ភ្នំពេញៈ បន្ទាប់ពីបានប្រកាសស្វែងរក ក្រុមប្រឹក្សាយុវជនដែលជាជនជាតិខ្មែរ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ រវាងគ្នាទៅវិញទៅមក (យុវជនកម្ពុជា-អាមេរិក) នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ ព្រះរាជណាចក្រកម្ពុជា លោក William E.Todd បានជួបសំណេះសំណាល ជាលើកដំបូងបង្អស់របស់ខ្លួន ជាមួយក្រុមប្រឹក្សាយុវជនចំនួន ១៥នាក់ នាបរិវេណស្ថានទូតអាមេរិក រាជធានីភ្នំពេញ។
យោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ស្ថានទូតអាមេរិក បានឲ្យដឹងថា លោក William E.Todd បានស្វាគមន៍និងសរសើរ ចំពោះសមាជិកនៃក្រុមប្រឹក្សា យុវជនរបស់ខ្លួន ដែលសមាជិកទាំងនោះ គ្រោងនឹងចូលរួមក្នុងលំហាត់ កសាងក្រុម ដើម្បីរៀនពីគ្នាបន្ថែមទៀត ក្នុងការរៀបចំគម្រោង ផែនការស្តីពីវិធីផ្តល់ប្រឹក្សា ឲ្យបានល្អដល់ស្ថានបេសកម្ម របស់សហរដ្ឋអាមេរិក ស្តីពីកម្មវិធីនានា ដែលយុវជនកម្ពុជា មានការចាប់អារម្មណ៍នោះ។
សេចក្តីប្រកាសដដែលបន្តថា លោក Todd បានប្រកាសពីការបង្កើត ក្រុមប្រឹក្សាយុវជនរបស់លោក បន្ទាប់ពីលោកបានថ្វាយសារតាំងភ្លាម ទៅព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តសីហមុនី កាលពីខែមិថុនា កន្លងទៅថ្មីៗនេះ ដើម្បីជួយបង្កើនភាពជាដៃគូ ឲ្យកាន់តែមានភាព ស្និទ្ធស្នាលបន្ថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាមរិក។ សេចក្តីប្រកាសបានបន្តទៀតថា ការចង់ឲ្យមានក្រុមប្រឹក្សាយុវជននេះ លោក Todd មានបំណងបណ្តុះបណ្តាលឲ្យមាន ភាពជាមេដឹកនាំវ័យក្មេងកម្ពុជា នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានយុវជនបានចូលមកចុះឈ្មោះ ប្រហែលជាង ៣៥០នាក់ហើយ ហើយការមកនេះ ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីឯកអគ្គរដ្ឋទូត លោក William E.Todd៕