ភ្នំពេញ៖ ផ្ទុយពីបណ្តាប្រទេសនានាជុំវិញខ្លួន ប្រជាជនកម្ពុជាគ្រប់រូប (ក្នុងវ័យបន្តពូជ) ត្រូវបានផ្តល់សិទ្ធិ យ៉ាងពេញលេញ ក្នុងការជ្រើសរើសកំណើត ទៅតាមលទ្ធភាពដែលខ្លួនចង់បាន ដោយមិនមានការដាក់កំហិត ដាច់ខាតត្រូវតែ យកកូនមួយរឺពីរនោះទេ។
ប្រទេសចិន ដែលមានប្រជាជនជាង ១.៣៤៤ពាន់លាននាក់ (មួយពាន់បីរយសែសិបបួនលាននាក់) បានកំហិតជាគោលនយោបាយ ឱ្យប្រជាពលរដ្ឋខ្លួន មានកំណើតតែមួយប៉ុណ្ណោះ សម្រាប់គ្រួសារដែលមានកូនប្រុស និងពីរនាក់ប្រសិនបើមានកូនស្រី ខណៈ ប្រទេសឥណ្ឌា មានប្រជាជនជាង ១.២៤១លាននាក់ (មួយពាន់២រយសែសិបមួយលាននាក់)។
ឯកទេសប្រជាជន និងការអភិវឌ្ឍកម្ពុជាមួយរូប បានថ្លែងថា ទោះបីជាកំណើនប្រជាជន នៅលើពិភពលោក បានកើនដល់ទៅ ៧ពាន់លានយ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជា ដែលទើបតែមានប្រជាជនជាង ១៣លាននាក់នោះ មានសិទ្ធិពេញលេញ ក្នុងការជ្រើសរើស កំណើនសមាជិក គ្រួសាររបស់ខ្លួន។
លោក ហាស់ វង់ដារ៉ា អគ្គលេខាធិការរង គណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយថា រាជរដ្ឋាភិបាល បានសម្រេច មិនដាក់កំហិតឱ្យប្រជាជនកម្ពុជា ត្រូវតែមានកូនប៉ុន្មាននាក់នោះទេ អ្វីដែលសំខាន់គឺពលរដ្ឋខ្មែរ ខ្លួនឯងទេ ដែលជាអ្នកសម្រេចដោយខ្លួនឯង ថាតើចង់បានកូនប៉ុន្មាន ក្នុងគ្រួសារ ស្របតាមកម្រិតជីវភាពរបស់ខ្លួន។
លោក វង់ដារ៉ា បន្តថា ពិភពលោកទាំងមូល មានការព្រួយបារម្ភពីកំណើន ប្រជាជននលើផែនដី ពោលចាប់តាំងពីក្នុងជាងសតវត្សរ៍មកនេះ កំណើនប្រជាជន បានកើនឡើងយ៉ាងខ្លាំង។ កំណើននេះ នាំទៅដល់អតុល្យភាព នៃធនធានធម្មជាតិ សម្រាប់ចិញ្ចឹមមនុស្ស ជាពិសេសការកើនឡើងកំដៅផែនដី។
យ៉ាងណាក៏ដោយ សម្រាប់ប្រទេសកម្ពុជា បើតាមលោក ដារ៉ា គេនៅមិនទាន់អាចកំណត់ បានថាតើប្រជាជនចំនួន ប៉ុន្មានលាននាក់ ធៀបនឹងផ្ទៃដី និងធនធានដែលកម្ពុជាមាន នោះ ខណៈប្រទេសអូស្តា្រលី ដែលមានបច្ចុប្បន្នមានផ្ទៃដី ជាង៧លានគីឡូម៉ែត្រ ក្រឡា គេប៉ាន់ស្មានថា អាចផ្ទុកមនុស្សបានរហូត៦០លាន ដែលបច្ចុប្បន្នមានត្រឹមតែជាង២០លាននាក់។
ឯកទេសរូបនេះ បន្តទៀតថា ចំនួនប្រជាជនតិចរឺច្រើន សម្រាប់ប្រទេសមួយ វាមិនសំខាន់នោះ អ្វីដែលសំខាន់ គឺមនុស្សទាំងនោះ មានគុណភាពកម្រិតណា។ លោកលើកឧទាហរណ៍ ប្រទេសអូស្រ្តាលី និងកាណាដា ប្រទេសធំ តែមានប្រជាជនតិច ប៉ុន្តែប្រកបដោយគុណភាព និងសក្កានុពលគ្រប់គ្រាន់ សម្រាប់ធ្វើឱ្យប្រទេសមានការរីកចម្រើន៕
(សូមទស្សនាកិច្ចសម្ភាសន៍រវាងលោក សយ សុភា និងលោក ហាស់ វង់ដារ៉ា)