Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ភាពយឺតយ៉ាវ ក្នុងការផ្ដល់ឈាម របស់មន្ទីរពេទ្យ ខេត្តស្វាយរៀង បានធ្វើឲ្យអ្នក ជំងឺម្នាក់ស្លាប់ យ៉ាងអនោចអធ័ម ជាទីបំផុត

$
0
0

ស្វាយរៀង៖អ្នកជំងឺម្នាក់ដែល ត្រូវសង្គ្រោះបន្ទាន់បានស្លាប់ បាត់បង់ជីវិតគួឲ្យ អនោចអធម ជាទីបំផុតបន្ទាប់ពី មានភាពយឺតយ៉ាវ ក្នុងការផ្ដល់ឈាមដើម្បីបញ្ជូល សង្រ្គោះដល់អ្នកជំងឺ ពីសំណាក់មន្ទីរពិសោធន៍ របស់មន្ទីរពេទ្យ ខេត្តស្វាយរៀង។

យោងតាមប្រភពព័ត៌មានពីមន្រ្តីបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងម្នាក់ ដែលស្នើសុំមិនបញ្ចេញ ឈ្មោះបានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣មកម្លេះ នៅម៉ោង១២ និង៥០នាទី នៅបន្ទប់លេខ៤ អគាររបួសរបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយអ្នកជំងឺ ដែលស្លាប់នោះឈ្មោះ ម៉ាន់ ភឿន ភេទប្រុស អាយុ៣០ឆ្នាំ មានប្រពន្ធឈ្មោះ នាង ស៊ីន អាយុ២៨ ឆ្នាំ មានទីលំនៅ ភូមិជាពាយ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ប្រភពដដែលបានបន្តថា អ្នកជំងឺបានបញ្ជូនមកកាន់មន្ទីរពេទ្យនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង ៣ល្ងាច ពេលនោះក្រុមគ្រូពេទ្យបានពិនិត្យឃើញថា អ្នកជំងឺមានដុះសាច់ពកត្រង់ពោះ ហើយពុំដឹងថា រូបគេព្យា បាលនៅមន្ទីរពេទ្យណាទេ ព្រោះពេលដែលបញ្ជូនមកដល់មានឈាមហូររហូត ពេលនោះក្រុមគ្រូពេទ្យ បានធ្វើការសំអាតមុខរបួសក៏បាត់ហូរឈាម ហើយបានឲ្យសំរាកមួយយប់ដោយបញ្ជូលឈាមអស់ពីរកំផ្លោក។ ប្រភពដ ដែលបានបន្តថា លុះព្រឹកឡើងថ្ងៃទី២២ ដោយឃើញសភាពអ្នកជំងឺកាន់តែមានសភាពធ្ងន់ធ្ងរ។

លោកវិជ្ជបណ្ឌិត រស់ ថុន ដែលជាអនុប្រធានមន្ទីរពេទ្យទទួលបន្ទុកវះកាត់បានចេញវិជ្ជបញ្ជានៅម៉ោង៨ព្រឹក ថាអ្នកជំងឺត្រូវការបញ្ជូលឈាមចំនួន៤កំផ្លោកដើម្បីសង្គ្រោះបន្ទាន់។ បន្ទាប់ពីសរសេរវិជ្ជបញ្ជារួចហើយ បុគ្គលិកពេទ្យម្នាក់បានយកវិជ្ជបញ្ជានេះទៅបន្ទប់ពិសោធន៍ ប៉ុន្តែពេលទៅដល់មន្ទីរពិសោធន៍ បុគ្គលិក នៅទីនោះបានប្រាប់ថា មិនអាចឲ្យឈាមបានទេព្រោះប្រធានផ្នែកមិននៅ ជាប់ទៅសិក្ខាសាលា នៅក្រៅខេត្ត ៤ទៅ៥ថ្ងៃទើបមកវិញ ពេលនោះសហការីអគាររបួស ក៏កាន់វិជ្ជបញ្ជាមកប្រាប់លោកអនុប្រធានមន្ទីរពេទ្យវិញ ពេលនោះលោក រស់ ថុន បានឲ្យបុគ្គលិករូបនេះទៅម្ដងទៀត ហើយឲ្យបុគ្កលិកមន្ទីរពិសោធន៍ចុះហត្ថលេខា ប្រសិនបើមិនឲ្យឈាមដាក់ឲ្យអ្នកជំងឺដែលត្រៀមវះកាត់នោះទេ ឬក៏ឲ្យទៅសុំ ពីលោកប្រធានមន្ទីរពេទ្យ លើវិជ្ជបញ្ជានោះ ក៏ប៉ុន្តែមន្រ្តីមន្ទីរពិសោធន៍មិនព្រមចុះហត្ថលេខាឡើយ ដោយមន្រ្តីនោះបាន និយាយថា ទាល់តែមានអ្នកបូមឈាមជាថ្នូរទើបព្រមផ្ដល់ឈាមឲ្យ។ ពេលនោះម្ដាយអ្នកជំងឺ ហេតុតែគ្នាក្រីក្រពេកនិង គ្មានអ្នកផ្ដល់ឈាមជាថ្នូរនោះក៏បានសុំយកកូនចេញពីមន្ទីរពេទ្យទៅផ្ទះវិញ ដោយគាត់បាននិយាយទាំង ទឹកភ្នែកថា «តាមយថាកម្មរបស់កូនប្រុសគាត់ទៅចុះ» ហើយពេលនោះក្រុមគ្រូពេទ្យបានឲ្យគាត់ចុះ ហត្ថលេខា ប្រសិនបើគាត់យកកូនទៅផ្ទះ។

