ទ្រីប៉ូលី៖ ការពុលស្រាយ៉ាងគំហុក នៅប្រទេសលីប៊ី បានសម្លាប់មនុស្សជាបន្តបន្ទាប់ ដោយពេលនេះ បានកើនឡើងដល់ ៦៨នាក់ហើយ ស្របពេលដែលជនរងគ្រោះ រាប់រយនាក់ផ្សេងទៀត កំពុងតែទទួលការព្យាបាល ដោយសារតែ ស្រាពុលបានវាយប្រហារ ផ្នែកក្រលៀន និង ភ្នែក។ នេះបើតាមការបញ្ជាក់ ពីមន្ត្រីសុខាភិបាល លីប៊ី។
ការពុលស្រា បានកើតឡើងតាំងពីថ្ងៃសុក្រ សប្តាហ៍មុនមកម្ល៉េះ ដោយមនុស្សប្រមាណ ៨៧២ នាក់ដែលមានអាយុ ចាប់ពី ១៩ ដល់ ៥០ឆ្នាំ បានពុលស្រា ដែលលាយជាមួយស្រា ប្រភេទផ្សេងៗទៀត។ នេះបើតាមការលើករបស់ មន្ត្រីទទួលបន្ទុកបញ្ហាពុលស្រា លោក អ៊ូសាម៉ា អាប់ឌុលចាលីល ប្រាប់ទីភ្នាក់ងារព័ត៌មានស៊ិនហួ កាលពីថ្ងៃពុធ។
គួរបញ្ជាក់តាមការលើកឡើង របស់រដ្ឋមន្ត្រីសុខាភិបាលលីប៊ី លោក នូរ អ៊ែដឌីន ឌូកមេន ថា លោកបានលុបចោល ដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអេហ្ស៊ីប ហើយបានរៀបចំគណកម្មា ធិការភ្លាមៗ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ។ ទោះបីជាយ៉ាងណានេះក៏ដោយ ក្រុមមកពី ក្រសួងសុខាភិបាលទុយនេស៊ី បានបញ្ជូនមកដល់ទីក្រុងទ្រីប៉ូលី ហើយកាលពីថ្ងៃពុធ ដើម្បីរួមសហការជាមួយផ្នែក សុខាភិបាលរបស់ប្រទេសលីប៊ី ស្រាវជ្រាវមូលហេតុពុលស្រានេះ៕