ភ្នំពេញ៖ របាយការណ៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្នទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារនៅទូទាំងប្រទេសកម្ពុជា សរុបមានចំនួន៧២ ក្នុងនោះ ច្រកទ្វារអន្តរ ជាតិ៤, ច្រកទ្វារព្រំដែនអន្តរជាតិ១៩, ច្រកទ្វារព្រំដែនទ្វេភាគី១២, ច្រកទ្វារតំបន់ព្រំដែន២៧ និងច្រកទ្វារកំពង់ផែសមុទ្រ១០។
របាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា ក្រសួងបានចុះត្រួតពិនិត្យ និងសិក្សាករណីសំណើ សុំបង្កើតច្រកទ្វារព្រំដែនទ្វេភាគី សំណើសុំដំឡើង កម្រិតច្រកទ្វារព្រំដែនមួយចំនួន ដូចជា ច្រកទ្វារព្រំដែនទ្វេភាគីកន្ទុយនាគ ខេត្តរតនគិរី, ច្រកទ្វារតំបន់ព្រំដែន កោះសំពៅ ខេត្តព្រៃវែង, ច្រកទ្វារតំបន់ព្រំដែនទន្លូង ខេត្តកំពង់ចាម, ព្រមទាំងបានចាត់មន្រ្តីឲ្យចុះបំពេញបេសកម្ម ដើម្បីពិនិត្យស្ថានភាពច្រកទ្វារព្រំដែន និងវាយតម្លៃ សកម្មភាពការងារ នៅតាមបណ្តាទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែននានា។
របាយការណ៍ដដែលបន្ថែមថា ក្រសួងមហាផ្ទៃបានគាំទ្រ សម្របសម្រួល និងរៀបចំសំណើសុំគោលការណ៍ ដើម្បីឲ្យមានការចងសម្ព័ន្ធមេត្រីភាព និងចុះអនុស្សរណៈ នៃការយោគយល់គ្នារវាងខេត្ត ក្រុងនៅកម្ពុជា ជាមួយខេត្ត-ក្រុងនៃបណ្តាប្រទេសក្បែរខាងដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង់ ជាមួយខេត្តវិញឡុង ក្រុងដាណាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ខេត្តសៀមរាប និងប៉ៃលិន ជាមួយខេត្តអូដឺសែន និងក្រុងហ្ស៊ែកបួរអ៊ុកតឺវីស នៃសាធារណរដ្ឋបារាំង។ ខេត្តសៀមរាប និង ក្រុងព្រះសីហនុ ជាមួយខេត្តជាំងស៊ី និងក្រុងជីនីង របស់ខេត្តសានដុង ក្រុងហ្វ៊ូស៊ុន របស់ខេត្តលាវនីង នៃសាធារណរដ្ឋប្រជាមានិតចិន ខេត្តកំពង់ចាម ជាមួយទីក្រុង ណាមយ៉ាងជូ នៃសាធារដ្ឋកូរ៉េ៕