ស្វាយរៀងៈ ចំនួនភ្ញៀវទេសចរណ៍ ច្រើនជាតិសាសន៏ ដែលចូលមកកម្សាន្ត នៅក្នុងព្រះរាជា ណាចក្រកម្ពុជា តាមច្រកទ្វារអន្តរជាតិ ក្រុងបាវិតក្នុងរយៈពេល ពីរខែដើមឆ្នាំ២០១៣ នេះមានការកើនឡើង ខ្ពស់បើប្រៀបធៀប ទៅនិងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០១២ កន្លងទៅនេះ។
លោក អ៊ឹង សុងយូ នាយប៉ុស្តិ៍ ច្រកទ្វារអន្តរជាតិបាវិតបានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៣នេះ ចំនួនភ្ញៀវទេសចរណ៏ដែលចូលមកកម្ពុជាមានចំនួន៩៣៤៨៧នាក់កើនឡើងប្រមាណ១០,៤៨ភាគរយបើយើង ប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នាំ២០១២កន្លងទៅដែលមានចំនួនតែ៨៣៦៨៤នាក់ប៉ុណ្ណោះ ហើយភ្ញៀវទេសចរណ៏ដែលចូលច្រើនជាងគេទី១គឺភ្ញៀវវៀតណាម ទី២ អូស្រ្តាលី ទី៣ ចិន ទី៤ កូរ៉េនិងទី៥គឺអាមេរិក។
លោក អឹង សុងយូ បានបន្តថា ដោយឡែកចំនួនភ្ញៀវដែលចេញពីកម្ពុជាយើងវិញក៏មានការកើន ឡើងគួឲ្យកត់ សម្គាល់ផងដែរ ដោយក្នុងរយៈពេលពីរខែដើមឆ្នាំ២០១៣ មានភ្ញៀវទេសចរណ៏ចេញ ចំនួន៩២៧១៧នាក់ កើនឡើងប្រមាណ៦,១៧ភាគរយបើប្រៀបធៀបទៅនិងឆ្នាំ២០១២ដែលមានចំនួនតែ៨៦៩៩៤នាក់ ហើយភ្ញៀវ ដែលចេញច្រើនជាងគេគឺវៀតណាមស្ថិតនៅលំដាប់លេខ១ កូរ៉េលេខ២ ចិនលេខ៣ អូស្រ្តាលីលេខ៤ និងអាមេរិកស្ថិតក្នុងលំដាប់ថ្នាក់លេខ៥។
បើតាមលោកនាយប៉ុស្តិ៍ច្រកទ្វារបាវិត អ៊ឹង សុងយូ លោករំពឹងថាចំនួនភ្ញៀវទេសចរណ៏ ដែលចូលតាម ច្រកទ្វារបាវិតនឹងកើនឡើងបន្ថែមទៀតជាក់ជាពុំខាននៅពេលខាងមុខព្រោះក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពាសពេញ ផ្ទៃ ប្រទេសជាពិសេសបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងដែលផ្លូវល្អនេះវាបានបង្កភាពងាយស្រួល ក្នុងការ ធ្វើដំណើររបស់ភ្ញៀវទេសចរណ៏បានយ៉ាងទាន់ចឹត្ត។
លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៏កម្ពុជា«CATA»មិនអាចសុំការអត្ថាធិប្បាយ ពាក់ព័ន្ធ និងការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៏ដែលចូលតាមច្រកទ្វារអន្តរជាតិបាវិតនេះបានទេ ដោយឡែកលោក ទឹត្យ ចន្ថា អគ្គនាយកក្រសួងទេសចរណ៏បាន មានប្រសាសន៏យ៉ាងខ្លីថា «ខ្ញុំកំពុងជាប់រវល់ ប្រជុំមិនអាចនិយាយបានទេ»៕