខក្រសួងពាណិជ្ជកម្ម ខណ្ឌសែនសុខ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បាន បញ្ជាក់ពីអត្តសញ្ញាណ ជនសង្ស័យទាំងពីរនាក់ នេះនៅឡើយទេ ខណៈត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន នៅអធិការខណ្ឌ ដើម្បីចាត់ការបន្តទៀត៕