ភ្នំពេញ ៖ ក្រុមអង្គការសង្គមស៊ីវិល បានរួមសហការគ្នាផ្សព្វផ្សាយឲ្យយុវជន មានការយល់ដឹងពីផលប៉ះពាល់ បង្កឡើងដោយគ្រោះធម្មជាតិ ដែលឲ្យពួកគេចេះ ការពារ ខ្លួន និងគ្រប់គ្រងគ្រោះមហន្តរាយនេះ។
សមាជិកក្រុមប្រឹក្សាភិបាល នៃអង្គការ កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោក ស៊ុន បូរេត មានប្រសាសន៍នៅក្នុងវេទិកាស្តីពី ”ការលើកកម្ពស់ការយល់ ដឹងរបស់យុវជនស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ” ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ នៅវិទ្យាស្ថានជាតិអប់រំ នារាជធានីភ្នំពេញថាគ្រោះថ្នាក់ ធម្មជាតិ ដែលកើតឡើងកន្លងមក បណ្តាលមកពីការបំផ្លាញរបស់មនុស្ស តម្រូវការរបស់សង្គមកាន់តែច្រើន ការរុករករ៉ែ ដែលធ្វើឲ្យមានការបាត់បង់ធនធានធម្មជាតិ។
លោកបានបន្តថា ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយបាន គឺត្រូវផ្តើមពីការយល់ដឹង របស់ប្រជាជន ជាពិសេសយុវជនតាមរយៈ ផ្តល់ដំណឹងជាមុនឲ្យពួកគាត់ត្រៀមខ្លួន ដើម្បីកាត់បន្ថយការគ្រោះថ្នាក់របស់ពួកគាត់ "ការគ្រប់គ្រងគ្រោះមហន្តរាយបាន គឺត្រួវចាប់ផ្តើមពីការយល់ដឹង ជាតំបូងត្រូវអប់រំដល់ប្រជាពលរដ្ឋ និងយុវជន ថាវាកើតនៅតំបន់ណា បានផ្តល់ផលប៉ះពាល់ដល់ពួកគាត់ដូចម្តេច" ?
យោងតាមការធ្វើបទបង្ហាញរបស់ លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធានការិយាល័យ ការប្រែប្រួលអាកាសធាតុ នៃក្រសួងបរិស្ថាន ស្តីពីទស្សនទាននៃការ បម្រែបម្រួល អាកាសធាតុ និងទំនាក់ទំនង គ្រោះមហន្តរាធម្មជាតិ បានឲ្យដឹងដែរថា ជំនន់ទឹកភ្លៀងឆ្នាំ២០០០ មានសភាពធ្ងន់ធ្ងរ ដែលមិនធ្លាប់មានក្នុង រយៈពេល៧០ឆ្នាំកន្លងមក ហើយនៅឆ្នាំ២០០១ និង២០០២ ក៏មានភាពធ្ងន់ធ្ងរដែរ។
លោកស្រីបន្តថា តាមរបាយការណ៍ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ នៅចន្លោះឆ្នាំ១៩៨៧-២០០៧មានជំនន់ទឹកភ្លៀង១២ លើក បានសម្លាប់ មនុស្ស១១២៥នាក់ និងធ្វើឲ្យខូចខាត ហេដ្ឋារចនាសម្ព័ន្ធទ្រព្យសម្បត្តិ ផលដំណាំ គិតជាទឹកប្រាក់ប្រមាណ ៣០០លានដុល្លា។ នៅក្នុងរយៈពេលដូចគ្នារនេះដែរ គ្រោះរាំងស្ងួត៥លើក បានបង្កការខូចខាតផលដំណាំ របស់ប្រជាពលរដ្ឋគិតជាទឹកប្រាក់ ប្រមាណ១៤០លានដុល្លារ។
ការប្រែប្រួលអាកាសធាតុ គឺជាដំណើរការមួយ ដែលមានរយៈពេលវែង ក្នុងនោះរួមមាន សីតុណ្ហភាព របបទឹកភ្លៀង របបខ្យល់ និងគម្របទឹកកកជាដើម៕