ភ្នំពេញ៖ ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្ដិការវិមជ្ឈការ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិបារាំង និងកម្ពុជា លោក ប៉ាទ្រិក ឌឺវេហ្សង់ ប្រធានក្រុមប្រឹក្សា ខេត្ដ Hauts-de-Seine (អូ-ឌឺ-សែន) នៃប្រទេសបារាំង នឹងធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជាពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែមីនា។
លោកនឹងត្រូវអមដំណើរ ដោយសមាជិកក្រុមប្រឹក្សាខេត្ដ ចំនួនបីរូប (ប្រទេសបារាំងត្រូវបានបែងចែកជា ១០១ខេត្ដ ហើយខេត្ដនិមួយៗ ដឹកនាំដោយ ក្រុមប្រឹក្សាខេត្ដមួយ ដែលមានសមា ជិកជាច្រើននាក់)។ ចាប់តាំងពីឆ្នាំ២០០៦មក សហគមន៍ដែនដីទាំងអស់របស់បារាំង បានឧបត្ថម្ភគំរោងជំនួយ ដល់ ការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រហែល៥,៣លានដុល្លារ។
នៅថ្ងៃទី៥ មីនា នៅរាជធានីភ្នំពេញ គណៈប្រតិភូ នឹងជួបសំដែងការគួរសមលោក សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការ គណៈ រដ្ឋមន្ដ្រី និងលោក ច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម ព្រមទាំងមានជំនួបពិភាក្សា នៅក្រសួងការបរទេសផងដែរ។ នៅក្នុងឱកាសនោះ លោក ភាតរិចក ឌវេដេញិាន នឹងគូសបញ្ជាក់អំពីការគាំទ្ររបស់ខេត្ដ អូ-ឌឺ-សែន ចំពោះការទប់ស្កាត់បញ្ហាកង្វះអាហារូបត្ថម្ភ និងអំពីការគាំទ្រដល់ការ អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ពីថ្ងៃទី៦ ដល់ទី៨ មីនា គណៈប្រតិភូនឹងចុះទៅខេត្ដសៀមរាប ដើម្បីជួបជាមួយកសិករ ទស្សនាកសិដ្ឋានគំរូ និងកសិដ្ឋានដាំសារាយខៀវ។ ក្នុង ឱកាសនោះ គណៈប្រតិភូនឹងជួបជាមួយ អ្នកទទួលផលពីគំរោងឧបត្ថម្ភថវិកា ដោយខេត្ដ អូ-ឌឺ-សែន។
ចាប់តាំងពីឆ្នាំ២០១០មក ទឹកប្រាក់១.៦០០.០០០អឺរ៉ូ (ប្រហែល២,១លានដុល្លារ) ត្រូវបានផ្ដល់ឲ្យក្នុងក្របខ័ណ្ឌគំរោងអភិវឌ្ឍន៍កសិកម្ម និងការទប់ ស្កាត់បញ្ហាកង្វះអាហារូបត្ថម្ភ តាមរយៈអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ។
គណៈប្រតិភូខេត្ដ អូ-ឌឺ-សែន មានគំរោងចុះហត្ថលេខាលើអនុសញ្ញានៃកិច្ចសហប្រតិបត្ដិការជាមួយខេត្ដសៀមរាប ផងដែរ ដើម្បីបន្ដការគាំទ្រ គំរោងនានា ក្នុងការអភិវឌ្ឍកសិកម្ម ទឹកស្អាត ការលើកកំពស់សុខភាព និងអនាម័យ៕