ភ្នំពេញៈ បន្ទាប់ពីបានធ្វើការសង្កេត តាមដានស្រាវជ្រាវពីអាកាសធាតុ និងបាតុភូតធម្មជាតិរួចមក រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាស ដោយឲ្យក្រសួងស្ថាប័ន ជាប់ពាក់ព័ន្ធអាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន ចំពោះព្យុះហ្គាអេមី ដែលនឹងជះឥទ្ធិពលមកលើ ប្រទេសកម្ពុជារយៈពេល៣ថ្ងៃ។
យោងតាមសេចក្តីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១២ បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការ សង្កេតតាមដានស្រាវជ្រាវពីអាកាសធាតុ និងបាតុភូតធម្មជាតិរួចមក ឃើញថានៅ វេលាម៉ោង១ រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០១២ ព្យុះឈ្មោះ ហ្គាអេមី បាននឹងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ត្រង់ចំណុចខ្សែស្របទី១៤អង្សា៥ នៃរយៈទទឹងខាងជើង និងខ្សែវ័ណ្ឌទី១១៧ អង្សា៦ នៃរយៈបណ្តោយខាងកើត និងមានចម្ងាយប្រមាណ ៩០០គ.ម ភាគខាងកើតនៃ ប្រទេសវៀតណាម។ យោងតាមការព្យា ករណ៍ព្យុះនេះ នឹងមានឥទ្ធិពលទិសដៅ និងដំណើរដូចខាងក្រោម៖
- នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១២ពោល គឺនៅពេលដែលព្យុះនេះ ធ្វើដំណើរមកដល់តំបន់ឆ្នេរ ប្រទេសវៀតណាម ព្យុះហ្គាអេមី នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំង។
- នៅវេលាម៉ោង៧យប់នាថ្ងៃទី៧ ខែតុលាដដែល ព្យុះហ្គាអេមី នឹងធ្វើដំណើរមកដល់ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម (ខេត្តរតនគីរី)។
- នៅវេលាម៉ោង២៣យប់ ថ្ងៃទី៧ដដែល ព្យុះហ្គាអេមី នឹងធ្វើដំណើរកាត់ខេត្តស្ទឹងត្រែង និងវេលាម៉ោង៧ព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១២ព្យុះហ្គាអេមី នឹងធ្វើដំណើរកាត់ខេត្តព្រះវិហារ និងបានថយឥទ្ធិពលរបស់វា បន្តិចម្តងៗមកជាវិសម្ពាធ។
សេចក្តីណែនាំដដែលបន្តថា ចំពោះស្ថានភាព និងដំណើររបស់ព្យុះហ្គាអេមី ខាងលើនឹងជះឥទ្ឋិពល គ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ទាំងមូលចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ ពិសេសបណ្តាតំបន់ និងខេត្តដែលនឹងទទួលឥទ្ធិពលខ្លាំង ពីព្យុះហ្គាអេមីនេះ ដែលមានដូចជា៖
ទី១- តំបន់ខ្ពង់រាបភាគឦសាន និងខ្ពង់រាបភាគខាងជើងរួមមាន ខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ កំពង់ចាម ព្រះវិហារ និង
ខេត្តឧត្តមានជ័យ នឹងមានខ្យល់គួចបោកបក់ លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំង និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀង។
ទី២-តំបន់ទំនាបកណ្តាល រួមមានៈ ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង និងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ខ្លាំងលាយឡំជា មួយនឹងខ្យល់បក់បោកខ្លាំង និងអាចបង្កឲ្យមានជំនន់ទឹកភ្លៀង។
ទី៣-តំបន់មាត់សមុទ្រៈ រលកសមុទ្រនឹងមានកំពស់ពី២ ម៉ែត្រ ទៅ ៣ម៉ែត្រ។
ដោយយោងលើកត្តាអាកាសធាតុនេះ រាជរដ្ឋាភិបាលសូមធ្វើការណែនាំ ដល់ក្រសួងស្ថាប័នជាប់ពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដី នៃបណ្តាខេត្តទាំងអស់ ត្រូវបង្កើនការយក ចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុត និងត្រូវមានវិធានការត្រៀមទុកជាមុន តាមគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមា នូវគ្រោះថ្នាក់ និងការខូចខាតផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