កំពង់ចាមៈ រូបព្រះពុទ្ធរូបទ្រង់ផ្ចាញ់មារមួយអង្គ ដ៏ធំកម្ពស់ជាង៩ម៉ែត្រ ត្រូវបានលេចឡើងយ៉ាងស្កឹមស្កៃ ក្នុងវត្តសុវណ្ណគិរីបឹងដែង ហៅវត្តព្រះអង្គធំ ស្ថិតក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ ចាម សម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា នាសម័យតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដ៏មានតេជៈ នៅកម្ពុជា។
ឆ្លៀតក្នុងឱកាសចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងត្រង់នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១២នេះ សម្តេចតេជោ ហ៊ុន សែន អមដោយមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប បាន អញ្ជើញចុះទៅពិនិត្យការដ្ឋានសាងសង់រូបព្រះពុទ្ធទ្រង់ផ្ចាញ់មា និងសមិទ្ធផលនានាជាច្រើនទៀត នៅក្នុង វត្តព្រះអង្គធំ។
រូបព្រះពុទ្ធរូបទ្រង់ផ្ចាញ់មារ ព្រះនាមពុទ្ធលោកនាថ ដ៏ស្កឹមស្កៃ នាសម័យតេជោនេះ ដែលមានទទឹងភ្នែន ប្រវែង ៦.១០ ម៉ែត្រ និងកម្ពស់ ៩.៩០ ម៉ែត្រ គិតទាំងបល្ល័ង្គផងនោះ ត្រូវបានកសាងអំពីថ្មភក់ ខេត្តព្រះ វិហារ ដោយយកតាមរចនាបទដើមទាំងស្រុងពីព្រះពុទ្ធរូប នៅប្រាសាទបាយ័ន ដែលមានព្រះនាមថា ព្រះ អង្គទេពប្រណម គ្រាន់តែព្រះអង្គថ្មីមានទទឹងព្រះភ្នែនធំជាងតែប៉ុណ្ណោះ។
លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាទីប្រឹក្សាផ្ទាល់សមេ្តចតេជោ ហ៊ុន សែន និងជាសមាជិកគណៈកម្មការសាងសង់ព្រះពុទ្ធរូបអង្គនេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារ ព័ត៌មាន ថា ព្រះពុទ្ធរូបទ្រង់ផ្ចាញ់មារ ព្រះនាមពុទ្ធលោកនាថនេះ ត្រូវបានចាប់ផ្តើមការសាងសង់ឡើង ចាប់តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១១មកម្ល៉េះ ដែលសំណង់ព្រះពុទ្ធ ក៏ដូចជាសមិទ្ធផលនានា នៅក្នុង បរិវេណវត្តព្រះមហាសថសុវណ្ណាគីរីបឹងដែង ហៅ វត្តព្រះអង្គធំ នេះ ត្រូវបានផ្តូចផ្តើមគំនិតកសាងដោយ សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ ដើម្បីទុកជាទីតាំងប្រវត្តិសាស្រ្ត សម្រាប់ឲ្យមនុស្សជំនាន់ ក្រោយគោរពបូជា។
លោកបានមានប្រសាសន៍បន្តថា ព្រះពុទ្ធរូបទ្រង់ផ្ចាញ់មារ ព្រះនាមពុទ្ធលោកនាថនេះ ត្រូវបានក្រសួងវប្ប ធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថា ជាសំណង់វប្បធម៌ប្រវត្តិសាស្រ្ត ដែលបច្ចុប្បន្ននេះ កសាងបានចំនួន៩០ ភាគរយហើយ ចំណែកឯសមិទ្ធផលនានា ផ្សេងៗទៀត កសាងបានចំនួន៦៥ភាគរយ។
គួរបញ្ជាក់ផងដែរថា រូបសំណាក់ព្រះពុទ្ធរូបព្រះអង្គទ្រង់ផ្ចាញ់មារ ព្រះនាមពុទ្ធលោកនាថ ព្រមទាំងសមិទ្ធ ផលទាំងឡាយ ដែលបានកសាងឡើងក្នុងបរិវេណវត្ត ព្រះមហាសថសុវណ្ណាគីរីបឹងដែង ហៅ វត្តព្រះអង្គធំ ស្ថិតនៅភូមិបឹងដែង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នេះ ត្រូវបានចំណាយថវិកាសាងសង់អស់ជាង ៨០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលថវិកាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ និងសប្បុរស ជនមួយចំនួនទៀត៕