ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំ និងបញ្ជារបស់លោក ប៊ន សំអាត អធិការនគរបាលខណ្ឌ តាមបង្រ្កាបមុខសញ្ញាបានម្នាក់ ដែលគំរាមសម្លាប់ និងជំរិតទារប្រាក់តាមទូរស័ព្ទ ពីថៅកែកាត់កញ្ចក់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ ស្ថិតនៅក្នុងហាងកាហ្វេ ភូមិតាងួន សង្កាត់កា កាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថៃ ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅស្រុកបាលុង ខេត្តរតនគីរី មានស្រុកកំណើតនៅភូមិថ្មី សង្កាត់-ក្រុង កែប ខេត្តកំពត។ បន្ទាប់ពីឃាត់ខ្លួន កម្លាំងនគរបាលដកហូតបានវត្ថុតាងជាក់ស្តែងប្រាក់ចំនួន ៥០០ ដុល្លារ និងទូរស័ព្ទដៃពីគ្រឿង។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឆែម ឆំ ភេទប្រុស អាយុ ៣៨ឆ្នាំ មាន មុខរបរជាជាងកាត់កញ្ចក់នៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
លោក ប៊ន សំអាត បានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះហើយនោះ លោកបានដឹក នាំ និងបញ្ជាកម្លាំងនគរបាលដោយផ្ទាល់ ដោយដាក់បង្កប់នៅតាមទីតាំង ដែលជនសង្ស័យបានណាត់ជន រងគ្រោះ និងឲ្យពួនស្ទាក់គ្រប់គោលដៅទាំងអស់នៅក្នុងមូលដ្ឋានរហូតឃាត់ខ្លួនជនសង្ស័យ និងមានទាំង វត្ថុតាងនៅជាប់និងខ្លួន គឺលុយចំនួន៥០០ដុល្លារ ដែលជនរងគ្រោះទើបតែប្រគល់ឲ្យនោះ ម្យ៉ាងវិញទៀត មុខសញ្ញានេះ ប្រសិនបើនគរបាលបង្ក្រាបមិនបានទេនោះ គឺអាចធ្វើជនរងគ្រោះ មានការភ័យខ្លាចគ្រប់ ពេលវេលា ដោយសារតែជនសង្ស័យគំរាមសម្លាប់ ។
លោកបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បាននាំក្រុមគ្រួសារ ទៅដាក់បិណ្ឌនៅឯស្រុកកំណើត របស់ប្រពន្ធឯខេត្តកំពង់ចាម កំពុងតែរាប់បាត្រស្រាប់ជនសង្ស័យទូរស័ព្ទចូលទៅដោយគំរាមទាប្រាក់ចំនួន ៥០០ដុល្លារ ប្រសិនមិនឲ្យគេទេ គេនឹងសម្លាប់ចោល។
លោក ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងដែរថា បន្ទាប់ពីលោកទទួលពាក្យ បណ្តឹងថា មានអំពើជម្រិតទារប្រាក់តាមទូរស័ព្ទនោះ លោកក៏បានដឹកនាំកម្លាំងដោយដាក់បង្កប់នៅចំណុច ដែលជនសង្ស័យបានណាត់ជនរងគ្រោះមកជួបយកលុយ រហូតឃាត់មុខសញ្ញាបានជាក់ស្តែង ដោយមាន ទាំងវត្ថុតាងនៅជាប់នឹងខ្លួនទៀតផង ហើយលោកថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានសហការ ជាមួយនគរបាលបានយ៉ាងល្អ ហើយលោកសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់ សូម ឲ្យបន្តសហការជាមួយនគរបាល ដើម្បីកាត់បន្ថយភាពអសន្តិសុខនៅក្នុងមូលដ្ឋានឲ្យបាន១០០ភាគរយ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបាននាំទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍ សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាកាចាត់ការទៅតាមផ្លូវច្បាប់៕