កណ្ដាល ៖ រថយន្ដតួរីស ប្រភេទហ៊ីយ៉ាន់ ដាយមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ ស្លាកលេខភ្នំពេញ ២ឌ-៩៥១១ បានបុកចូល ផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង៤និង ៥០នាទីទាបភ្លឺថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៨ ក្នុងភូមិ វិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ប៉ុន្ដែមិនបណ្ដាលឱ្យនរណា ម្នាក់រងគ្រោះថ្នាក់នោះឡើយ ខណៈដែល ក្មេង៣នាក់ កំពុងដេកនៅលើគ្រែ ។
យោងតាមសាក្សី ដែលធ្វើដំណើរឆ្លងកាត់ កន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះ បណ្ដាលមកពីអ្នកបើករថយន្ដងងុយដេកមួយភាំង ស្រាប់តែរេចង្កូត ទៅបុកស្លាកប៉ាណូ រួចហើយបុករបងផ្ទះប្រជាពលរដ្ឋ ប៉ុន្ដែរថយន្ដមិនទាន់អស់ល្បឿន ក៏បុកចូលផ្ទះ ប្រជាពលរដ្ឋ ខណៈដែលក្មេងតូចៗ៣នាក់ កំពុងដេកលង់លក់នៅលើគ្រែ ប៉ុន្ដែមិនបណ្ដាលឱ្យរងគ្រោះថ្នាក់នោះឡើយ ពោល បាក់តែគ្រែប៉ុណ្ណោះ ។
សាក្សីបានបន្ដថា មុនពេលកើតហេតុ រថយន្ដតួរីស ដែលដឹកផ្លែឈើដូចជាខ្នុរជា ដើម ចេញពីក្រុងបាវិត ខេត្ដស្វាយរៀង តាមបណ្ដោយផ្លូវជាតិលេខ៨ លុះមកដល់ចំណុចកើតហេតុ អ្នកបើករថយន្ដ ទំនងងងុយដេកមួយភាំង បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យរងការខូចខាតទ្រព្យសម្បត្ដិអស់មួយចំនួនធំ ប៉ុន្ដែមិនបណ្ដាលឱ្យនរណាម្នាក់ រងរបួសឬស្លាប់នោះឡើយ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូល ដ្ឋានបានចុះទៅជួយអន្ដរាគមន៍នៅកន្លែង កើតហេតុ ហើយបាននិយាយថា អ្នកបើក រថយន្ដមានឈ្មោះគឹម លី អាយុ២៨ឆ្នាំ រស់នៅភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោយគ្រោះ ថ្នាក់ចរាចរ រថយន្ដត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន ហើយឱ្យម្ចាស់រថយន្ដចេញសងនូវថ្លៃខូចខាត ដែលបង្កគ្រោះថ្នាក់ចរាចរនេះ។