Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្ទីរពេទ្យ ជប៉ុន ទុកចោល អ្នកជំងឺ រហូតដល់ កើតកូនខ្លួនឯង ដោយសារ គ្មានលុយ

$
0
0

-នាយកមន្ទីរពេទ្យបដិសេធថា ពុំមានរឿងបែបនេះកើតឡើងឡើយ

ភ្នំពេញ ៖ សាច់ញាតិស្ដ្រីមានផ្ទៃពោះ៦ខែ ប៉ុន្ដែជាអកុសលកូនក្នុងផ្ទៃនោះស្លាប់ បានចោទក្រុមគ្រូពេទ្យផ្នែកឆ្មប នៃមន្ទីរពេទ្យគាំពារមាតានិងទារក ហៅពេទ្យជប៉ុន ថាមិនបានយកចិត្ដទុកដាក់ មើលស្ដ្រីរងគ្រោះ ដោយសារ តែពុំមានថវិកាគ្រប់គ្រាន់ ហើយទុករហូតដល់ស្ដ្រីរងគ្រោះ កើតដោយខ្លួន ឯង តាមរយៈការជួយជ្រោយជ្រែង ពីស្ដ្រីចំណាស់ម្នាក់ ដេកនៅគ្រែក្បែរ ដែលមានជំនាញក្នុងការបង្កើតកូន ។

យ៉ាងណាក៏ដោយ ចំពោះការចោទប្រកាន់ ពីសំណាក់សាច់ញាតិស្ដ្រីរងគ្រោះ ចំពោះក្រុមគ្រូពេទ្យឆ្មប នៅមន្ទីរពេទ្យជប៉ុនខាងលើនេះ ត្រូវបាន នាយកមន្ទីរពេទ្យ លោកស្រី តុង រដ្ឋាវី បានធ្វើបដិសេធភ្លាមៗ ដោយអះអាងថា ក្រុមគ្រូពេទ្យមិនបានទុកបណ្ដែតបណ្ដោយ និងមិនជួយមើល នោះឡើយ ប៉ុន្ដែអ្វីៗធ្វើតាមបច្ចេកទេសពេទ្យ ដោយសារតែស្ដ្រីរូបនេះ កូនស្លាប់នៅក្នុងផ្ទៃបាត់ទៅហើយ។

លោក ឡា អាយុ ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ រស់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌមានជ័យ ត្រូវជា ប្ដីស្ដ្រីរងគ្រោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ថា ប្រពន្ធ របស់ខ្លួនមានឈ្មោះ យី ស្រីនី អាយុ ២១ឆ្នាំ បានចុកពោះ តាំងពីព្រឹកព្រលឹមថ្ងៃទី២៥ ខែកុម្ភៈ  រួចហើយបានធ្វើដំណើរមកកាន់ មន្ទីរពេទ្យជប៉ុន ដើម្បីស្វែងរកការអន្ដរាគមន៍ ជួយបង្កើតកូន៦ខែ នៅក្នុងផ្ទៃ ។

ប្ដីកំសត់រូបនេះ បានបន្ដរៀបរាប់ទៀតថា ដោយសារតែខ្លួនពីរនាក់ប្ដីប្រពន្ធ មានលុយត្រឹម ២ម៉ឺនរៀល នៅក្នុងដៃ មិនអាចបំពេញតាមការទាមទារ របស់ក្រុមគ្រូពេទ្យបាននោះឡើយ ដែលតម្រូវឱ្យបង់ទាំងថ្លៃគ្រែ និងថ្លៃបង្កើតកូន ចំនួន ២៧ម៉ឺនរៀល ។ ដោយសារតែពុំមានលុយគ្រប់ សម្រាប់ បង់ថ្លៃសេវា យកកូនចេញខាងលើនេះ សាច់ញាតិស្ដ្រីរងគ្រោះ បានខិតខំស្វែងរក ខ្ចីប្រាក់ពីអ្នកដទៃ ប៉ុន្ដែដោយសារតែខ្លួនក្រីក្រពេក ទើបមិនអាច រកខ្ចីលុយពីនរណាបាន ។

លោក ឡា បានបន្ដ ទៀតថា ដោយសារតែខ្លួនគ្មានលុយ បានធ្វើឱ្យក្រុមគ្រូពេទ្យមិនយកចិត្ដទុកដាក់ ហើយទុកបណ្ដែតបណ្ដោយ ប្រពន្ធរបស់ ខ្លួននៅលើគ្រែ តាំងពីព្រឹករហូតដល់យប់ ។ លុះនៅវេលាម៉ោងប្រមាណ១២យប់ ដោយសារតែចុកពោះខ្លាំងពេក ហើយគាប់ជួននឹងគ្មានក្រុមគ្រូពេទ្យ ណាម្នាក់មកមើលនោះ ប្រពន្ធចុកកាន់តែខ្លាំងឡើងៗ ប៉ុន្ដែសំណាងល្អ ត្រូវបានស្ដ្រីវ័យចំណាស់ម្នាក់ ដែលសម្រាកក្បែរគ្រែ បានជួយសម្រាលយក ទារកនោះចេញ។

