ម៉ានីលៈ ចំនួនជនរងគ្រោះដោយសារការ ពុលអាហារក្នុងពេលថ្មីៗនេះ នៅខេត្តភាគខាងត្បូងប្រទេសហ្វី លីពីន បានកើតឡើងរហូតដល់១៣១នាក់។ នេះបើយោងតាមប្រភពព័ត៌មានពី ក្រុមប្រឹក្សាគ្រប់គ្រង និង កាត់បន្ថយគ្រោះមហន្តរាយជាតិ របស់ប្រទេសហ្វីលីពីន ហៅកាត់ថា NDRRMC បានឲ្យដឹងកាលពីថ្ងៃ សៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ។
យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១២ បានឲ្យដឹងថា ហេតុការណ៍ពុលអាហារ បានកើតមានឡើង ក្នុងក្រុង Makilala នៃខេត្ត Cotabato ខាងជើង ចាប់តាំងពីថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៣១នាក់ ត្រូវព្យាបាល នៅមន្ទីរពេទ្យ។
NDRRMC កាលពីថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១២កន្លងទៅនេះ បានរាយការណ៍ឲ្យដឹងថា មាន មនុស្សត្រឹម៩៤នាក់ប៉ុណ្ណោះ ដែលបានរងគ្រោះ ចូលព្យាបាលនៅមន្ទីរពេទ្យដោយសារអាការៈចុកពោះ និងក្អួតចង្អោរ បន្ទាប់ពីបរិភោគអាហារពេលព្រឹកក្នុងកម្មវិធី Fun Run ដែលត្រូវបានធ្វើឡើងដើម្បីអបអរ សាទរកម្មវិធីប្រចាំឆ្នាំ ក្នុងខេត្ត Makilala។
ប៉ុន្តែក្រោយមកជនរងគ្រោះបានកើនឡើងរហូតដល់១៣១នាក់ ដោយសារមានជនរងគ្រោះ ៣៧នាក់ ផ្សេងទៀតត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ។ NDRRMC បានបន្ថែមថា ក្រុមការងារ នឹងធ្វើការស៊ើប អង្កេតពាក់ព័ន្ធនឹងមូលហេតុនៃបញ្ហានេះ៕