លោកវិជ្ជបណ្ឌិត រស់ ថុន ជាគ្រូពេទ្យដែលបានព្យាបាលអ្នកជំងឺដោយផ្ទាល់នោះបានប្រាប់ដើមអម្ពិលឲ្យដឹងថា នៅម៉ោងប្រហែលជា៨ព្រឹក ពេលដែលលោកពិនិត្យជំងឺហើយ បានឃើញអ្នកជំងឺរូបនេះ មានសភាពស្លេក ស្លាំងនោះ លោកក៏បានចេញវិជ្ជបញ្ជាឲ្យបញ្ជូលឈាមដល់អ្នកជំងឺចំនួន៤កំផ្លោកដោយឲ្យបុគ្គលិករបស់លោក យកវិជ្ជបញ្ជានេះទៅកន្លែងមន្ទីរពិសោធន៍ ហើយលោកក៏ចូលបន្ទប់វះកាត់អ្នកជំងឺបាត់ទៅ ក៏ប៉ុន្តែខណៈ ដែលលោកចេញពីបន្ទប់វះកាត់វិញ ស្រាប់តែឃើញអ្នកជំងឺមិនទាន់បានបញ្ជូល ឈាមនិងកាន់តែមានសភាព ស្លេកស្លាំងខ្លាំងឡើ ងហើយពេលលោកសួរបុគ្គលិករបស់លោក គេបានប្រាប់ថា ខាងមន្ទីរពិសោធន៍មិន ព្រមផ្ដល់ឈាមឲ្យនោះទេ ព្រោះប្រធានគេមានភារកិច្ចទៅខេត្តក្រៅហើយ ម្យ៉ាងទៀតទាល់តែក្រុម គ្រូសារផ្ដល់ឈាមជាថ្នូរទើបគេផ្ដល់ឈាម ឲ្យ។

លោក រស់ ថុន បានសង្កត់ធ្ងន់ថា «យើងមានឈាមសម្រាប់ទុកសង្រ្គោះដល់ជនក្រីក្រ ដែលគ្មានលទ្ធភាពរក ឈាម ជាថ្នូរ ក៏ប៉ុន្តែករណីយនេះ យើងមិនបានជួយសង្រ្គោះអ្នកជំងឺរូបនេះឲ្យអស់លទ្ធភាពនោះទេ ដែលនេះបណ្ដាលមកពីភាពយឺតយ៉ាវរបស់ខាងមន្ទីរពិសោធន៍»។

បើយោងតាមប្រភពពីមន្រ្តីបុគ្គលិកមន្ទីរពេទ្យបានប្រាប់ឲ្យដឹងថា ក្រោយមកដោយមានទំនាក់ទំនងទៅលោក ប្រធាន មន្ទីរពេទ្យ ទើបម៉ោង១១និង៣០នាទី គឺរយៈពេល៣ម៉ោងកន្លះក្រោមមក ទើបមានការព្រមផ្ដល់ឈាមឲ្យ ហើយបញ្ជូលបានតែកន្លះកំផ្លោកនៅម៉ោង១២និង៥០នាទី អ្នកជំងឺរូបនោះក៏បានដាច់ខ្យល់ស្លាប់ យ៉ាងអនោច អធមជាទីបំផុត ដោយសារតែការគ្រប់គ្រងតឹងរឹងពេករបស់លោកប្រធាន មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀងក្នុងរឿងឲ្យឈាមនេះ។

ប្រភពដដែលបានបន្តថា សូម្បីតែលោកអនុប្រធានមន្ទីរពេទ្យចេញវិជ្ជបញ្ជាសុំឈាម៤កំផ្លោក យកទៅដាក់ឲ្យ អ្នកជំងឺសោះក៏មិនព្រមផ្ដល់ឲ្យដែរ ចុះទម្រាំប្រជាពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពរកឈាមបាននោះ តើវាយ៉ាងណាទៅវិញ?

ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក ចាន់ ដារ៉ា ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ករណីយស្លាប់អ្នកជំងឺនេះ មិនមែនមកពីការខ្វះឈាមនោះទេ គឺបណ្ដាលមកពីអ្នកជំងឺមានសភាពធ្ងន់ធ្ងរតាំងពី បញ្ជូនមកដល់ម្លេះ ដោយអ្នកជំងឺរូបនេះមានមេរោគពិស។

លោក ចាន់ ដារ៉ា បានបន្តថា មុននឹងបញ្ជូនមកកាន់មន្ទីរពេទ្យ អ្នកជំងឺរូបនេះ ត្រូវបានក្រុមគ្រូសារ យកទៅឲ្យគ្រូខ្មែរវះដុំសាច់ ដោយគ្រូខ្មែរនោះប្រើផ្លែឡាមទៅវះដុំសាច់នោះគ្មានបច្ចេកទេសត្រឹមត្រូវ និងមិនយកឡាមទៅសម្លាប់មេរោគមុននោះទេ ជាហេតុធ្វើឲ្យមានមេរោគជ្រាបចូលទៅកន្លែងមុខរបួស រួចមេរោគនោះ បានបំលែងជាមេរោគពិសចូលទៅក្នុងឈាម ដែលមិនអាចសង្គ្រោះបាន។

ដូច្នោះសរុបសេចក្ដីទៅ ការស្លាប់របស់អ្នកជំងឺនេះ មិនបណ្ដាលមកពីការមិនបានបញ្ជូលឈាម ទាន់ពេលវេលានោះទេ បើទោះជាបញ្ជូលឈាមអស់ប៉ុន្មានកំផ្លោកក៏អ្នកជំងឺនេះនៅតែស្លាប់ដែរ៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>