យោងតាមប្រភពព័ត៌មាន ដែលបានដឹងរឿងនេះ បានលួចបង្ហើបថា នៅពេលដែលមានការជួយជ្រោមជ្រែង ពីស្ដ្រីវ័យចំណាស់ រហូតដល់យកកូន ចេញបានសម្រេច ដោយមានក្លិនស្អុយផងនោះ ទើបក្រុមគ្រូពេទ្យ បាននាំស្ដ្រីរងគ្រោះទៅសំអាត ក្រោយពេលដែលមានការរិះគន់ភ្លាមៗ តាម រយៈវិទ្យុ អេប៊ីស៊ី កុំអីទុកស្ដ្រីរងគ្រោះរូបនេះ នៅក្នុងបន្ទប់ជាក់ជាមិនខានឡើយ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពីសំអាតហើយ និងមានការជួយជ្រោមជ្រែងបង់ប្រាក់ឱ្យ តាមរយៈវិទ្យុអេប៊ីស៊ីនោះ ទើបក្រុមគ្រូពេទ្យ បានឱ្យស្ដ្រីរងគ្រោះដើរដោយខ្លួនឯង មកកាន់គ្រែវិញ ដោយអះអាងថា ពុំមានរទេះរុញនោះឡើយ ។

យោងតាម ប្រភពព័ត៌មានខាងលើ បានបន្ដថា បន្ទាប់ពីកូននៅក្នុងផ្ទៃបានស្លាប់ ហើយកើតចេញមកនោះ ក៏បានប្រើពាក្យមិនសមរម្យទៅលើប្ដីស្ដ្រី រងគ្រោះ ឱ្យយកសពកូនចេញពីពេទ្យ ។ ដោយសារតែពុំមានលុយគ្រប់គ្រាន់ បុរសជាប្ដីរូបនេះ ត្រូវបានអ្នកជំងឺជាប់គ្រែគ្នា ឱ្យកាបូបខោអាវដើម្បីដាក់ សពកូនយកទៅបូជា ។

យ៉ាងណាក៏ដោយ ចំពោះរឿងរ៉ាវខាងលើនេះ មជ្ឈដ្ឋានមួយចំនួន បានរិះគន់យ៉ាងខ្លាំងៗ ចំពោះក្រុមគ្រូពេទ្យឆ្មបនៅមន្ទីរពេទ្យជប៉ុនថា មិនសូវយក ចិត្ដទុកដាក់ចំពោះអ្នកជំងឺឡើយ ហើយបើសិនស្ដ្រីឆ្លងទន្លេទាំងនោះ គ្មានលុយគ្រប់គ្រាន់ ច្បាស់ជារងការស្ដីបន្ទោសជាក់ជាមិនខាន ។

ចំពោះការចោទប្រកាន់ខាងលើនេះ នាយកមន្ទីរពេទ្យជប៉ុន លោកស្រី តុង រដ្ឋាវី បានបដិសេធទាំងស្រុង ដោយអះអាងថា តាមពិតទៅកូនស្លាប់នៅ ក្នុងផ្ទៃបាត់ទៅហើយ មុនពេលមកមន្ទីរពេទ្យ ។ នាយកមន្ទីរពេទ្យរូបនេះ បានច្រានចោលការមិនយកចិត្ដទុកដាក់ និងបណ្ដែតបណ្ដោយ ពីសំណាក់ ក្រុមគ្រូពេទ្យ ហើយនៅយប់កើតហេតុនោះ ក្រុមបុគ្គលិកទាំងអស់នៅធ្វើការ។

បើតាមនាយកមន្ទីរ ពេទ្យរូបនេះ បានឱ្យដឹងទៀតថា ក្រុមគ្រូពេទ្យបានប្រើថ្នាំ ដើម្បីជួយសង្គ្រោះស្ដ្រីរងគ្រោះ ខណៈដែលកូនស្លាប់ក្នុង ផ្ទៃបាត់ទៅ ហើយនោះ។ ប៉ុន្ដែនៅតែមានការរិះគន់ដដែល ចំពោះភាពព្រងើយកន្ដើយរបស់ក្រុមគ្រូពេទ្យ ដោយ ទុកឱ្យស្ដ្រីរងគ្រោះ ចុកពោះតាំងពីព្រឹកព្រលឹម រហូតដល់យប់ពាក់កណ្ដាលអធ្រាត្រ ហើយពេទ្យខ្លះថែមទាំងប្រើ សម្ដីគំរោះគំរើយទៀតផង ដោយប្រើពាក្យថា កើតដាក់ក្នុងខោខ្លួនឯងទៅ។

ជាមួយគ្នានេះ កាលពីពេលកន្លងទៅ ក៏មានការរិះគន់ជាច្រើន ចំពោះក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យជប៉ុនថា មើលឃើញតែអ្នកមានលុយ និងមាន មុខមាត់ ដោយឡែកជនរងគ្រោះ ដែលគ្មានលុយនៅក្នុងខ្លួន ច្បាស់ជាមិនយកចិត្ដទុកដាក់បង្កើតកូនឱ្យ ឡើយ។ មជ្ឈដ្ឋានខាងលើ សូមអំពាវនាវ ឱ្យថ្នាក់ដឹកនាំក្រសួង សុខាភិបាល គួរចាត់មន្ដ្រីជំនាញចុះទៅស៊ើបអង្កេត ករណីនេះ តាមរយៈការសួរផ្ទាល់មាត់ ស្ដ្រីរងគ្រោះ ឬក៏ប្ដី និងសាក្សី  ដែលបានឃើញនិងដឹងពីរឿងនេះ កុំអាង ឡើងទៅយករបាយការណ៍ និងសួរតែពីខាងពេទ្យ រួចហើយរាយការណ៍ទៅលើ ក្នុងគោលបំណងលាក់បាំង នូវចំណុចអវិជ្ជមាននោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>