ភ្នំពេញៈ បន្ទាប់ពីប្រកួតជំរុះ ជាបន្តបន្ទាប់ រយៈពេលជាង ១ខែកន្លងមក ពេលនេះ ការប្រកួត ជ្រើសរើស ជើងឯក និយាយភាសាអង់គ្លេស សម្រាប់ឆ្នាំ២០១៣ ដែលរៀបចំដោយ ស្រ្ព៊ីងបត ហ្វខេមបូឌា (Spring Board 4Cambodia ) ជាមួយ ស្ថានទូតអង់គ្លេស ឈានដល់ពេលប្រកាស លទ្ធផលហើយ ដែលទីបំផុត យុវសិស្សឆ្នើម៤នាក់ ក្នុងចំណោម ៤កម្រិតផ្សេងគ្នា ត្រូវបានបង្ហាញខ្លួន ។
ការប្រកាស លទ្ធផល ត្រូវបានធ្វើឡើង ក្រោយពេលបញ្ចប់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅសាលសន្និសីទ ចតុមុខ នាល្ងាច ថ្ងៃទី២៤ ខែមករា កន្លងទៅ ដោយបញ្ជាក់ថា សិស្ស-និស្សិត ចំនួន៤នាក់ ដែលបាន ទទួលជោគជ័យ ក្នុងចំណោមការប្រកួត ៤កម្រិតផ្សេងគ្នានោះមាន ពានរង្វាន់ SpringBoard-Kaplan បានទៅលើ មាស ចាន់សិត្យា មកពីសាលា Hapswell Foundation ។ ពានរង្វាន់កម្រិតវិទ្យាល័យ បានទៅលើកញ្ញា សំ សាលីតា មកពី សាលាអន្តរជាតិ ICS ។ ពានរង្វាន់ កម្រិតសិស្សឧត្តមសិក្សា បានទៅលើកញ្ញា អ៊ា អៃលួង មកពីវិទ្យាស្ថានប៊ែលធីអន្តរជាតិ និងពានរង្វាន់សម្រាប់ ការប្រកួត ជាសាធារណៈ បានទៅលើយុវជន អ៊ុង ធីកេត្យា មកពីវិទ្យាស្ថានភាសាបរទេស (IFL)។
លោក ខូលីន ក្លាស (Colin Glass) នាយកក្រុមហ៊ុន ស្រ្ព៊ីងបត បានឱ្យដឹងថា លទ្ធផលនេះ ជាការបង្ហាញឱ្យឃើញពីការវិវឌ្ឍន៍ នៃ ការប្រើប្រាស់ ភាសារអង់គ្លេស នៅកម្ពុជា ។ លោកថា "តាមរយៈកម្មវិធីនេះ យើងបាន មើល ឃើញថា ការនិយាយភាសាអង់គ្លេស នៅកម្ពុជា មានការអភិវឌ្ឍន៍ ជាពិសេសទៅលើសិស្សវិទ្យាល័យ គឺពួកគាត់មានសមត្ថភាពខ្ពស់បំផុត ហើយការអភិវឌ្ឍន៍ចំពោះ ការនិយាយ ភាសាអង់គ្លេស ខ្លាំងបែបនេះ នឹងធ្វើឱ្យមានការអភិវឌ្ឍន៍ ដល់សេដ្ឋកិច្ចកម្ពុជា យ៉ាងខ្លាំងក្លាមួយ នៅថ្ងៃអនាគត"។
កញ្ញា អ៊ា អៃលួង ជាសិស្សវិទ្យាស្ថានប៊ែលធីអន្តរជាតិ ដែលទទួលបានពានរង្វាន់ ជើងឯកនិយាយ ភាសាអង់គ្លេស សម្រាប់សិស្សថ្នាក់ឧត្តមសិក្សា នៅកម្ពុជា បានយល់ថា ភាសារអង់គ្លេសពិតជា មានសារសំខាន់ណាស់ សម្រាប់សង្គមកម្ពុជា ទាំងទំនាក់ទំនង ក៏ដូចជាការធ្វើការងារផងដែរ ។ នាងនិយាយថា “កាលណា យើងចេះភាសាអង់គ្លេស គឺយើងអាចទំនាក់ទំនងជាមួយ ពិភពលោកតែម្តង” ។
លោក អ៊ុក គឹមសេង ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករង នៃទីភ្នាក់ងារសារព័ត៌មាន AKP បានកោតសរសើរ ចំពោះកម្មវិធីប្រកួតនិយាយ ភាសារអង់គ្លេសនេះ ដោយលោកចាត់ទុកថា កម្មវិធីនេះ ជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ។
លោកមានប្រសាសន៍ថា “មែនទែនទៅ ប្រទេសយើង កំពុងអភិវឌ្ឍន៍អញ្ចឹង ហើយយើងមើលទៅ នៅលើពិភពលោក ភាសារអង់គ្លេស គឺជា ភាសាយាន ។ ភាសា ដែលយើងត្រូវតែប្រើប្រាស់ ដើម្បីទំនាក់ទំនងគ្នា ទាំងសេដ្ឋកិច្ច និងនយោបាយ ។ អញ្ចឹងការរៀន ភាសាអង់គ្លេស អាចជួយ បង្កើនឱកាស ក្នុងការធ្វើការងារ និងជួយដល់ការអភិវឌ្ឍន៍ សង្គមផងដែរ ។ តែយើងឃើញ មានភាសាដទៃទៀត ដែលកំពុងតែទាមទារ ឱ្យយើងចេះនិយាយដែរ ដូចជាភាសា ចិនជាដើម” ។ លោកបន្ថែមថា “រៀនភាសាមិនពិបាក ដូចជារៀនជំនាញ ដែលទាមទារ ឱ្យមាន ការយល់ដឹង ខាងគណិតវិទ្យាទេ ។ ភាសាគ្រាន់តែ ជាការចងចាំ អញ្ចឹងហើយ យើងគួរតែចេះ ឱ្យបានជាង ១ភាសារ គឺលើសពី១ភាសា មានន័យថា ភាសាជាតិ យើងចេះហើយ គឺយើងត្រូវចេះ ភាសាភាសា បរទេសទៀត គឺភាសាអង់គ្លេសហ្នឹងឯង” ៕