ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ បានបង្កគ្រោះ ថ្នាក់ចរាចរណ៍ បុករបាំងដែក បាក់អស់ចំនួន៦ផ្ទាំង ដោយសារតែផ្ទុះកង់ ខណៈជនជាតិចិនរូបនេះ កំពុងតែបើកបរ តែម្នាក់ឯង តាមផ្លូវបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី មុខមណ្ឌលកំសាន្ត វ៉តធើផាក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីល្ងាច ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង៦។ យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍នេះមិន បណ្តាលមកពីគ្រឿង ស្រវឹងនោះទេ ពោលជាការខុស បច្ចេកទេស តែប៉ុណ្ណោះ គឺផ្ទុះកង់ ។
លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិរូបនេះ បើករថយន្ត របស់ខ្លួនម៉ាក កូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2F-0715 តាមផ្លូវបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅ កើតហេតុ លុះដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះកង់ខាងឆ្វេង បណ្តាលឲ្យរថយន្ត រេចង្កូតបុករបាំងដែកចែក ទ្រូងផ្លូវបាក់អស់ ចំនួន៦ផ្ទាំង ។
បើតាមលោក ប៉ែន ឃុន បុរសជនជាតិចិនរូបនេះ មានឈ្មោះ JV JAIN CHENG អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោកបានបន្តថា ក្រោយកើតហេតុ រថយន្តរបស់ ជនជាតិចិនរូបនេះ ត្រូវបានសមត្ថកិច្ច ចរាចរណ៍ស្ទូចយកទៅ រក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីម្ចាស់ រថយន្តចូលខ្លួន ដោះស្រាយ បង់តាមការផាកពិន័យ តាមផ្លូវច្បាប់។
ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរដែល បានបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ របស់រដ្ឋ ដូចជារបាំងចែកទ្រូងផ្លូវនិងបង្គោល ភ្លើងជាដើមនេះ អ្នកនាំពាក្យសាលារាជធានី ភ្នំពេញ លោកឡុង ឌីម៉ង់ ធ្លាប់បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល ថា គ្រោះថ្នាក់ចរាចរ ដែលបណ្ដាលឱ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្ដិ សាធារណៈរបស់រដ្ឋខាងលើនេះ បណ្ដាលមក ពីគ្រឿងស្រវឹងពីចន្លោះ៩០ទៅ៩៥ភាគរយ។
លោកឡុង ឌីម៉ង់ បានបញ្ជាក់ពីការផាក ពិន័យថា នៅពេលមានគ្រោះថ្នាក់ចរាចរ ដូច ជាបុករបាំងនិងរនាំងចែកទ្រូងផ្លូវខាងលើ នេះ គឺខាងមន្ទីរសាធារណការ ជាអ្នកវាយ តម្លៃពីទំហំនៃការខូចខាត ដែលតម្រូវឱ្យ ម្ចាស់រថយន្ដបង្កហេតុ ត្រូវធ្វើសងវិញហើយ លើសពីនេះគឺម្ចាស់រថយន្ដនិងតម្រូវឱ្យបង់ ផាកពិន័យទៅឱ្យសាលារាជធានីភ្នំពេញ បន្ថែមទៀត ។
ឧទាហរណ៍បើសិន មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំ ពេញ វាយតម្លៃថា ទំហំនៃការខូចខាតនៃ ការបុករបាំងឬរនាំងចែកទ្រូងផ្លូវ និងបុក បង្គោលភ្លើងជាដើម អស់ ៣០០ដុល្លារ នោះ អ្នកបើករថយន្ដបង្កនិងត្រូវឱ្យបង់បន្ថែម ៣០០ដុល្លារទៀតទៅ ឱ្យសាលារាជធានីភ្នំពេញ ។
យ៉ាងណាក៏ដោយ បើយោងតាមអ្នកនាំ ពាក្យសាលារាជធានីភ្នំពេញ លោកឡុង ឌីម៉ង់ បានបន្ដថា ថវិកាដែលសាលារាជធានីភ្នំពេញ ទទួលបានមកពីការ ផាកពិន័យខាងលើនេះ និងត្រូវទុក ដើម្បីឧបត្ថម្ភដល់កងកម្លាំង សមត្ថកិច្ចជាពិសេស កម្លាំងនគរបាលចរាចរ ដែលយាមប្រចាំការ នៅពេលយប់ ៕