កំពង់ឆ្នាំង ៖ បច្ចុប្បន្ន ហ្គេមអ៊ីនធឺណែត ឬហ្គេមអនឡាញ ដែលកំពុងតែកើតមាន ជាច្រើនកន្លែង ក្នុងក្រុងកំពង់ឆ្នាំង បានពង្វក់ស្មារតី យុវវ័យ សិស្ស កំពុងសិក្សា រៀនសូត្រ បានគេចពីសាលា ទៅលេង ហ្គេមអ៊ីនធឺណែត ឬហ្គេមអនឡាញ ទាំងនោះ ។
កន្លែងលេង ហ្គេម អ៊ីនធឺណែត ឬហ្គេមអនឡាញ ភាគច្រើនជ្រកក្រោម ស្លាកអាជីវកម្ម បំរើសេវាកម្ម អ៊ីនធឺណែត ហើយ ហ្គេមអ៊ីនធឺណែត ឬហ្គេមអនឡាញទាំងនេះ មានមិនក្រោម ជាង១០ កន្លែង ដូចជា ហាងសេវាកម្ម អ៊ីនធឺណែត សុគន្ធវារីណេត ស្ថិតនៅជាប់ របងសណ្ឋាគារ ទន្លេសាប ភូមិទី១ សង្កាត់ខ្សាម ,ហាងលក់ទូរសព្ទ័ និងបំរើសេវា អ៊ីនធឺណែត ម្តុំបេនឡានផ្សាលើ, ហាងសេវាកម្ម អ៊ីនធឺណែត វុឌ្ឃីហ្វាសអ៊ីនធឺណែត នៅទល់ មុខកីឡាដ្ឋាន បាល់ទាត់ ភូមិឡទឹកត្រី, ហាងសេវាកម្ម អ៊ីនធឺណែត និងមានបង្រៀនកុំព្យូទ័រ ព្រះគុណ ភូមិស្រែព្រីង ,ហាងសេវាកម្មអ៊ីនធឺណែត ហេបភីណែត ស្ថិតនៅខាងជើង ស្នងការដ្ឋាននគរបាលខេត្ត និង ហាងសេវាកម្មអ៊ីនធឺណែត ជាច្រើនទៀត ក្នុងក្រុងកំពង់ឆ្នាំង ដែលមានល្បែង ហ្គេមដូចខាងលើ ។
គេសង្កេត ឃើញថា គ្រប់ហាង បំរើសេវាអ៊ីនធឺណែត ទាំងនេះ ភាគច្រើនសំបូរ ទៅដោយ សិស្សសាលា ទាំងតូច-ទាំងធំ ចូលលេងជា ហូរហែរជាប្រចាំថ្ងៃ ។ ដោយអ្នកខ្លះ វក់និងល្បែងហ្គេមនេះគេចពី សាលារៀន ជារៀងរាល់ថ្ងៃ ដែលធ្វើអោយ អាណាព្យាបាល របស់ពួកគេ សំដែងនូវការបារម្ភចំពោះ អាណាគតកូនៗ ដែលជាទំពាំង ស្នងឬស្សី របស់ជាតិ មាតុភូមិ ។
ករណីខាងលើនេះ បើយោង ប្រភពពីអាជ្ញាធរបាន អោយដឹងថា អភិបាល ក្រុងកំពង់ឆ្នាំង លោក ហៃ មនោរម្យ និងកោះអញ្ជើញ ម្ចាស់ហាងអ៊ីនធឺណែត ទាំងអស់ មកធ្វើការប្រជុំនៅ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ប៉ុន្តែគេពុំទាន់ដឹងថា លទ្ធផលយ៉ាងណានោះទេ ។
ហើយករណីខាងលើនេះ ប្រជាពលរដ្ឋ ជាពិសេស អាណាព្យាបាល កូនៗបានសំណូមពរ សូមអោយអាជ្ញាធរ ក្រុងកំពង់ឆ្នាំង មានវិធានការណ៍ អោយបានម៉ឺងម៉ាត់ ព្រោះអាចបណ្តាល អោយខូច អនាគតកូនៗ របស់ពួកគេ និងកើតមាន អំពើចោរកម្មផ្សេងៗ៕