ភ្នំពេញ ៖ សាលាខណ្ឌដូនពេញ កាលពី ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ បាន បើកកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំខែរបស់ខ្លួន ស្ថិតក្រោមវត្ដមានរបស់លោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោកឯក ឃុនដឿន អភិបាលរងខណ្ឌ និងមន្ដ្រីសាលា ខណ្ឌពាក់ព័ន្ធមួយចំនួនទៀត ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ក្នុងគោល បំណងលើកឡើងពីការអនុវត្ដការងារប្រចាំ ខែមករា ឆ្នាំ២០១៣ របស់អាជ្ញាធរខណ្ឌទាំងមូល និងលើកទិសដៅសម្រាប់ខែ បន្ទាប់ទៀត។
នៅក្នុងកិច្ចប្រជុំនេះ លោកឯក ឃុន ដឿន បានស្នើឱ្យកម្លាំងសណ្ដាប់ធ្នាប់ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ ត្រូវរៀបចំសណ្ដាប់ធ្នាប់និងត្រៀម គ្រប់លក្ខណៈ ទាំងអស់ ចំពោះពិធីដង្ហែព្រះបរមសព ដែលក្បួនដង្ហែនិងធ្វើដំណើរតាមផ្លូវសំខាន់ៗ រួមមាន ផ្លូវស៊ីសុវត្ថិ ផ្លូវនរោត្ដម ផ្លូវព្រះសីហនុ និងផ្លូវសុធារស ជាដើម ។
ជាមួយគ្នានេះ អង្គប្រជុំក៏បានលើកឡើង ពីការរៀបចំសណ្ដាប់ធ្នាប់នាពេលកន្លងមក នៅតាមដងផ្លូវសំខាន់ៗតាមទីផ្សារ កន្លែង សប្បាយ សួនច្បារ មុខព្រះបរមរាជ វាំង សួន សម្ដេចហ៊ុន សែន និងផ្លូវលេខ១០៦,១០៨ ជាដើម។