-រថយន្តទទួលរង ការផាកពិន័យ មាន៧៥គ្រឿង នៅអង្គភាព
ភ្នំពេញ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានរាយការណ៍ ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នា ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ បានកើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ២នាក់), របួសធ្ងន់ ៦នាក់ (ស្រីម្នាក់), របួសស្រាល ៤នាក់ (ស្រីម្នាក់) ។
យោងតាមគេហទំព័រ របស់ អគ្គស្នងការដ្ឋាននគរ បាលជាតិបានដែលបានចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ បានបង្កឲ្យខូចខាតយានយន្តសរុប ១០គ្រឿង ក្នុងនោះម៉ូតូ ៣គ្រឿង, រថយន្តធុនតូច ៣គ្រឿង និងកង់ ៤គ្រឿង ។
ប្រភពខាងលើឲ្យដឹងបន្តទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើកបរល្មើសល្បឿនកំណត់ ៣លើក, បត់គ្រោះថា្នក់ ១លើក, ស្រវឹង ១លើក, កត្តាយានយន្ត ១លើក ក្នុងនោះ គ្រោះថ្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ២នាក់ (យប់ ម្នាក់) ។
អគ្គស្នងការដ្ឋាននគរបាល បានបន្តថា ចំពោះរថយន្តដែលទទួលរងការផាកពិន័យនៅអង្គភាព កាលពីថ្ងៃទី៩ ខែមីនា មានចំនួន ៧៥គ្រឿង រថយន្តទេសចរណ៍ ១០គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ២៧គ្រឿង និងរថយន្តដឹកទំនិញធុនធំ ៣៨គ្រឿង ។ រថយន្តទាំងអស់ខាងលើ បានបង់ប្រាក់ពិន័យរួចរាល់ នៅអធិការដ្ឋាននគរបាល ស្រុក/ខណ្ឌ ៣គ្រឿង, នៅស្នងការដ្ឋាននគរបាល ខេត្ត/រាជធានី ៤៣គ្រឿង និងនៅនាយកដ្ឋានសណ្តាប់ធ្នាប់ ២៩គ្រឿង ៕